កីឡាអន្តរជាតិ
អន្តរជាតិ
ចិនជឿថា កូវីដ-១៩ នឹងកើនឡើងអំឡុងអូឡាំពិក ដោយសារលំហូរជនបរទេស
23, Dec 2021 , 4:59 pm        
រូបភាព
អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉េកាំង នៅថ្ងៃទី២៣ ខែធ្នូ អះអាងថាជំងឺកូវីដ-១៩ នឹងវាយលុកប្រទេសចិន ដោយសារជនបរទេសធ្វើដំណើរចូលរួមក្នុងកីឡារដូវរងាឆ្នាំ២០២២ ច្រើន។ ម្ចាស់ផ្ទះ ជំរុញយ៉ាងដោយទទួចឱ្យអ្នកចូលរួមទទួលវ៉ាក់សាំងបង្កា ដើម្បីការពារការឆ្លងវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង។


អូឡាំពិកក្រុងប៉េកាំង នឹងដំណើរការពីថ្ងៃទី៤ ខែកុម្ភៈ ដល់ថ្ងៃទី២០ ខែកុម្ភៈ។ ម្ចាស់ផ្ទះចិន នឹងរៀបកីឡាករនេះដោយមានការរឹតត្បិត ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩ អំឡុងពេលប្រកួត និងនៅក្នុងប្រទេសទាំងមូល។ 
 
«ចំនួនជនបរទេសនឹងកើនឡើង។​ ពួកគេមកពីប្រទេសផ្សេងៗជុំវិញពិភពលោកទៅកាន់ប្រទេសចិន។ ជាលទ្ធផល ករណីវិជ្ជមានកូវីដ-១៩ ក៏កើនឡើងក្នុងកម្រិតខ្ពស់ផងដែរ»។ នេះជាការអះអាងរបស់លោក Han Zirong អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំអូឡាំពិកក្រុងប៉េកាំង ក្នុងសន្និសីទសារព័ត៌មានមួយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ចាប់តាំងពីចិនមានវត្តមានកូវីដ-១៩ជាថ្មី និងមានករណីអូមីក្រុងលើអ្នកដំណើរពីក្រៅប្រទេសចំនួន៥ករណី ប្រទេសនេះបានបិទព្រំដែនរបស់ខ្លួន នឹងមិនអនុញ្ញាតឱ្យអ្នកគាំទ្រក្រៅប្រទេសចូលទស្សនាការប្រកួតក្នុងកីឡដ្ឋានផ្ទាល់ឡើយ។
 
ស្របពេលគ្នានេះ ម្ចាស់ផ្ទះចិនបានជំរុញឱ្យអត្តពលិកទាំងអស់ដែលចូលរួមអូឡាំពិក និងអ្នកគាំទ្រដែលធ្វើដំណើរចូលទឹកដីចិនទទួលវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ជំងឺឆ្លងទាំងអស់គ្នា៕
 

Tag:
 Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com