ជាតិ
សង្គមជាតិ
លោក សុខ ទូច៖«គ្រាន់តែរៀបចំពិធីសម្ពោធស្ពាន ចំណាយប្រាក់អស់ប្រហែលធ្វើស្ពាន»
23, Dec 2021 , 2:00 pm        
រូបភាព
លោក សុខ ទូច ថ្លែងក្នុងពិធីប្រកាសបិទសន្និសីទអន្តរជាតិ ស្ដីពីតួនាទីរបស់ចិនក្នុងសតវត្សរ៍ទី២១ និងទំនាក់ទំនងរបស់ចិនជាមួយអាស៊ាន ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ រូបពីវីដេអូផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់លោក សុខ ទូច
លោក សុខ ទូច ថ្លែងក្នុងពិធីប្រកាសបិទសន្និសីទអន្តរជាតិ ស្ដីពីតួនាទីរបស់ចិនក្នុងសតវត្សរ៍ទី២១ និងទំនាក់ទំនងរបស់ចិនជាមួយអាស៊ាន ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ រូបពីវីដេអូផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់លោក សុខ ទូច
លោក សុខ ទូច រិះគន់ការរៀបចំពិធីសម្ពោធសមិទ្ធផលអ្វីមួយ មានស្ពានជាអាទិ៍ ដែលមើលទៅហាក់ដូចជាធំដុំជ្រុល សម្រាប់វត្តមានអស់លោកអ្នកធំ រហូតដល់ត្រូវចំណាយប្រាក់ស្ទើរតែស្មើនឹងការកសាងសមិទ្ធផល ដែលត្រូវសម្ពោធនោះ។



លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មិនពេញចិត្តនឹងវប្បធម៌មួយនៅស្រុកខ្មែរនាពេលបច្ចុប្បន្ន នោះគឺ អ្នកធំៗ ទៅណាម្តងៗ តែងមានរថយន្តជាច្រើនគ្រឿង និងទំនើបៗ ចាំហែហមទៅជាមួយ។ ហើយលោក ក៏ទើសភ្នែកដែរ នៅពេលអ្នកធំៗ ទៅណាម្តងៗ តែងមានមនុស្ស រត់ប្រសេចប្រសាចគ្នា ទៅចោមរោម និងសុំថតសេលហ្វីជាមួយ ដើម្បីបង្ហោះលើបណ្តាញសង្គម។

លោក យល់ថា ជួនកាល ការថតសេលហ្វីជាមួយអ្នកធំ ឬថតពីសមិទ្ធផលអ្វីមួយ បង្ហោះលើបណ្តាញសង្គម គឺមិនបង្ហាញពីការពិតនៅកម្ពុជានោះទេ។ លោក ចាត់ទុកការថតបង្ហោះ ដែលគ្មានការពិតបែបនេះ ថាអាចធ្វើឲ្យជាតិវិនាសហិនហោច។ លោក ដាស់តឿនជាលក្ខណៈទូទៅដោយមិនដៅចំអ្នកណាម្នាក់ថា យើងគ្រប់រូប គួរតែធ្វើអ្វី ដែលមានប្រយោជន៍ដល់សង្គមជាតិ និងប្រជាជនទាំងមូល ជាជាងការថតសេលហ្វីជាមួយអ្នកធំ និងថតពីសមិទ្ធផលអ្វីមួយ ហើយបង្ហោះលើបណ្តាញសង្គម ដែលមិនសូវឆ្លុះបញ្ចាំងពីការពិត។

និយាយដល់វប្បធម៌នៃការហែហម និងការរៀបចំពិធីដ៏គគ្រឹកគគ្រេងចាំទទួលអ្នកធំនេះ លោក ក៏បានលើកឧទាហរណ៍មកភ្ជាប់ថា ពេលខ្លះ គ្រាន់តែការរៀបចំពិធីសម្ពោធស្ពាន ត្រូវចំណាយប្រាក់ស្ទើរតែស្មើ ឬស្មើនឹងប្រាក់ ដែលចំណាយលើការសាងសង់ស្ពាននោះទៅហើយ។ លោក ប្រាប់ថា ពេលឃើញគេ បង្ហោះលើបណ្តាញសង្គមពីពិធីសម្ពោធស្ពានណាមួយ ពិសេសពិធីសម្ពោធស្ពានតូចៗ នៅតាមខេត្ត លោក តែងចូលទៅសរសេរក្នុងប្រអប់ឆ្លើយឆ្លង (Comment) ថា ថ្លៃស្ពាន និងថ្លៃសម្ពោធ គឺប្រហែលគ្នា។

ក្នុងពិធីប្រកាសបិទសន្និសីទអន្តរជាតិ ស្ដីពីតួនាទីរបស់ចិនក្នុងសតវត្សរ៍ទី២១ និងទំនាក់ទំនងរបស់ចិនជាមួយអាស៊ាន ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ លោក សុខ ទូច ដែលក្នុងអតីតកាលធ្លាប់ធ្វើជាអ្នកវិភាគនយោបាយ-សង្គម បានថ្លែងដូច្នេះថា៖«យើង ចូលចិត្តបង្ហាញ អ្នកធំទៅណា ពូនទៅន៎ុង...។ កុំឃើញអ្នកធំទៅណា ពូនទៅនុ៎ង។ គ្រាន់តែសម្ពោធស្ពានមួយ ប្រើឡានសុទ្ធតែប៉ុន្មាន គ្រាន់តែសាំងហ្នឹង វា រួចអាថ្លៃស្ពានបាត់ទៅហើយ អាហ្នឹង ខ្ញុំ គ្រាន់តែឧទាហរណ៍ទេ»។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មិនចង់ប្រៀបធៀបវប្បធម៌កម្ពុជា ទៅនឹងវប្បធម៌របស់ពួកអឺរ៉ុបនោះទេ ព្រោះលោក យល់ថា វា មានលក្ខណៈខុសគ្នា។ តែលោក នៅតែនិយាយបន្តិចអំពីវប្បធម៌របស់ពួកអឺរ៉ុបនេះ ដោយលោក ជំរុញឲ្យក្រឡេកទៅមើលវប្បធម៌របស់ពួកអឺរ៉ុប ដើម្បីដឹងថា តើពេលអ្នកធំទៅណាម្តងៗ មានការហែហមដ៏សម្បើម ដូចនៅកម្ពុជាដែរឬទេ៕

Tag:
 សុខ ទូច
  វប្បធម៌ហែហមអ្នកធំ
  ស្ពាន
© រក្សាសិទ្ធិដោយ thmeythmey.com