COVID-19
អន្តរជាតិ
ទីភ្នាក់ងារឱសថអាមេរិក ផ្តល់ការអនុញ្ញាតក្នុងគ្រាអាសន្នឲ្យប្រើថ្នាំគ្រាប់ព្យាបាលកូវីដ-១៩របស់ Pfizer
25, Dec 2021 , 3:59 pm        
រូបភាព
ដោយ: VOA
ទីភ្នាក់ងារម្ហូបអាហារនិងឱសថ (FDA) របស់សហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យប្រើក្នុងគ្រាអាសន្ននូវថ្នាំគ្រាប់ប្រឆាំងវីរុស (antiviral) សម្រាប់ព្យាបាលជំងឺកូវីដ១៩។ នេះបើតាមក្រុមហ៊ុន Pfizer ដែលជាក្រុមហ៊ុនផលិតថ្នាំគ្រាប់នោះបញ្ជាក់កាលពីថ្ងៃពុធកន្លងមក។

 
ក្រុមហ៊ុននោះ បានបញ្ជាក់ថា ថ្នាំគ្រាប់ដែលត្រូវផឹកជាមួយថ្នាំមួយទៀតឈ្មោះ Ritonavir មានប្រសិទ្ធភាព៩០ភាគរយនៅក្នុងការបង្ការជំងឺធ្ងន់ធ្ងរដែលតម្រូវឱ្យចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងការស្លាប់សម្រាប់មនុស្សដែលមានហានិភ័យខ្ពស់។
 
លោកវេជ្ជបណ្ឌិត Gregory Poland នៃមន្ទីរព្យាបាលគ្លីនិក Mayo បានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា៖ «ប្រសិទ្ធភាពរបស់ថ្នាំគ្រាប់នោះមានកម្រិតខ្ពស់ ផលប៉ះពាល់មានកម្រិតទាប ហើយវាជាថ្នាំលេប។ លោកអ្នកនឹងឃើញការកាត់បន្ថយហានិភ័យចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្លាប់ដល់ចំនួន៩០ភាគរយនៅក្នុងក្រុមមនុស្សដែលមានហានិភ័យខ្ពស់។ នេះ ជារឿងអស្ចារ្យមួយ»។
 
ថ្នាំគ្រាប់នេះ ជាការព្យាបាលវីរុសបង្កជំងឺកូវីដ១៩លើកដំបូងនៅផ្ទះ ហើយត្រូវបានទទួលការយល់ព្រមឲ្យប្រើសម្រាប់មនុស្សដែលមានអាយុ១២ឆ្នាំឡើងទៅ ដែលមានហានិភ័យខ្ពស់។
 
ក្រុមហ៊ុន Pfizer បានបញ្ជាក់ថា ខ្លួនបានប្រុងប្រៀបរួចហើយដើម្បីចាប់ផ្តើមចែកចាយឱសថនោះភ្លាមៗនៅក្នុងសហរដ្ឋអាមេរិក ហើយនឹងផលិត១៤០លានកញ្ចប់នៅក្នុងឆ្នាំ២០២២៕
 
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP និង Reuters។
 

© រក្សាសិទ្ធិដោយ thmeythmey.com