កីឡាអន្តរជាតិ
អន្តរជាតិ
Premier League នៅតែបន្តប្រកួត ទោះករណីឆ្លងវីរុសអូមីក្រុង កើនឡើងខ្លាំង
21, Dec 2021 , 6:29 pm        
រូបភាព
ការប្រកួតពានរង្វាន់ Premier League រដូវកាល ២០២១-២២ នៅតែបន្ត បើទោះបីជាវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងកើនឡើងកាន់តែខ្លាំងលើកីឡាករ បុគ្គលិកក្តី។ នេះបើតាមការលើកឡើងរបស់ស្ថាប័នគ្រប់គ្រងលីគកីឡាបាល់ទាត់អង់គ្លេស។



មានតែការប្រកួតចំនួន៤ប៉ុណ្ណោះ ក្នុងចំណោម១០គូ ដែលអាចបន្តការប្រកួតតាមការគ្រោងទុកនៅយប់ថ្ងៃទី១៨ ខែធ្នូ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩។
 
ក្រោយជំងឺអុកឡុកជាថ្មី ប្រធានលីគ និងតំណាងក្លិបអង់គ្លេសបានបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី២១ ខែធ្នូជុំវិញប្រធានបទផ្អាក ឬបន្តការប្រកួត។ ក្រោយពិភាក្សាគ្នាជាច្រើនម៉ោង អ្នកពាក់ព័ន្ធបានសម្រេចបន្តការប្រកួតទៅតាមកាលវិភាគតាមដែលអាចធ្វើទៅបាន។
 
បើទោះបន្តលីគក្តី ប៉ុន្តែការប្រកួតមួយចំនួនអាចនឹងត្រូវពន្យារផងដែរ ប្រសិនក្នុងចំណោមក្រុមណាមួយមានកីឡាករ ឬសមាជិកបុគ្គលិកច្រើននាក់ឆ្លងកូវីដ-១៩។ ពន្យារ ឬបន្ត ស្ថាប័ន Premier League នឹង​បន្ត​វិនិច្ឆ័យ​ខ្លួនឯង ​ដោយ​ដោយមើលតាមស្ថានភាពជាក់ស្តែង។
 
 
«ក្នុងកិច្ចប្រជុំក្លិបនៃលីគកំពូលអង់គ្លេស ក្លិបភាគច្រើនយល់ស្របតាមការសម្រេចរបស់ Premier League ខណៈពួកគេជួបប្រទះនឹងការផ្ទុះឡើងនៃវីរុសបំប្លែងថ្មីអូមីក្រុង។ Premier League សម្រេសបន្តកាលវិភាគការប្រកួតតាមធម្មតា ដោយធានាសុវត្ថិភាពជាចម្បង»។ នេះជាការបញ្ជាក់របស់ស្ថាប័នគ្រប់គ្រងលីគកំពូលអង់គ្លេស៕

Tag:
 Premier League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com