កីឡាអន្តរជាតិ
អន្តរជាតិ
Nadal តេស្តវិជ្ជមានកូវីដ-១៩ ក្រោយត្រឡប់ពីប្រកួតនៅទឹកដីអេមីរ៉ាតអារ៉ាប់រួម
21, Dec 2021 , 9:32 am        
រូបភាព
កំពូលកីឡាករវាយកូនបាល់ Rafael Nadal ធ្វើតេស្តចេញលទ្ធផលវិជ្ជមានកូវី-១៩ ក្រោយត្រឡប់ពីព្រឹត្តិការណ៍ Mubadala World Tennis Championship នៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម។



ក្រោយអវត្តមានលើទីលានដោយសាររបូសជើងរយៈពេលយូរមក Nadal ទើបបានត្រឡប់ទៅកាន់ការប្រកួតជាថ្មីនៅទឹកដីអារ៉ាប់ នៅចុងឆ្នាំ២០២១នេះ។ ម្ចាស់ជើងឯក Grand Slam 20 សម័យរូបនេះ ប្រកួតចាញ់ Andy Murray របស់អង់គ្លេសក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងជំនួប Mubadala World Tennis Championship កាលពីថ្ងៃទី១៧ ខែធ្នូ។
 
ក្រោយត្រឡប់ពីអេមីរ៉ាតអារ៉ាប់រួមទៅកាន់អេស្ប៉ាញវិញ Nadal ត្រូវបានរកឃើញថាឆ្លងកូវីដ-១៩។ កីឡាករវាយកូនបាល់វ័យ៣៥ឆ្នាំរូបនេះ បានប្រកាសលើបណ្តាញសង្គម Twitter របស់ខ្លួននៅថ្ងៃទី២០ ខែធ្នូថា៖ «នៅពេលត្រឡប់មកផ្ទះវិញបន្ទាប់ពីការប្រកួតនៅ Abu Dhabi ខ្ញុំបានធ្វើតេស្ត PCR នៅពេលខ្ញុំទៅដល់អេស្ប៉ាញ ហើយចេញលទ្ធផលវិជ្ជមានកូវីដ-១៩។ វាជាព័ត៌មានមិនល្អសម្រាប់ខ្ញុំ ប៉ុន្តែសង្ឃឹមថានឹងប្រសើរឡើងបន្តិចម្តងៗ»។
 
ឆ្លងកូវីដ-១៩ នឹងធ្វើឱ្យ Nadal ប្រឈមមិនអាចចូលរួមប្រកួតប្រជែងនៅពានរង្វាន់វាយកូនបាល់ជាបន្តបន្ទាប់នៅដើមឆ្នាំ២០២២។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះមានគម្រោងចូលរួមប្រកួត ATP ក្នុងទីក្រុង Melbourne មុនពេលព្រឹត្តិការណ៍ Australian Open ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែមករា។
 
Nadal អះអាងថា រូបគេនឹងបត់បែនតាមស្ថានភាពជំងឺបច្ចុប្បន្ន នឹងថ្លឹងថ្លែងថាតើខ្លួនអាចចូលរួមប្រកួតបានទាន់ពេលឬក៏អត់ ហើយការសម្រេចចិត្តចុងក្រោយរួបគេនឹងប្រកាសនៅពេលខាងមុខ៕

Tag:
 Rafael Nadal
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com