កីឡាអន្តរជាតិ
អន្តរជាតិ
Tuchel រិះគន់ Premier League ចំពោះការមិនព្រមឱ្យផ្អាកប្រកួតទល់ក្រុម Wolves និង Chelsea
20, Dec 2021 , 4:18 pm        
រូបភាព
លោក Thomas Tuchel  បានបង្ហាញភាពមិនសប្បាយចិត្តយ៉ាងខ្លាំង ហើយលោកបានរិះគន់ចំៗទៅកាន់ Premier League ដែលមិនអនុញ្ញាតឱ្យផ្អាកការប្រកួត ស្របពេលកីឡាករកំពុងតែបន្តឆ្លងជំងឺកូវីដ-១៩។



តោខៀវ Chelsea បន្តខកខានទទួលបាន៣ពិន្ទុជាថ្មីម្តងទៀត ក្រោយលេងស្មើ០-០ ជាមួយក្រុម Wolverhampton Wanderers នាថ្ងៃទី១៩ខែធ្នូ។ ក្រុមតោខៀវ Chelsea បានស្នើសុំ Premier League ចំពោះការពន្យាពេលការប្រកួត បន្ទាប់ពីក្លិបមានកីឡាកររហូតដល់ទៅ៧នាក់ វិជ្ជមានកូវីដ-១៩ ក្នុងនោះក៏មានកីឡាករសំខាន់ៗដូចជា Romelu Lukaku, Timo Werner និង Callum Hudson-Odoi។
 
«រឿងធំបំផុតពេលនេះ យើងកំពុងយកចិត្តទុកដាក់លើសុខភាពកីឡាករសំខាន់ជាង ជាពិសេសនោះគឺជំងឺកូវីដ-១៩ ហើយខ្ញុំមិនអាចប្រៀបធៀបបានឡើយ នេះជាការសម្រេចចិត្តរបស់យើង។ ខ្ញុំមិនមានភាពភ្ញាក់ផ្អើលទៀតឡើយប្រសិនបើយើងរកឃើញថាមានវិជ្ជមានបន្តទៀត តើយើងគួរផ្អាកការឆ្លងបែបម៉េចប្រសិនបើពួកយើងនៅអង្គុយ ក្នុងរថយន្តក្រុងនិងហូបអាហារជាមួយគ្នារហូតអ៊ីចឹង។»Tuchel និយាយក្រោយចប់ការប្រកួត។
 
មិនមានការអនុញ្ញាតពី Premier League បែបនេះក្តី លោក Tuchel បង្ហាញអារម្មណ៍មិនសប្បាយចិត្តនិងអះអាងថារឿងឆ្លងកូវីដ-១៩ នេះមិនសុវត្ថិភាពឡើយ ព្រោះក្លិបចង់ការពារកីឡាករព្រមទាំងបរិស្ថានជុំវិញឱ្យមានសុវត្ថិភាព។


 
«ការត្រៀមខ្លួនរបស់យើងមិនបានល្អឡើយ ព្រោះកីឡាករយើងមួយចំនួនមានឆ្លងកូវីដ-១៩ ហើយពួកយើងក៏បានធ្វើដំណើរជាមួយគ្នាជិត៣ម៉ោង ពួកយើងបានហូបអាហាជាមួយគ្នាបន្ទាប់មក Jorginho រកឃើញកូវីដ-១៩។ ខ្ញុំមិនបានខ្វល់ពីការប្រកួតបន្ទាប់ទៀតឡើយ ប៉ុន្តែខ្ញុំបារម្ភអំពីការរកឃើញកូវីដ-១៩ បន្តទៀតនឹងសុខភាពកីឡាកររបស់យើង។»លោក Tuchel បានបន្ថែម។
 
ការប្រកួត Premier League នាថ្ងៃទី១៨ និងឈានចូលថ្ងៃទី១៩ ខែធ្នូ ត្រូវបានផ្អាកទាំងអស់ ដោយសារតែការផ្ទុះជំងឺកូវីដ-១៩ លើកលែងតែការប្រកួត Leeds United ទល់ Arsenal ប៉ុណ្ណោះដែលមិនបានផ្អាក៕

Tag:
 Thomas Tuchel
  Chelsea
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com