កីឡាអន្តរជាតិ
អន្តរជាតិ
Xavi នៅមានសង្ឃឹមដណ្ដើមពាន La Liga ទោះឃ្លាតពី Real Madrid ឆ្ងាយ
21, Dec 2021 , 2:16 pm        
រូបភាព
ការប្រកួតរវាង Barcelona និងក្រុម Sevilla ដែលបានផ្អាកម្តងរួចមកហើយ ត្រូវប្រកួតជាថ្មីនារាត្រីថ្ងៃទី ២១ឈានចូលទី២២ ខែធ្នូវេលាម៉ោង ៣:៣០ ទាបភ្លឺ(ម៉ោងនៅកម្ពុជា)។ Xavi Hernandez អះអាងថា លោកនៅតែសង្ឃឹមប្រជែងពាន La Liga ទោះនៅក្រោមក្រុមកំពូលតារាង​ Real Madrid ឆ្ងាយ ដ្បិតការប្រកួតនៅសល់ច្រើនដែរ។



ពេលបច្ចប្បន្ន ក្រុមអ្នកមានបុណ្យ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៨ នៃ La Liga មាន២៧ពិន្ទុ ដោយមានគម្លាតពិន្ទុពីក្រុមកំពូលតារាងអធិរាជស Real Madrid ដល់ទៅ១៦ពិន្ទុ។ ទោះបីជាមានគម្លាតពិន្ទុឆ្ងាយពីក្រុមកំពូលតារាងបែបនេះ គ្រូបង្វឹកក្រុម Barcelona លោក Xavi Hernandez លើកឡើងថា មិនបោះបង់ក្តីសង្ឃឹមប្រជែងពានរង្វាន់ឡើយ។
 
«វាពិតជាគម្លាតពិន្ទុឆ្ងាយមែនពី Real Madrid ។ ពួកយើងមាន១៦ពិន្ទុពីក្រោយពួកគេ ប៉ុន្តែការប្រកួតលីគកំពូលនៅសល់ច្រើនប្រកួតទៀត ដូច្នេះយើងមិនអាចឱ្យរបូតពិន្ទុទៀតឡើយ។» Xavi និយាយបែបនេះក្នុងសន្និសីទការសែតមុនការប្រកួតទល់ Sevilla។
 
មុនការប្រកួតយប់នេះវិញ Xavi សរសើរក្រុម Sevilla ពីភាពខ្លាំងក្លារបស់ពួកគេដោយក្រុមពួកគេកំពុងសម្លឹងមើលឱកាសប្រជែងពានរង្វាន់ផងដែរក្នុងរដូវកាលនេះ។
 
«​Sevilla ពួកគេបានត្រៀមខ្លួនរួចរាល់សម្រាប់ពានរង្វាន់ La Liga រដូវកាលនេះ ហើយកាលពីឆ្នាំមុន ពួកគេបានក្លាយជាក្រុមលេខ៣បន្ទាប់ពី Real Madrid លេខ២ និង Atletico Madrid ជាម្ចាស់ពាន La Liga។ Sevilla ពិតជាក្រុមដ៏ខ្លាំងមួយនៅពេលនេះ។ រដូវកាលនេះពួកគេកំពុងតែឈរពីក្រោយក្រុមកំពូលតារាង Real Madrid ត្រឹមតែ៦ពិន្ទុប៉ុណ្ណោះ។»Xavi បានបន្ថែមបែបនេះ៕
 
 

Tag:
 Xavi Hernandez
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com