ជាតិ
សេដ្ឋកិច្ច
កម្ពុជា​បាន​ជំនួយពី​ជប៉ុនជាង២៨ម៉ឺនដុល្លារ សម្រាប់សង់អគារសិក្សា និងស្តារប្រព័ន្ធធារាសាស្រ្តនៅ៣ខេត្ត
21, Dec 2021 , 7:59 am        
រូបភាព
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា(ទី៤រាប់ពីស្តាំមក)
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា(ទី៤រាប់ពីស្តាំមក)
ភ្នំពេញ៖ រដ្ឋាភិបាល​​ជប៉ុនសម្រេចផ្តល់ជំនួយឥតសំណងជាង២៨ម៉ឺនដុល្លារ ដល់មន្ទីរអប់រំខេត្តស្ទឹងត្រែង រតនគីរី និងមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ ដើម្បីសាងសង់អគារសិក្សា និងស្តារប្រព័ន្ធធារាសាស្ត្រ។ បើតាមសេចក្តីប្រកាសព័ត៌មានស្ថានទូតជប៉ុនប្រចាំកម្ពុជា ថវិកាទាំងនេះ គឺស្ថិតនៅក្រោម​ជំនួយឥតសំណងសម្រាប់​​គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។

 
 
ជប៉ុនសន្យា​​​​ផ្តល់ជំនួយចំនួន ២៨០ ៣៧៨ ដុល្លារអាម៉េរិក ដើម្បីសង់អគារសិក្សានិងស្តារប្រព័ន្ធធារាសាស្រ្តក្នុងខេត្តចំនួន៣នៅកម្ពុជា។ កិច្ចសន្យានេះ ត្រូវបានចុះហត្ថលេខាដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រ​ទេស​ជប៉ុន​ប្រចាំកម្ពុជា និង​អ្នកតំណាងអង្គភាពទទួលជំនួយទំាងបី ដើម្បីអនុវត្តគម្រោងនេះ នាថ្ងៃទី២០ធ្នូ ឆ្នាំ២០២១។ 


 
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា គម្រោងចំនួន៣ ដែលត្រូវអនុវត្តក្នុងទំហំថវិកាជាង២៨ម៉ឺនដុល្លារនោះ មានគម្រោងសាងសង់អគារសិក្សានៅអនុវិទ្យាល័យអូរយ៉ាដាវ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្នុងទំហំទឹកប្រាក់ ៩៨ ៣១៧ ដុល្លារ។  ក្នុង​គម្រោង​នេះ នឹងសង់អគារ​សិក្សាមួយខ្នង ដែលមាន៦​បន្ទប់ បំពាក់​ដោយ​គ្រឿង​សង្ហា​រឹមក្នុង​ថ្នាក់រៀន  មានបង្គន់អនាម័យចំនួន​៤​បន្ទប់ និង​ស៊ីទែនទឹកមួយផងដែរ។  គម្រោងនេះ ជប៉ុនរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន៤៥៥នាក់ និងគ្រូបង្រៀន១៥នាក់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសសិក្សានិងគុណភាពនៃការអប់រំ។
 
សម្រាប់ថវិកាចំនួន៩១,៥៦៦ដុល្លារទៀត ជប៉ុននឹងផ្តល់ឱ្យមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង ដើម្បីសង់អគារសិក្សានៅសាលាបឋមសិក្សាអូរឬស្សីលើ១ និងអូរឬស្សីលើ២ នៅក្នុងស្រុកសៀមបូក។​ ស្ថានទូតជប៉ុនបានរៀបរាប់ថា សាលារៀននីមួយៗនឹង​សង់អគារសិក្សាមួយខ្នង ដែលមាន៣បន្ទប់បំពាក់ដោយគ្រឿងសង្ហារឹមក្នុងថ្នាក់រៀន និងស៊ីទែនទឹកមួយ។ គម្រោងនេះនឹងធានាបាននូវបរិយាកាសសិក្សាប្រកប ដោយសុវត្ថិភាព និងផាសុកភាពជាងមុន ដោយផ្តល់អត្ថប្រយោជន៍ដល់សិស្សជាង២០០នាក់ និងគ្រូបង្រៀន៨នាក់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការអប់រំ ខណៈបច្ចុប្បន្ន សិស្សដែលជាជនជាតិភាគតិចនៅសាលាទាំងពីរនេះ មានការលំបាកក្នុងការសិក្សាដោយសារអគារសិក្សាចាស់សង់ពីឈើមានសភាពទ្រុឌទ្រោម។ 


 
ដោយឡែកថវិកា៩០,៤៩៥ដុល្លារទៀត ជប៉ុននឹងផ្តល់ឱ្យ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ​សម្រាប់​ស្តារ​ឡើងវិញ​នូវ​ទំនប់​ទឹក​ចាស់មួយដែលមានស្រាប់ និង លូប្រអប់ចំនួន២កន្លែង​ នៅ​ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ។  គម្រោងនេះ ជប៉ុនរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ ជាង ៣ ៣០០នាក់ តាមរយៈការធានាឱ្យបាននូវការផ្គត់ផ្គង់ទឹកដែលមានស្ថេរភាពសម្រាប់ការរស់នៅ និងសកម្មភាពកសិកម្មនានា។ ជប៉ុនបានបន្ថែមថា គម្រោងនេះក៏នឹង​បង្កើន​បរិមាណ​ផលិតផលកសិកម្ម និង​ប្រាក់​ចំណូល​របស់​ប្រជាកសិករ ហើយ​ក៏នឹង​លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ​ ផងដែរ​។
 
បើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា ជំនួយឥតសំណងគូសាណូណិបានចាប់ផ្តើមនៅកម្ពុជា តាំងឆ្នាំ១៩៩១មកដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។​​ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា​ ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ 


 
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង៦៤លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន៦៥១គម្រោងនៅទូទាំងប្រទេសកម្ពុជា៕

Tag:
 អប់រំ
  ប្រព័ន្ធធារាសាស្ត្រ
  ស្ទឹងត្រែង
  រតនគីរី​
  កំពង់ស្ពឹ
© រក្សាសិទ្ធិដោយ thmeythmey.com