កីឡាអន្តរជាតិ
អន្តរជាតិ
Miura កីឡាករបាល់ទាត់ជប៉ុនវ័យ៥៤ឆ្នាំ អះអាងថា ក្លិប៨ប្រជែងគ្នាចង់បានខ្លួន
22, Dec 2021 , 9:29 pm        
រូបភាព
កីឡាករបាល់ទាត់ជប៉ុន Kazuyoshi Miura ដែលសព្វថ្ងៃមានវ័យ៥៤ឆ្នាំ មិនទាន់មានបំណងចូលនិវត្តន៍ឡើយ ហើយថែមទាំងអះអាងថាមានក្លិបនៅជប៉ុនចំនួន៨ ចង់ចុះកិច្ចសន្យាយករូបគេទៅលេងនៅរដូវកាលក្រោយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo នៅថ្ងៃទី២១ ខែធ្នូ។



Miura ដែលគេឱ្យឈ្មោះថា «King Kazu» បានក្លាយជាកីឡាករចំណាស់ជាងគេបំផុតដែលមានវត្តមាននៅលីគកំពូលជប៉ុន J-League នៅពេលនៅពេលរូបគេលេងឱ្យ Yokohama FC រដូវកាលមុន។ យ៉ាងណារដូវកាលនេះ Miura មិនចួលរួមជាមួយ Yokohama FC ទៀតទេ ដ្បិតក្រុមនេះបានធ្លាក់ទៅលីគទី២។
 
នៅទំនេរពីការងារ Miura ដែលចាប់អាជីពជាកីឡាករបាល់ទាត់ដំបូងជាមួយក្លិបកំពូលប្រេស៊ីល Santos នៅឆ្នាំ១៩៨៦ កំពុងស្វែងរកក្លិបលេងថ្មី ស្របពេលរូបគេអះអាងថាមានក្លិបដល់ទៅ៨ចាប់អារម្មណ៍ខ្លួន។
 
«ខ្ញុំទទួលបានការហៅចូលពីបណ្តាក្លិបជាច្រើននៅជប៉ុន។ អាចថាខ្ញុំនៅមានឥទ្ធិពល និងទាក់ទាញការផ្សព្វផ្សាយសម្រាប់ពួកគេ។ នេះជារឿងដ៏លំបាកក្នុងការសម្រេចចិត្តថាតើខ្ញុំត្រូវលេងឱ្យក្រុមមួយណា»។ នេះជាការបញ្ជាក់របស់ Miura ដែល Kyodo ទទួលបាន។
 
រយៈពេល៣៥ឆ្នាំក្នុងអាជីពកីឡាករបាល់ទាត់ Miura មានប្រវត្តិលេងឱ្យក្រុមចំនួន១៣ ក្នុងចំណោមនោះក្លិបនៅជប៉ុន Verdy Kawasaki, Vissel Kobe និង Yokohama FC រូបគេលេងបានច្រើនប្រកួតជាងគេ។
 
កាលពីខែកញ្ញា ឆ្នាំ២០២០ Miura ធ្លាប់បានប្រាប់ Reuters ថា ចំណង់ចំណូលចិត្តរបស់គេជាមួយនឹងបាល់ទាត់គ្មានដែនកំណត់ទេ ហើយកក្តាអាយុរឹតតែមិនមែនជាបញ្ហា។ «អារម្មណ៍របស់ខ្ញុំចំពោះកីឡាបាល់ទាត់ និងក្តីប្រាថ្នារបស់ខ្ញុំដែលខ្ញុំចង់ទទួលបានជោគជ័យក្នុងបាល់ទាត់មិនផ្លាស់ប្តូរទេ ពោលចាប់តាំងពីខ្ញុំបានក្លាយជាកីឡាករអាជីពនៅប្រេស៊ីល ឆ្នាំ១៩៨៦ម្លេះ»៕

Tag:
 Kazuyoshi Miura
© រក្សាសិទ្ធិដោយ thmeythmey.com