កីឡាអន្តរជាតិ
អន្តរជាតិ
Xavi ដេកមិនលក់ ក្រោយស្មើជាមួយ Sevilla ដែលមានគ្នា១០នាក់
22, Dec 2021 , 3:36 pm        
រូបភាព
លោក Xavi Hernandez អះអាងថា លោកមិនអាចគេងលក់សោះក្រោយពេលក្រុម Barcelona មិនអាចយកឈ្នះលើក្រុម Sevilla ដែលមានគ្នាត្រឹម១០នាក់នាថ្ងៃទី២២ ខែធ្នូ។ Barcelona ប្រកួតត្រឹមស្មើជាមួយ Sevilla ក្នុងលទ្ធផល ១-១ បើទោះ Sevilla មានគ្នាត្រឹម១០នាក់ចាប់ពីនាទី៦៤។



អ្នកចាត់ការក្រុមអ្នកមានបុណ្យ Xavi Hernandez  មិនពេញចិត្តខ្លាំងចំពោះកូនក្រុមដែលធ្វើមិនបានល្អនាការប្រកួតទល់ក្រុម Sevilla ។ Sevilla បានបើការនាំមុខមុនក្នុងនាទី៣២ ដោយកីឡាករ Alejandro Gomez ប៉ុន្តែរៀបនឹងបញ្ចប់វគ្គទីមួយក្រុមភ្ញៀវ Barcelona បានវាយបកតាមស្មើ១គ្រាប់វិញដោយកីឡាករ Ronald Araujo ក្នុងនាទី៤៥។
 
ចាប់ផ្តើមវគ្គទី២មិនដល់ ១០នាទីផងនោះកីឡាករ Jules Kounde របស់ Sevilla បានប៉ះទង្គិចគ្នាជាមួយខ្សែការពារស្លាបឆ្វេង Jordi Alba ហើយរូបគេក៏ក្រវែងបាល់ត្រូវមុខ Alba ដែលជាហេតុធ្វើឱ្យគេទទួលបានកាតក្រហមក្នុងនាទី៦៤។ ការប្រកួតអូសបន្លាយរហូតដល់បញ្ចប់៩០នាទី ហើយក្រុមទាំងពីរបានត្រឹមចែកគ្នាម្នាក់១ពិន្ទុ។ លោក Xavi ថាលោកខឹងខ្លាំងពេលដែលក្រុមបន្តបាត់បងពិន្ទុបែបនេះ។
 
«យើងបានបាត់បង២ពិន្ទុបន្ថែម។ ការប្រកួតមួយនេះ យើងគួរតែឈ្នះ ប្រសិនបើកីឡាករមាន១១នាក់ស្មើគ្នាក៏ដោយ។ វាបានធ្វើឱ្យខ្ញុំពិបាកគេងខ្លាំងណាស់ ព្រោះយើងគួរតែឈ្នះដាច់ខាត ប៉ុន្តែក្រុម Sevilla ពួកគេអាចគ្រប់គ្រងស្ថានភាពបានយ៉ាងល្អ។ ការងារជាក្រុមរបស់ពួកគេ គឺពិតជាល្អខ្លាំងណាស់។ ពួកគេបានយល់ពីគ្នាថានឹងត្រូវសម្រេចការងារបែបនេះជាមួយនិងតិចនិចរបស់ក្រុមគេ។» Xavi បានប្រាប់ទៅកាន់ទូរទស្សន៍ Movistar ក្រោយចប់ការប្រកួត។
 
គិតត្រឹមប្រកួតសប្តាហ៍ទី១៨នៃក្របខណ្ឌ La Liga ក្រុមរហ័ស្សនាមអ្នកមានបុណ្យ បន្តបាត់បង់ពិន្ទុរបស់ខ្លួនសម្រាប់ប្រជែងចំណាត់ថ្នាក់ Top 4 ដោយពេលនេះពួកគេមាន២៨ ពិន្ទុគម្លាតពីក្រុម Real Madrid ដល់ទៅ១៥ពិន្ទុ៕

Tag:
 Xavi Hernandez
© រក្សាសិទ្ធិដោយ thmeythmey.com