អន្តរជាតិ
រាជអាជ្ញាហូឡង់ ទាមទារដាក់ទោសមនុស្ស៤នាក់ឱ្យជាប់គុកមួយជីវិតជុំវិញការបាញ់យន្តហោះ MH17
23, Dec 2021 , 7:29 pm        
រូបភាព
បំណែកយន្តហោះ MH17 ដែលត្រូវបាញ់ទម្លាក់។ រូបថត Xinhua
បំណែកយន្តហោះ MH17 ដែលត្រូវបាញ់ទម្លាក់។ រូបថត Xinhua
រាជអាជ្ញាហូឡង់ នៅថ្ងៃទី២២ ខែធ្នូ ទាមទារឱ្យកាត់ទោសជនសង្ស័យបួននាក់ ដែលពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH17 នៅភាគខាងកើតអ៊ុយក្រែនក្នុងឆ្នាំ២០១៤ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ហេតុការណ៍ធ្លាក់យន្តហោះនេះ បានបណ្តាលឱ្យមនុស្ស២៩៨នាក់បាត់បង់ជីវិត ដែលភាគច្រើនជាជនជាតិហូឡង់។


បុគ្គលទាំងបួនរួមមានជនជាតិរុស្សី៣នាក់ និងជនជាតិអ៊ុយក្រែនម្នាក់ ត្រូវបានរាជអាជ្ញាហូឡង់ចោទថា បានបាញ់មីស៊ីលរុស្ស៊ីដោយមិនប្រុងប្រយ័ត្ន ដើម្បីទម្លាក់យន្តហោះដឹកអ្នកដំណើរ ដែលនាំឱ្យមនុស្សស្លាប់សរុបចំនួន២៩៨នាក់។ ពាក់ព័ន្ធនឹងរឿងនេះ ព្រះរាជអាជ្ញានៅហូឡង់ បានទាមទារឱ្យមានការកាត់ទោសបុគ្គលទាំង៤ឱ្យជាប់ពន្ធនាគារអស់មួយជីវិតផងដែរ។ 
 
«យើងទាមទារឱ្យជនសង្ស័យ (Igor) Girkin, (Sergey) Dubinsky, (Oleg) Pulatov និង(Leonid) Kharchenko ជាប់ពន្ធនាគារអស់មួយជីវិត សម្រាប់ការបាញ់ទម្លាក់យន្តហោះដែលបណ្តាលឱ្យស្លាប់មនុស្ស២៩៨នាក់នៅលើយន្តហោះ»។ ព្រះរាជអាជ្ញាលោក Manon Ridderbeks បានលើកឡើងនៅថ្ងៃទី២២ ខែធ្នូ។ 
 
លើសពីនេះដែរ ព្រះរាជអាជ្ញារូបនេះអះអាងថា ព័ស្តុតាងបង្ហាញថាបុគ្គលទាំងនោះមានទំនាក់ទំនងជាមួយក្រុមឧទ្ទាមគាំទ្រដោយរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ដែលដើរតួនាទីសំខាន់ក្នុងព្រឹត្តិការណ៍ទម្លាក់យន្តហោះកាលពីឆ្នាំ២០១៤ ។
 
ការបាញ់ទម្លាក់យន្តហោះនេះ បានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ ដែលភាគច្រើនជាជនជាតិហូឡង់។ រដ្ឋាភិបាលហូឡង់បានលើកឡើងថា រុស្ស៊ីត្រូវទទួលខុសត្រូវចំពោះរឿងនេះ។ យន្តហោះដឹកអ្នកដំណើរនេះ បានធ្វើដំណើរចេញពីទីក្រុង Amsterdam ទៅហោះឆ្ពោះទៅទីក្រុងកូឡាឡាំពួ។ យ៉ាងណាមិញ  អាជ្ញាធរមូស្គូបានបដិសេធថា ខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងករណីនេះឡើយ។ 
 
គួរបញ្ជាក់ថា ក្រោយការប្រមូលព័ស្តុតាងអស់ជាច្រើនឆ្នាំ ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិបានសន្និដ្ឋាននៅក្នុងខែឧសភា ឆ្នាំ ២០១៨ ថាមីស៊ីលដែលបានបាញ់ទម្លាក់យន្តហោះ គឺជាមីស៊ីលរបស់កងពលតូចមីស៊ីលប្រឆាំងយន្តហោះទី៥៣ របស់រុស្ស៊ី។ 
 
ពឹងផ្អែកលើរូបភាពពីផ្កាយរណប ការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងការការសន្ទនាតាមទូរសព្ទរវាងបុគ្គលទាំង៤ ព្រះរាជអាជ្ញាបានលើកឡើងថា ជនសង្ស័យទាំង៤ បានបាញ់ទម្លាក់យន្តហោះ MH17ដោយស្មានថា ជាយន្តហោះយោធារបស់អ៊ុយក្រែន។
 
ការកាត់ទោសលើកបុគ្គលទាំង៤ បានចាប់ផ្តើមកាលពី២០ ខែមុន។ មកទល់ពេលនេះមានតែលោក Pulatov ដែលបញ្ជូនមេធាវីមកតំណាងមកតុលាការ។ សាលក្រមកាត់ទោសបុគ្គលទាំង៤ ត្រូវបានមេធាវីរបស់ Pulatov រំពឹងទុកនឹងប្រកាសនៅខែមីនាឆ្នាំ២០២២ ខណៈជនសង្ស័យទាំងបួននៅក្រៅឃុំនៅឡើយ៕
 

Tag:
 ហូឡង់
  MH17
© រក្សាសិទ្ធិដោយ thmeythmey.com