ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម នឹងបានថវិកាពីADB ចំនួន១០០លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យជលផលតំបន់សមុទ្រ
20, Dec 2021 , 8:59 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  នឹងទទួលបានថវិកាចំនួន១០០លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) សម្រាប់អនុវត្តគម្រោង «ជលផលតំបន់ឆ្នេរនិងសមុទ្រ ប្រកបដោយនិរន្តរភាព»។ បើតាមលោក Anthony Gill នាយកស្តីទីនៃបេសកកម្មADBប្រចាំកម្ពុជា គម្រោងនេះ នឹងអនុម័តនៅក្នុងឆ្នាំ២០២២។

 
ក្រសួងកសិកម្ម នឹងអនុវត្តគម្រោង ជលផលតំបន់ឆ្នេរ និងសមុទ្រប្រកប ដោយនិរន្តរភាព (Sustainable Coastal and Marine Fisheries Project) ក្នុងទំហំថវិកា១០០លានដុល្លារអាម៉េរិករបស់ADB ដែលនឹងអនុម័តនៅឆ្នាំ២០២២។ គម្រោងថ្មីនេះ ​ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ជាមួយ លោក Anthony Gill នាយកស្តីទីនៃបេសកកម្មADBប្រចាំកម្ពុជា កាលពីថ្ងៃទី១៦ធ្នូ ឆ្នាំ២០២១។ 


លោក Anthony Gill នាយកស្តីទីនៃបេសកកម្មADB ប្រចាំកម្ពុជា។ រូបថត៖ ហ្វេសប៊ុក លោក វេង សាខុន
 
លោក Anthony Gill ថ្លែងប្រាប់លោក វេង សាខុន  ថា ក្នុងចំណោមថវិកា១០០លានដុលា្លរ សម្រាប់អនុវត្តគម្រោង«ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព»នេះ គឺមាន៥០លានដុល្លារ​ ជាកម្ចីរបស់ធនាគារ(ADB Loans), ១០លានដុល្លារ បានពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (ASEAN Infrastructure Fund), ៣០លានដុល្លារ បានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) និង១០លានដុល្លារទៀត បានពី ADB Grand Funds។
 
លោក Anthony Gill បានបន្តរៀបរាប់ថា​ គម្រោងនេះនឹងជួយស្ទួយវិស័យជនផលរបស់កម្ពុជាក្នុងការបន្ស៊ាំនិងកាត់បន្ថយដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ និងសមុទ្រ, ជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធក្រោយការប្រមូលផលនេសាទដែលធន់នឹងអាកាសធាតុ។ លើសពីនេះ ក៏ជួយជំរុញការវិនិយោគលើតម្លៃជលផលប្រកបដោយសុវត្ថិភាព និរន្តរភាពនិងខ្សែច្រវាក់តម្លៃរួមទាំងផ្តល់ហិរញ្ញប្បទានសម្រាប់ការគ្រប់គ្រងការនេសាទសមុទ្រ ផងដែរ។ 


 
 
បើតាម លោក វេង សាខុន គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់នៅក្នុងអនុវិស័យវារីវប្បកម្ម ដោយធានាបាននូវនិរន្តរភាពបរិស្ថាន សន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាសមស្រប ធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍។ 
 
ជាមួយគ្នានេះ លោក ខូវ គួង ដែលជាអនុប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម បានប្រាប់សារព័ត៌មានThmeyThmeyតាមទូរសព្ទ នាថ្ងៃទី២០ធ្នូ ថា គម្រោង«ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព» ដែលស្ថិតក្រោមជំនួយនិងកម្ចីចំនួន១០០លានដុល្លារពីADBនេះ គឺមានរយៈពេល៥ឆ្នាំ ដែលចាប់អនុវត្តពីឆ្នាំ២០២៣ តទៅ។ លោកបានបន្តថា តាមរយៈគម្រោងនេះ នឹងជួយដល់គ្រប់គ្រងធនធានជលផលនៅតំបន់ឆ្នេរឱ្យមានប្រសិទ្ធភាព,​ ជួយពង្រឹងសមត្ថភាពរបស់សហគមន៍នេសាទ, ជួយពង្រឹងការគ្រប់គ្រងការនេសាទខុសច្បាប់​, ជួយស្តារនិងការពារទីជម្រកជលផល ដូចជា៖ ព្រៃកោងកាងនិងស្មៅសមុទ្រ ជាដើម។


លោក ខូវ គួង អនុប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម
 
គម្រោងនេះក៏នឹងចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់ខ្សែច្រវ៉ាក់ផលិតកម្មជលផល ផងដែរ។ លោក ខូវ គួង បាននិយាយដូច្នេះ៖ «យើងនឹងបង្កើនក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់វិស័យឯកជនក្រោយការប្រមូលផលនេសាទ។ ដូចជា​ កន្លែងផែនេសាទ កន្លែងខ្សែច្រវ៉ាក់ត្រជាក់ឬកន្លែងកែច្នៃ...របស់សហគ្រាសខ្នាតតូចនិងមធ្យម»។ អនុប្រធានរដ្ឋបាលជលផលរូបនេះ​ បានបញ្ជាក់ថា៖ «ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ គឺ ដើម្បីពង្រឹងលើផលិតកម្មរបស់វិស័យឯកជនក្នុងការអនុវត្តអនាម័យ​, ការឆ្លើយតបតាមស្តង់ដារគុណភាពនិងសុវត្ថិភាពនៃផលិតផលជលផល​ ដើម្បីទទួលបានទីផ្សារល្អប្រសើរ និងអាចប្រកួតប្រជែងទីផ្សារនាំចេញបាន»។ 
 
របាយការណ៍ដែលសារព័ត៌មានថ្មីៗទទួលបានរដ្ឋបាលផល បានបង្ហាញថា ផលនៃផលិតផលជលផលសមុទ្រឆ្នាំ២០២១ កម្ពុជាទទួលបានចំនួន១២,៥ម៉ឺនតោន។ ចំនួននេះ គឺបានកើន១,៨៧ភាគរយបើធៀបនឹងឆ្នាំ២០២០។ បើតាម លោក ខូវ គួង ជាមធ្យមកម្ពុជាទទួលបានផលនៃផលិតផលជលផលសមុទ្រ ចន្លោះពី១២ទៅ១៥ម៉ឺនតោន ក្នុងមួយឆ្នាំៗ៕ 

Tag:
 កសិកម្ម
  ជលផល
  សមុទ្រ
  លោក ខូវ គួង
© រក្សាសិទ្ធិដោយ thmeythmey.com