ជាតិ
សុខភាព
​កម្ពុជា ទទួលបានវ៉ាក់សាំងកូវីដ-១៩ ជាង៣០ម៉ឺនដូសទៀតពីជប៉ុន
20, Dec 2021 , 10:55 am        
រូបភាព
វ៉ាក់សាំងកូវីដ-១៩ ជាង៣០ម៉ឺនដូស ដែលជាជំនួយរបស់ជប៉ុនបានមកដល់កម្ពូជា កាលពីយប់ថ្ងៃទី១៩ធ្នូ ឆ្ណាំ២០២១។ រូបថត៖ ទូតជប៉ុន
វ៉ាក់សាំងកូវីដ-១៩ ជាង៣០ម៉ឺនដូស ដែលជាជំនួយរបស់ជប៉ុនបានមកដល់កម្ពូជា កាលពីយប់ថ្ងៃទី១៩ធ្នូ ឆ្ណាំ២០២១។ រូបថត៖ ទូតជប៉ុន
ភ្នំពេញ៖ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់(COVAX Facility) កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទ AstraZeneca ជាង៣០ម៉ឺនដូសទៀត ពីរដ្ឋាភិបាលជប៉ុន នាថ្ងៃទី១៩ធ្នូ។ បើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា ការសម្រេចផ្តល់វ៉ាក់សាំងទាំងនេះឱ្យកម្ពុជា គឺដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្នរបស់ពិភពលោកដែលបានលេចចេញនូវវីរុសកូវីដ-១៩បម្លែងថ្មីប្រភេទ«អូមីក្រុង»។

 
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៣០០ ៨០០ដូស ដែលជាជំនួយរបស់ជប៉ុន បានដឹកមកដល់កម្ពុជា នៅថ្ងៃទី១៩ធ្នូ ឆ្នាំ២០២១។ ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានបញ្ជាក់ថា កម្ពុជាទទួលជំនួនវ៉ាក់សាំងនេះ​ គឺបានស្ថិតនៅក្រោមចំណងមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា ដែលស្របទៅនឹងស្ថានភាពបច្ចុប្បន្នរបស់ពិភពលោកដែលបានលេចចេញនូវវីរុសកូវីដ-១៩បម្លែងថ្មី«អូមីក្រុង»។
 
វ៉ាក់សាំងជាង៣០ម៉ឺនដូសគឺជាជំនួយលើកទី៣ហើយ ដែលកម្ពុជាទទួលបានពីជប៉ុនដោយមានសរុប ១​ ៣០០ ៨០០ដូស ក្រោមកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលCOVAX និងគាំទ្រដោយយូនីសេហ្វ(UNICEF) និងអង្គការសុខភាពពិភពលោក(WHO)។


  លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល(ស្តាំ) និងលោក មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ជាមួយសហការី។
 
ក្រៅពីជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ហើយនោះ រដ្ឋាភិបាលជប៉ុនក៏បានផ្ដល់កម្ចីប្រមាណ២២៧លានដុល្លារដល់កម្ពុជា សម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។ ស្ថានទូតជប៉ុនបានអះអាងដូច្នេះ៖«ប្រទេសជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការផ្តល់នូវឧបករណ៍ បរិក្ខារចាំបាច់។ យើងសង្ឃឹមថា ការផ្គត់ផ្គង់ទាំងនេះ នឹងអាចជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ក៏ដូចជាអាចបន្ធូរបន្ថយក្តីកង្វល់មួយចំនួនរបស់ប្រជាជនកម្ពុជា»។
 
គិតត្រឹមថ្ងៃទី១៩ធ្នូ កម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យបានពលរដ្ឋបានជាង១៤,២២លាននាក់។ ក្នុងនោះ មនុស្សចាប់ពីអាយុ១៨ឆ្នាំឡើងមានជាង១០,១៣លាននាក់ មនុស្សអាយុពី១២-១៧ឆ្នាំ មានជាង១,៨លាននាក់ កុមារអាយុពី៦-១២ឆ្នាំ មានជិត២លាននាក់ និងកុមារអាយុ៥ឆ្នាំដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានជាង២៩ម៉ឺននាក់៕ 

Tag:
 វ៉់ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com