អន្តរជាតិ
UN អនុម័តសេចក្តីសម្រេចផ្តល់ជំនួយមនុស្សធម៌សម្រាប់អាហ្វហ្គានីស្ថាន
24, Dec 2021 , 8:59 pm        
រូបភាព
ទិដ្ឋភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ រូបថត AFP
ទិដ្ឋភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ រូបថត AFP
ដោយ: VOA
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយដែលត្រូវបានស្នើឡើងដោយសហរដ្ឋអាមេរិកដែលមានគោលបំណងសម្របសម្រួលជំនួយដល់ប្រទេសអាហ្វហ្គានីស្ថាន ហើយដែលនៅទីនោះ សង្គ្រាមនិងការដាក់ទណ្ឌកម្មបានធ្វើឲ្យប្រទេសនោះ ជិតមានគ្រោះមហន្តរាយខាងមនុស្សធម៌ និងការដួលរលំខាងសេដ្ឋកិច្ច។

 
ក្រុមតាលីបង់ បានត្រួតត្រាប្រទេសអាហ្វហ្គានីស្ថានឡើងវិញនៅពាក់កណ្តាលខែសីហា បន្ទាប់ពីសង្គ្រាមអស់រយៈពេល២០ឆ្នាំប្រឆាំងនឹងក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិក។
 
ចាប់តាំងពីពេលនោះមក ប្រទេសលោកខាងលិច បានផ្អឹបជំនួយ និងទ្រព្យសម្បត្តិដែលមានតម្លៃជិត៩.៥០០លានដុល្លារដល់ប្រទេសដែលពឹងផ្អែកជំនួយមួយនេះ ដែលមានប្រជាពលរដ្ឋជាង៤០លាននាក់ ហើយដែលក៏កំពុងប្រឈមរដូវត្រជាក់ខ្លាំងផងដែរ។
 
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ បានអនុម័តដោយសំឡេងឯកច្ឆនៈកាលពីថ្ងៃពុធ ដែលនិយាយថា «សេចក្តីសម្រេចនេះ បានផ្តល់ការលើកលែងឲ្យរួចផុតពីការផ្អឹបទ្រព្យសម្បត្តិរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រឆាំងនឹងសមាជិករបស់ក្រុមតាលីបង់ដែលមានក្នុងបញ្ជីឈ្មោះនិងអង្គភាពពាក់ព័ន្ធសម្រាប់តែការផ្តល់ជំនួយមនុស្សធម៌និងសកម្មភាពផ្សេងៗទៀតដែលគាំទ្រសេចក្តីត្រូវការរបស់មនុស្សដ៏សំខាន់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលក្រុមប្រឹក្សាសន្តិសុខនឹងសើរើពិនិត្យមើលមួយឆ្នាំម្តង»។
 
អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា អនុម័តនៃសេចក្តីសម្រចចិត្តនោះ ជា«ជំហានដ៏ល្អមួយ»។ លោកក៏បានសម្តែងនូវក្តីសង្ឃឹមថា ការអនុម័តនេះ នឹងបង្កើនល្បឿនដើម្បីលុបចោលការដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើអង្គភាពដែលមានការជាប់ទាក់ទិនជាមួយក្រុមតាលីបង់៕
 
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះ ត្រូវបានដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មាន AFP, AP និង Reuters។

© រក្សាសិទ្ធិដោយ thmeythmey.com