ជាតិ
សេដ្ឋកិច្ច
កម្ពុជា-វៀតណាម សម្រេចទំហំពាណិជ្ជកម្ម ជាង៨ពាន់លានដុល្លារ នៅឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម(ស្តាំ) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ លោក ត្រាន់ គ័កខាញ់ អនុរដ្ឋមន្ត្រីឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ដែលពាក់ព័ន្ធលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរនៅវិមានសន្តិភាព កាលពីថ្ងៃទី២១ធ្នូ ឆ្នាំ២០២១។ រូបថត៖ MoC
× ភ្នំពេញ៖ ១១ខែមកនេះ កម្ពុជា-វៀតណាម សម្រេចទំហំពាណិជ្ជកម្មរួមគ្នា ជាង៨ពាន់លានដុល្លារអាម៉េរិក ខណៈភាគីទាំងពីរកំពុងពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងស្តារសេដ្ឋកិច្ចទ្បើងវិញក្នុងនិងក្រោយវិបតិ្តកូវីដ-១៩។
កម្ពុជា សម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសវៀតណាម បានជាង៨ពាន់លានដុល្លារ នៅក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២១។ តួលេខនេះ ត្រូវបានលើកឡើងក្នុងការជំនួបការងាររវាងលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក ត្រាន់ គ័កខាញ់ អនុរដ្ឋមន្ត្រីឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម នៅសណ្ឋាគារសូហ្វីតែល កាលពីថ្ងៃទី២២ធ្នូ។
លោក សុខ សុភ័ក្ត្រ បានលើកឡើងថា ទំហំពាណិជ្ជកម្មនេះ បានបង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិដ៏ល្អប្រសើរលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងកម្ពុជា-វៀតណាមជាពិសេសផលិតផលកសិកម្ម និងកែច្នៃ ទោះបីជាប្រទេសទាំងពីរ ទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នាពេលកន្លងមកក៏ដោយ។ ទំហំពាណិជ្ជកម្មនឹងកើនថែមទៀត ក្រោយភាគីប្រទេសទាំងពីរចុះហត្ថលេខានិងនីតិវិធីក្នុងស្រុក កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម ដែលគ្រោងធ្វើឡើងនៅក្នុងឆ្នាំ២០២២។
បើតាម សុខ សុភ័ក្ត្រ ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម ចូលជាធរមាន នឹងជំរុញកំណើន-ស្តារសេដ្ឋកិច្ចទ្បើងវិញក្នុងនិងក្រោយវិបត្តិកូវីដ-១៩។ ជាពិសេស គឺជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់ប្រជាពលរដ្ឋរស់នៅតាមព្រំដែននៃប្រទេសទាំងពីរ។
សូមជម្រាបថា កាលឆ្នាំ២០២០ ពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម មានទំហំជាង ៥ពាន់លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com