ជាតិ
សង្គមជាតិ
អាជ្ញាធរ ហៅបុគ្គលិកណាហ្កាវើលដ៍៣៦០នាក់ ដែលមិនសុខចិត្តនឹងការបញ្ឈប់ពីការងារ ចូលទៅពិភាក្សាគ្នា
22, Dec 2021 , 11:00 am        
រូបភាព
បុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នានៅជិតក្រុមហ៊ុនណាហ្កាវើលដ៍ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទាមទារលក្ខខណ្ឌ ដែលពួកគេចង់បាន។ រូប៖ សហការី
បុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នានៅជិតក្រុមហ៊ុនណាហ្កាវើលដ៍ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទាមទារលក្ខខណ្ឌ ដែលពួកគេចង់បាន។ រូប៖ សហការី
គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានចេញលិខិតអញ្ជើញបុគ្គលិកណាហ្កាវើលដ៍៣៦០នាក់ ដែលត្រូវបញ្ឈប់ពីការងារ ឲ្យចូលទៅពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយ។ លិខិត ដែលចេញដោយលោក ទេស រុក្ខាផល ជាអគ្គលេខាធិការគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានបញ្ជាក់ថា ជំនួបជាមួយបុគ្គលិកណាហ្កាវើលដ៍ទាំង៣៦០នាក់ នឹងត្រូវធ្វើឡើងនៅទីស្តីការក្រសួងការងារ ចាប់ពីម៉ោង៩ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ទៅ។



បុគ្គលិកណាហ្កាវើលដ៍ទាំង៣៦០នាក់ ត្រូវបានបញ្ឈប់ពីការងារ ជាមួយនឹងការទូទាំងប្រាក់ដំណាច់កិច្ចសន្យាការងារ។ ប៉ុន្តែ ពួកគេ មិនឯកភាពលើការទូទាត់ប្រាក់ដំណាច់កិច្ចសន្យាការងារនោះទេ ហើយក៏នាំគ្នាតវ៉ាសាជាថ្មី ចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១មក។ មិនមែនតែពួកគេទាំង៣៦០នាក់នោះទេ បុគ្គលិកណាវើលដ៍ផ្សេងទៀត ដែលអាចលើសពី១ពាន់ ក៏ចូលរួមតវ៉ាដែរ ដើម្បីទាមទារឲ្យក្រុមហ៊ុនណាហ្កាវើលដ៍ ទទួលយកអ្នកទាំង៣៦០នាក់ ចូលធ្វើការវិញ។ លើសពីនេះ ពួកគេ ក៏ទាមទារលក្ខខណ្ឌផ្សេងទៀតដែរ។

ក្នុងចំណោមបុគ្គលិកណាហ្កាវើលដ៍ ដែលចូលរួមតវ៉ាទាំងនោះ គេ ក៏ឃើញមានទាំងស្រ្តីមានផ្ទៃពោះផងដែរ។ បុគ្គលិកណាហ្កាវើលដ៍ជាស្រ្តីម្នាក់ ប្រាប់សារព័ត៌មានថ្មីៗថា បើគ្មានដំណោះស្រាយសមរម្យ និងអាចទទួលយកបានទេ ពួកគេ នឹងមិនបញ្ឈប់ការតវ៉ាឡើយ។

លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ សរសេរក្នុងទំព័រហ្វេសប៊ុកថា៖«នៅក្នុងលោកនេះ មិនមានច្បាប់ ឬអនុសញ្ញាណាមួយ ដែលចែងថា ធ្វើការនៅកន្លែងណាមួយ គឺត្រូវធ្វើមួយជីវិតនោះទេ ឬហាមក្រុមហ៊ុន សហគ្រាស មិនឲ្យកាត់បន្ថយបុគ្គលិកនោះទេ»៕

Tag:
 បុគ្គលិក Naga World
© រក្សាសិទ្ធិដោយ thmeythmey.com