កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន NBA ថាគ្មានគម្រោងផ្អាកលីគឡើយ ទោះការឆ្លងកូវីដ-១៩ កើនឡើង
22, Dec 2021 , 10:29 pm        
រូបភាព
ប្រធានលីគបាល់បោះ NBA លោក Adam Silver បានលើកឡើងនាថ្ងៃទី២២ខែធ្នូថា លីគដ៏ធំនេះ មិនមានគម្រោងឱ្យផ្អាកការប្រកួតក្នុងរដូវកាលនេះឡើយ បើទោះបីការឆ្លងជំងឺកូវីដ-១៩ កើនឡើងចំពោះក្រុមមួយចំនួនក្តី។



ការប្រកួតលីគបាល់បោះ NBA បង្ខំចិត្តផ្អាកការប្រកួតបណ្តោះអាសន្នចំនួន៥ប្រកួតដោយសារតែការកើនឡើងជំងឺកូវីដ-១៩ នេះនៅតាមបណ្តាក្រុមមួយចំនួន។ ខណៈព្រឹត្តិការណ៍កីឡាផ្សេងនៅអាម៉េរិកដូចជាការប្រកួតកីឡាករវាយកូនគោលលើទឹកកក (Hockey) បានប្រកាសផ្អាក លោក Adam Silver ប្រធាន NBA អះអាងថា គ្មានគម្រោងផ្អាកការប្រកួតលីគរហូតដល់ចប់រដូវកាលនេះឡើយ។
 
«យើងគ្មានគម្រោងណាមួយឡើយពេលនេះក្នុងការផ្អាកប្រកួតរហូតដល់ចប់រដូវកាល ហើយយើងក៏មានជម្រើសល្អផ្សេងៗជាច្រើនទៀតដែរ។ ប៉ុន្តែនៅពេលនេះយើងកំពុងតែជួបបញ្ហាបានកើតឡើងដែលត្រូវបង្ខំចិត្តឱ្យយើងសម្រេចផ្អាក ជាបណ្តោះអាសន្នប៉ុណ្ណោះ។»លោក Silver ប្រាប់ទៅកាន់គេហទំព័រ NBA ថ្ងៃទី២២ ខែធ្នូ។
 
លោក Silver នៅតែអះអាងថាលីគ NBA នឹងនៅតែបន្តរៀនរស់នៅជាមួយបញ្ហាជំងឺកូវីដ-១៩។
 
«ខ្ញុំគិតថាពួកយើងបានរកឃើញខ្លួនយើងពីរបៀបនូវការរស់តាមបែបផែនថ្មីជាមួយជំងឺនេះតាំងប៉ុន្មានខែមុនមកម្ល៉េះ ហើយកូវីដ-១៩នេះគឺជាវីរុសដែលមិនអាចបំផ្លាញវាបានភ្លាមៗឡើយ។ ពួកយើងត្រូវតែបន្តរស់នៅតាមរបៀបរស់នៅថ្មីដោយរៀនរស់ជាមួយវា ហើយខ្ញុំគិតថារឿងនេះក៏បានបង្កើតបទពិសោធដល់យើងគ្រប់គ្នាក៏ដូចជាលីគ NBA ពេលនេះផងដែរ។»លោក Silver បានបន្ថែមបែបនេះ។
 
មកដល់ពេលនេះ ក្រុមកីឡាបាល់បោះចំនួន ២១ ហើយក្នុងលីគ NBA ដែលមានកីឡាកររៀងៗខ្លួនបានរកឃើញឆ្លងជំងឺកូវីដ-១៩ ។ កីឡាករនៅតាមក្លិបទាំងអស់ក្នុង NBA ចំនួន៩៧ភាគរយហើយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕

Tag:
 NBA
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com