កីឡាអន្តរជាតិ
អន្តរជាតិ
បន្ថែមពីលើរុស្ស៊ី និងអ៊ីស្រាអែល, Abramovich ម្ចាស់ក្លិប Chelsea បានសញ្ជាតិព័រទុយហ្កាល់មួយទៀត
20, Dec 2021 , 2:08 pm        
រូបភាព
មហាសេដ្ឋី Roman Abramovich ម្ចាស់ក្លិប Chelsea ទទួលបានសញ្ជាតិព័រទុយហ្កាល់មួយទៀត លើសញ្ជាតិដែលមានស្រាប់ រុស្ស៊ី និងអ៊ីស្រាអែលដែលទទួលបាននៅឆ្នាំ២០១៨។



អ្នកនាំពាក្យរបស់ Abramovich បានបញ្ជាក់ប្រាប់កាសែតព័រទុយហ្គាល់ Publico នៅថ្ងៃទី១៨ ខែធ្នូ ថាមហាសេដ្ឋីដើមកំណើតរុស្ស៊ីរូបនេះបានទទួលសញ្ជាតិព័រទុយហ្កាល់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ពោលគឺ៣ឆ្នាំបន្ទាប់ពីទទួលបានសញ្ជាតិអ៊ីស្រាអែល។ 
 
ការផ្តល់សញ្ជាតិឱ្យអ្នកជំនួញប្រេងវ័យ៥៥ឆ្នាំរូបនេះ ផ្អែកលើច្បាប់ប្រទេសព័រទុយហ្កាល់ ដែលផ្តល់ការចូលសញ្ជាតិដល់កូនចៅជនជាតិជ្វីហ្វ Sephardic និងជ្វីហ្វអ៊ីស្រាអែល ដែលត្រូវបានបណ្តេញចេញពីឧបទ្វីប Iberian។ ឧបទ្វីប Iberian ជាតំបន់ភ្នំស្ថិតក្នុងចន្លោះប្រទេសអេស្ប៉ាញ និងព័រទុយហ្កាល់។
 
ជនជាតិជ្វីហ្វអ៊ីស្រាអែលរាប់ពាន់នាក់ត្រូវបានផ្តល់សញ្ជាតិព័រទុយហ្កាល់ចាប់តាំងពីច្បាប់នេះត្រូវបានអនុម័តក្នុងឆ្នាំ ២០១៥។ ចំនួននៃពាក្យសុំសញ្ជាតិស្រដៀងគ្នានេះ បានកើនឡើងនៅក្នុងប្រទេសព័រទុយហ្កាល់ចាប់តាំងពីអេស្ប៉ាញបញ្ចប់ការផ្តល់សញ្ជាតិដល់ជនជាតិជ្វីហ្វ Sephardic នៅឆ្នាំ ២០១៩។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters​ ម្ចាស់ក្លិបតោខៀវដែលគេជឿជាក់ថាមានជាប់សាច់ឈាមជ្វីហ្វរុស្ស៊ីដែលនោះ បានបរិច្ចាកប្រាក់ដល់គម្រោងគោរពកេរដំណែលរបស់ជនជាតិជ្វីហ្វ Sephardic ព័រទុយហ្កាល់ដែលរស់នៅក្នុងក្រុង Hamburg ប្រទេសអាល្លឺម៉ង់។
 
Abramovich ដែលជាអ្នកជំនួញ និងនយោបាយ បានក្លាយជាម្ចាស់ក្លិប Chelsea ដោយកាន់ភាគហ៊ុនធំនៅខែមិថុនា ឆ្នាំ២០០៣។ យោងតាមទស្សនាវដ្តី Forbes បុរស់មានសញ្ជាតិបី រុស្ស៊ី អ៊ីស្រាអែល និងព័រទុយហ្កាល់មានទ្រព្យ ១៤,៣ពាន់លានដុល្លារអាម៉េរិក៕

Tag:
 Roman Abramovich
© រក្សាសិទ្ធិដោយ thmeythmey.com