កីឡាអន្តរជាតិ
អន្តរជាតិ
រៀប World Cup ពីរឆ្នាំម្តង FIFA ថានឹងបង្កើនចំណូលបន្ថែមជាង៤ពាន់លានដុល្លារ
22, Dec 2021 , 8:29 am        
រូបភាព
ការរៀបចំការប្រកួត FIFA World Cup រៀងរាល់ពីរឆ្នាំម្តង នឹងបង្កើតប្រាក់ចំណូលបន្ថែម លើសពី៤ពាន់លានដុល្លារអាម៉េរិក លើសការធ្វើ៤ឆ្នាំម្តង។ លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ជឿជាក់ផែនការនេះនឹងទទួលបានការគាំទ្រច្រើន។



សហព័ន្ធកីឡាបាល់ទាត់សមាជិកទាំង២១១ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ FIFA ខណៈការជជែកដេញដោលលើផែនការរបស់លោក Arsene Wenger ក្នុងការរៀបប្រកួតបាល់ទាត់ពិភពលោកកាន់តែកើនឡើងទ្វេដង។
 
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) រួមទាំងលីគធំៗនៅអឺរ៉ុប និងស្ថាប័នគ្រប់គ្រងបាល់ទាត់អាមេរិកខាងត្បូង (Conmebol) បានជំទាស់នឹងផែនការរបស់លោក Wenger ដែលសព្វថ្ងៃជាប្រធានអភិវឌ្ឍន៍បាល់ទាត់របស់ FIFA។ យ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់អាហ្រ្វិក (CAF) បានផ្តល់ការគាំទ្ររបស់ខ្លួនចំពោះគម្រោងនេះ។
 
បើតាមករចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters គណៈប្រតិភូរៀបចំកិច្ចប្រជុំរបស់ FIFA រៀបរាប់ប្រាប់សមាជិកថា សិទ្ធិប្រព័ន្ធផ្សព្វផ្សាយ និងប្រាក់ចំណូលឧបត្ថម្ភពីការប្រកួតបាល់ទាត់ពិភពលោករៀងរាល់ពីរឆ្នាំម្តង នឹងកើនឡើងតាមការព្យាករណ៍ ដល់ជាង៤ពាន់លានដុល្លារ សម្រាប់ការប្រកួតដែលមានមាន៤៨ក្រុម និង៣ប្រទេសធ្វើម្ចាស់ផ្ទះនៅឆ្នាំ ២០៣០។ 
 
លោក Wenger ដែលជាអ្នកបំផុសគម្រោងនេះ ប្តេជ្ញាកាត់បន្ថយគម្លាតប្រាក់ឧបត្តម្ភរវាងប្រទេសអ្នកមាន និងក្រីក្របំផុត រួមទាំងបង្កើនឱកាសឱ្យកីឡាករមកពីប្រទេសក្រីក្រដែលមានទេពកោសល្យ អាចអភិវឌ្ឍខ្លួនរហូតដល់កម្រិតពេញលេញមួយ។
 
ត្រឡប់ទៅស្ថាប័នដែលមិនគាំទ្រគម្រោងរបស់ FIFA វិញ។ UEFA បានលើកឡើងពីបញ្ហាប្រឈមជុំផែនការខាងលើថា នឹងធ្វើឱ្យព្រឹត្តិការកីឡានៅតំបន់អឺរ៉ុប រួមទាំងលីគល្បីៗនៅអឺរ៉ុបផងអាចខាតបង់ចំណូលពីសិទ្ធិទូរទស្សន៍ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រហែល ៩ ពាន់លានដុល្លារក្នុងមួយរដូវកាល។
 
បើទោះមានការលើកឡើងពីសំណាក់ UEFA និង Conmebol ក្តី ប៉ុន្តែប្រធាន FIFA លោក Infantino នៅតែមានទំនុកចិត្តថា ការឯកភាពគ្នាអាចត្រូវបានសម្រេចលើផែនការផ្លាស់ប្តូរនេះ។ 
 
«ប្រសិនបើនឹងមានការបោះឆ្នោត នៅថ្ងៃស្អែកប្រហែលជាភាគច្រើននឹងបោះឆ្នោតគាំទ្រការប្រកួត FIFA World CUp រៀងរាល់ពីរឆ្នាំម្តងមិនខាន»។ នេះជាការបន្ថែមរបស់លោក Infantino៕

Tag:
 World Cup
  Arsene Wenger
© រក្សាសិទ្ធិដោយ thmeythmey.com