កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនី Peng Shuai បដិសេធថាមិនដែលសរសេរឬបង្ហោះពីករណីបំពានផ្លូវភេទឡើយ
21, Dec 2021 , 8:29 am        
រូបភាព
កីឡាការិនីវាយកូនបាល់ Peng Shuai នៅថ្ងៃទី១៩ ខែធ្នូ បានទាត់ចោលករណីរូបនាងបានសរសេរ ឬបង្ហោះព័ត៌មានអំពីការបំពានផ្លូវភេទលើរូបនាង។  រឿងដែលបានកើតឡើងមកជាងមួយខែនេះគឺជារឿងមានការយល់ច្រឡំប៉ុណ្ណោះ។



ករណីបំពានផ្លូវភេទដែលកើតឡើងលើកីឡាការិនីចិន Peng Shuai បង្កជារឿងកង្វល់មួយដ៏ធំក្នុងពិភពកីឡាវាយកូនបាល់ទាំងមូលក៏ដូចជាក្រុមសិទ្ធិមនុស្ស។ សារដែលធ្វើឱ្យមានរឿងរ៉ាវ គឺនៅពេលដែលមានសំណេរលើគណនី Weibo របស់ កីឡាការិនីរូបនេះដែលអះអាងថា អតីតឧបនាយករដ្ឋមន្រីចិន Zhang Gaoli បានចាប់បង្ខំនាង។ បន្ទាប់ពីមានការបង្ហោះចុងខែវិច្ឆិកាមក កីឡាការិនីវ័យ ៣៥ឆ្នាំរូបនេះបានបាត់មុខពីសាធារណៈជាង៣សប្តាហ៍ មុនលេចជាថ្មីកាលពីប៉ុន្មានមុន។
 
«ជាដំបូងខ្ញុំចង់មកសង្កត់ធ្ងន់ត្រង់ចំណុចមួយដែលសំខាន់ខ្លាំងណាស់ពេលនេះ គឺខ្ញុំមិនដែលបាននិយាយ ឬសរសេរថា មានគេបៀតបៀនផ្លូវភេទខ្ញុំឡើយ។ ខ្ញុំត្រូវតែចេញមកបកស្រាយបំភ្លឺរឿងត្រង់ចំណុចនេះ។» Peng Shuai និយាយក្នុងវីដេអូមួយដែលបានផ្សាយដោយកាសែត Lianhe Zaobao របស់សិង្ហបុរីនៅថ្ងៃទី១៩ ខែធ្នូ។
 
នេះជាការបញ្ជាក់ជាសាធារណលើកដំបូងរបស់ Peng Shuai ។ មិនតែប៉ុណ្ណោះ កីឡាការិនី Peng ក៏បានបញ្ជាក់ថែមទៀតថា អ្វីដែលនាងបានផុសនៅលើបណ្តាញសង្គមហើយបានលុបចោលវិញភ្លាមៗនោះ ជារឿងឯកជនភាព ហើយមនុស្សជាច្រើនបានយល់ច្រឡំរឿងនេះ។
 
សមាគមវាយកូនបាល់ស្រ្តី (WTA) ចាត់ទុកការចេញមុខអះអាងរបស់ Peng Shuai ជារឿងល្អ ហើយប្រកាសបន្តតាមសុខុមាលភាពរបស់កីឡាការិនីបន្តទៀត ព្រោះការវិវឌ្ឍចុងក្រោយនេះ មិនទាន់បន្ធូរភាពតានតឹងឡើយ។
 
«វាជារឿងល្អម្តងទៀតដែលបានឃើញ Peng Shuai ក្នុងកម្មវិធីទីសាធារណៈ ហើយយើងសង្ឃឹមថា នាងកំពុងស្ថិតក្នុងស្ថានភាពល្អប្រសើជានិច្ច។ ដូចយើងធ្លាប់បាននិយាយជារឿយៗ ការបង្ហាញខ្លួនរបស់នាងដូចនេះ គឺមិនបានបន្ថយក្តីបារម្ភរបស់ WTA ឡើយ ហើយ WTA ក៏បន្តរក្សាគោលជំហរទំនាក់ទំនងតាមដានពីសុខុមាលភាពរបស់ Peng Shuai ដោយមិនមានការបង្ខិតបង្ខំអ្វីពីមជ្ឈដ្ឋានណាមួយឡើយ។» WTA បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍បែបនេះ៕

Tag:
 Peng Shuai
  Tennis
© រក្សាសិទ្ធិដោយ thmeythmey.com