ជាតិ
សហគមន៍កសិកម្មតាសីសាមគ្គី គ្រោងនាំចេញ ដើម និង​ផ្កាខាត់ណាលឿង ស ​ខៀវ​ ទៅសិង្ហបុរី
25, Dec 2021 , 7:59 am        
រូបភាព
សហគមន៍កសិកម្ម តាសីសាមគ្គី ដែលមានទីតាំងក្នុងខេត្តបាត់ដំបង គ្រោងនាំចេញ ដើមខាត់ណា ផ្កាខាត់ណាស លឿង និងខៀវ ទៅកាន់ទីផ្សារសិង្ហបុរី នៅឆ្នាំ២០២៣។ បច្ចុប្បន្ន តម្រូវការបន្លែនៅសិង្ហបុរីមិនទាន់គ្រប់គ្រាន់ឡើយ ដូច្នេះប្រសិនគម្រោងនេះដំណើរការ សហគមន៍ រំពឹងនាំចេញប្រមាណ ៥តោនក្នុងមួយថ្ងៃ។

  
 
លោក សោម ចន្ថា អនុប្រធានសហគមន៍កសិកម្ម តាសីសាមគ្គី បានប្រាប់សារព័ត៌មាន Thmey Thmey 25 នៅថ្ងៃទី២០ធ្នូនេះថា សហគមន៍ មានគម្រោងនាំចេញបន្លែ៤មុខ ដូចជា ដើមខាត់ណា ផ្កាខាត់ណាស លឿង និងខៀវ ទៅកាន់ប្រទេសសិង្ហបុរី នៅឆ្នាំ២០២៣ ក្រោមកិច្ចសហការ ជាមួយសហភាពនៃសហគមន៍កម្ពុជា។ លោក សោម ចន្ថា បញ្ជាក់ដូច្នេះថា៖«ដោយសារតែតម្រូវការបន្លៃនៅខាងសិង្ហបុរីហ្នឹង មិនទាន់គ្រប់គ្រាន់ទេ។ អ៊ីចឹង មានខាងសិង្ហបុរីហ្នឹងគេមកបង្រៀនយើង ហើយគេក៏ពិនិត្យឃើញសក្ដានុពលនៅសហគមន៍របស់ខ្ញុំល្អជាងគេ ព្រោះសហគមន៍ខ្ញុំមានមនុស្សច្រើន និងផ្ទៃដីដាំដុះធំ»។ 


 
​លោក សោម ចន្ថា បានបន្ថែមថា គ្រប់បន្លែដែលនាំចេញទាំងអស់ គឺត្រូវតែជាបន្លែសុវត្ថិភាព ដែលផលិតនៅផ្ទះសំណាញ់ (Green house) ដែលមានស្តងដារ និងគុណភាព ពិសេសត្រូវមានវិញ្ញាបនបត្រសុវត្ថិភាពបន្លែ បញ្ជាក់ពីក្រសួងកសិកម្ម។  បើតាមអនុប្រធានសហគមន៍កសិកម្មរូបនេះ បើគម្រោងនេះដំណើរការនេះ សហគមន៍ រំពឹងនាំចេញប្រមាណ៥តោនក្នុងមួយថ្ងៃ ហើយពេលនោះ  កសិករដាំបន្ថែមទាំងនេះ នឹងលែងសូវបារម្ភបញ្ហាទីផ្សារតទៅទៀតហើយ។


 
ជាមួយនឹងក្តីសង្ឃឹមថា អាចនាំចេញបន្លែទៅកាន់ប្រទេសសិង្ហបុរី ក្នុងពេលខាងមុខ លោក សោម ចន្ថា ក៏ទទូចឱ្យកសិករចងក្រងគ្នាជាសហគមន៍ផងដែរ ដើម្បីរួមគ្នាដោះស្រាយបញ្ហាកង្វះទីផ្សារ។ សម្រាប់អនុប្រធានសហគមន៍កសិកម្ម តាសីសាមគ្គី លោកមិនចង់ឃើញកសិករ បន្តដាំបន្លែទាំងភ័យខ្លាចផលិតផលខ្លួនគ្មានទីផ្សារ និងតម្លៃថោកនោះទេ។ ​


រូបភាពពី REMIC 
 
​សូមបញ្ជាក់ថា បច្ចុប្បន្នសហគមន៍តាសីសាមគ្គី បានដាំដុះបន្លែប្រមាណ១៩មុខ ដែលមានសមាជិកសរុប២៤០គ្រួសារ ដែលអាចផលិតបន្លែបានប្រមាណ៧០ ទៅ៨០តោនក្នុងមួយខែ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក៕

រូបភាពពី REMIC

Tag:
 សហគមន៍កសិកម្ម តាសីសាមគ្គី
  បន្លែ
© រក្សាសិទ្ធិដោយ thmeythmey.com