ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្តសៀមរាប ដាំកូនឈើ២ពាន់ដើម នៅតំបន់រងការទន្ទ្រាន
28, Dec 2021 , 6:30 pm        
រូបភាព
ការដាំស្ដារកូនឈើឡើងវិញ ចំនួន២ពាន់ដើម ក្នុងខេត្តសៀមរាប។ រូបភាពពី រដ្ឋបាលខេត្តសៀមរាប
ការដាំស្ដារកូនឈើឡើងវិញ ចំនួន២ពាន់ដើម ក្នុងខេត្តសៀមរាប។ រូបភាពពី រដ្ឋបាលខេត្តសៀមរាប
អាជ្ញាធរខេត្តសៀមរាប ចុះដាំកូនឈើចំនួន២ពាន់ដើម នៅដែនសហគមន៍សសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប។ ការដាំកូនឈើ គឺដើម្បីស្ដារឡើងវិញនៅតំបន់នេះ ដែលរងការទន្ទ្រានព្រៃលិចទឹក និងកាន់កាប់ខុសច្បាប់។



នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានចុះដាំកូនឈើ ជាប្រភេទឈើលិចទឹក ចំនួន២ពាន់ដើម នៅលើផ្ទៃដី២ហិកតា ដែលរងការកាប់ទន្ទ្រានបំផ្លាញនាពេលកន្លងមក។ លោក លី សំរិទ្ធ អភិរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប ប្រាប់សារព័ត៌មានថ្មីៗ២៥ថា ការដាំកូនឈើព្រៃលិចទឹកនេះ ដើម្បីស្ដារព្រៃឈើលិចទឹកនៅតំបន់បឹងទន្លេសាប នៅខេត្តសៀមរាប ដែលរិចរឹល ដោយសារការកាប់បំផ្លាញ និងកាន់កាបខុសច្បាប់ នាពេលថ្មីៗនេះ។

បើតាមអ្នកនាំពាក្យរដ្ឋខេត្តសៀមរាបរូបនេះ ដើមឈើ ដែលយកមកដាំស្ដារឡើងវិញ ក្នុងភូមិសាស្ត្រ ដែនសហគមន៍សសរស្ដម្ភ ស្រុកពួក រួម​មាន ដើមឫស្សី ដើមរាំងទឹក ជាដើម សម្រាប់ដាំស្ដារព្រៃ និង ត្នោត ដាំសម្រាប់ធ្វើព្រំ។ សម្រាប់លោក លី សំរិទ្ធ ការដាំដើមឈើឡើងវិញ នៅតំបន់ព្រៃលិចទឹកក្នុងបឹងទន្លេសាប ក្នុងខេត្តសៀមរាបនេះ មានសារៈសំខាន់ ដើម្បីផ្ដល់លំនឹងដល់ប្រព័ន្ធអេកូឡូស៊ី ក្នុងតំបន់បឹងទន្លេសាប ដែលជាតំបន់ជីវៈចម្រុះ ដូចជាសត្វស្លាប ជាពិសេសផ្ដល់នូវជម្រកពងកូន និងចំណី ដល់សត្វក្នុងទឹក។

ក្នុងខេត្តសៀមរាប ការទន្ទ្រានដីព្រៃលិចទឹក ដែលអាជ្ញាធររកឃើញ និងទទួលបានពីពលរដ្ឋនេះ មានចំនួន២,២ពាន់ហិកតា ដូច្នេះខេត្តសៀមរាប នឹងត្រូវដាំកូនឈើលើសពី២ពាន់ដើមទៅទៀត ដើម្បីស្ដារព្រៃលិចទឹកនេះឡើងវិញ។ លោក លី សំរិទ្ធ អះអាងដូច្នេះថា៖«តម្រូវការការដាំស្ដារកូនឈើឡើងវិញ នៅទីតាំងទន្ទ្រាននេះ យើងត្រូវការរាប់សែនដើមឯណោះ។ ចំពោះ ការដាំស្ដារដើមឈើនេះ យើងទើបចាប់ផ្ដើមបាន២​ ឬ៣ថ្ងៃនេះទេ ដូច្នេះយើងដាំបានរាប់ពាន់ដើមហើយ គ្រាន់កន្លែងខ្លះ»។

ទំហំនៃការស្ដារឡើងវិញ ក្នុងតំបន់រងការទន្ទ្រាននេះ លោក លី សំរិទ្ធ នៅមិនទាន់អាចបញ្ជាក់បាន នៅឡើងនោះទេ ដោយរង់ចាំទឹកស្រកវិញ ប្រហែលនៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១ ខាងមុខនេះ។ លោកបន្ថែមទៀត បច្ចុប្បន្ននេះ ពលរដ្ឋដែលធ្វើកសិកម្មលើដីព្រៃលិចទឹក ក្នុងខេត្តសៀមរាប បន្តប្រគល់ជូនអាជ្ញាធរខេត្ត ជាបន្តបន្ទាប់ផងដែរ ក្រោយប្រមុខរដ្ឋាភិបាលប្រកាស ចាត់វិធានការណ៍ លើអ្នកប្រព្រឹត្តិខុសច្បាប់នេះ។ សូមរម្លឹកផងដែរថា ខេត្តដែលរងការទន្ទ្រានដីព្រៃលិចទឹកនៅបឹងទន្លេសាប រួមមានខេត្តកំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ៕

Tag:
 ព្រៃលិចទឹកបឹងទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com