កីឡាអន្តរជាតិ
អន្តរជាតិ
អូស្ត្រាលីបន្ថែមលុយ១៨៤លានដុល្លារ ដើម្បីបំប៉នអត្តពលិកត្រៀមអូឡាំពិកក្រុងប៉ារីស
23, Dec 2021 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
អូស្ត្រាលី ចាប់ផ្តើមបង្កើនការត្រៀមរៀបចំខ្លួនសម្រាប់ការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ២០៣២។ នៅថ្ងៃទី២២ ខែធ្នូ អូស្ត្រាលីបានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមចំនួន ២៥៧លានដុល្លារអូស្ត្រាលី (១៨៤ លានដុល្លារអាម៉េរិក) សម្រាប់ជំរុញអត្តពលិកត្រៀមកីឡារដូវក្តៅក្រុងប៉ារីសឆ្នាំ២០២៤។



វិទ្យាស្ថានកីឡាអូស្ត្រាលី (AIS) បានប្តេជ្ញាផ្តល់មូលនិធិសម្រាប់អូឡាំពិកក្នុងរយៈពេល៤ឆ្នាំ ដោយឱ្យស្ថាប័នកីឡា និងអត្តពលិកបង្កើនគម្រោងទុកជាមុនជាជាងក្នុងរយៈពេលខ្លី។
 
AIS បានលើកឡើងក្នុងសេចក្តីប្រកាសរបស់ខ្លួនថា ប្រាក់ឧបត្ថម្ភបន្ថែម១០លានដុល្លារក្នុងមួយឆ្នាំជាជំនួយបុគ្គល និងការបែងចែកប្រចាំឆ្នាំរបស់រដ្ឋាភិបាលអូស្ត្រាលីចំនួន៥៩លានដុល្លារទៀត។ គោលដៅរបស់អ្នកផ្តល់ជំនួយ គឺចង់ឱ្យអ្នកទទួលជំនួយកំណត់គោលដៅលើកីឡានិមួយៗឱ្យបានជាក់លាក់ ដើម្បីឆ្ពោះទៅប្រជែងមេដាយដោយគុណភាព។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
លោក Peter Conde នាយកប្រតិបត្តិរបស់ AIS អះអាងថា ការប្តេជ្ញាចិត្តផ្តល់មូលនិធិនេះ អាចធ្វើទៅបានដោយសារតែជំនឿ និងទំនុកចិត្តដែលរដ្ឋាភិបាលអូស្ត្រាលី មាននៅក្នុងកីឡាអូស្ត្រាលី។
 
«ការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ និងប៉ារ៉ាឡាំពិកបានបំផុសគំនិតយើងទាំងអស់គ្នា ហើយយើងបានធ្វើការជាមួយរដ្ឋាភិបាលដើម្បីទទួលបានមូលនិធិរយៈពេលវែងដើម្បីឆ្ពោះទៅមុខ និងបន្តការកសាងផែនការដើម្បីភាពជោគជ័យ»។ នេះជាការបញ្ជាក់របស់លោក Conde។
 
កីឡាបាល់ឱបស្ត្រី ប្រណាំងទូក វាយកូនបាល់ ជិះស្គី និងប៉ារ៉ាកាណូ ស្ថិតក្នុងចំណោមកីឡាដែលនឹងត្រូវកំណត់គោលដៅជាមួយនឹងថវិកាបន្ថែមនេះ។​ កីឡាទាំង៥នេះ ជាប្រភេទកីឡាដែលអូស្ត្រាលីសម្លឹងរកការឈ្នះមេដាយ ទាំងនៅប៉ារីសឆ្នាំ២០២៤ និង ឆ្នាំ២០៣២ នៅទីក្រុង Brisbane ដែលអូស្ត្រាលីរៀបចំធ្វើម្ចាស់ផ្ទះ៕

Tag:
 Olympic
© រក្សាសិទ្ធិដោយ thmeythmey.com