កីឡាអន្តរជាតិ
អន្តរជាតិ
Arteta រំភើបចិត្តខ្លាំងពេល Arsenal ត្រលប់ទៅភាពខ្លាំងកាលមុនវិញ
21, Dec 2021 , 5:40 pm        
រូបភាព
លោក Mikel Arteta អ្នកចាត់ការទូទៅក្រុម Arsenal និយាយថាលោកពិតជារំភើបចិត្តខ្លាំងណាស់ដែលបានជួយនាំក្លិបត្រលប់ទៅកាន់ភាពខ្លាំងក្លាដូចកាលពីមុនវិញជាមួយនឹងកីឡាករវ័យក្មេងដែលមានក្នុងក្រុមអំឡុងពេល២ឆ្នាំនៃការដឹកនាំនេះ។



Arteta ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ក្លិបកាំភ្លើងធំ Arsenal កាលពីថ្ងៃទី២០ ខែធ្នូឆ្នាំ ២០១៩ ។ លោកបានជួយក្រុមឈ្នះពានរង្វាន់ FA Cup ១លើកព្រមទាំងពាន Community Shield បន្ទាប់ពីកាន់ការងារបានមួយឆ្នាំ។ តែយ៉ាងណាក្រុមកាំភ្លើងធំខកខានមិនបានលេងក្នុងពានរង្វាន់ UEFA Champions League ចាប់តាំងពីក្លិបបានចែកផ្លូវជាមួយនឹងលោក Arsene Wenger មកម៉្លេះ។
 
គ្រូបង្វឹកវ័យ ៣៩ឆ្នាំរូបនេះជឿជាក់ថា ការងារកសាងក្រុមឡើងវិញមកដល់ពេលនេះគឺបានជោគជ័យហើយ ដោយមានកីឡាករវ័យក្មេងអាយុក្រោម២៤ឆ្នាំ ៦នាក់បានមកចូលរួមជាក្រុម ហើយជួយក្រុមកាំភ្លើងធំប្រជែងតំណែង Top 4 នៃ Premier League រដូវកាលនេះ។
 
«ពេលនេះវាជាជំហានថ្មីមួយទៀតនៃការកសាងក្រុមឡើងវិញរបស់យើង ព្រោះយើងបានរៀបចំគោលដៅច្បាស់លាស់ថា តើយើងចង់បានការបន្តដំណើរទៅមុនបែបម៉េចជាមួយក្លិប។ ការផ្សារភ្ជាប់ទំនាក់ទំនងរវាងក្រុមនិងអ្នកគាំទ្រ ម្ចាស់ក្លិបក្រុមការងារទាំងអស់ ខ្ញុំពិតជារំភើបខ្លាំងណាស់ពេលនេះ។»Arteta បញ្ជាក់បែបនេះទៅកាន់គេហទំព័រផ្លូវការរបស់ Arsenal ថ្ងៃទី២១ ខែធ្នូ។
 
Arteta បានបន្ថែមថា ភាពរំភើបរីករាយបានជំរុញឱ្យក្រុមធ្វើការងារបានយ៉ាងល្អជាមួយក្រុមកីឡាករវ័យក្មេងទាំងអស់នេះ។ពេលនេះសាមជិកក្រុមបានត្រៀមរួចរាល់ក្នុងការប្រជែងយ៉ាងល្អ និងជួយនាំក្លិបត្រលប់ទៅកាន់ភាពខ្លាំងដូចកាលពីមុនវិញផងដែរ។
 
Arsenal បានយកឈ្នះក្រុម Leeds United ក្នុងលទ្ធផល ៤-១ នាថ្ងៃទី១៩ខែធ្នូ។ នេះជាលទ្ធផលដ៏ល្អប្រសើរសម្រាប់ក្រុមកាំភ្លើងធំ និងកំពុងតែឈរចំណាត់ថ្នាក់លេខ៤ ក្នុងតារាង Premier League មាន៣២ពិន្ទុបណ្តោះអាសន្ន៕

Tag:
 Mikel Arteta
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com