ជាតិ
​​​ន​យោ​បាយ​ជាតិ​
ការកំណត់អាយុចូលនិវត្តន៍នាយករដ្ឋមន្ត្រី នឹងត្រូវរៀបចំឡើងក្រោយពីសម្ដេច ហ៊ុន សែន ចេញពីតំណែង
29, Dec 2021 , 9:58 am        
រូបភាព
នាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការ ក្រសួងការពារជាតិថ្មី ថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេច ហ៊ុន សែន បានប្រកាសថា អាយុនាយករដ្ឋមន្រ្តី នឹងត្រូវរៀបចំឡើងនៅពេលខាងមុខ។



ថ្លែងចំពោះមុខមន្ត្រីរដ្ឋាភិបាល សម្ដេច បានបញ្ជាក់ថា ការកំណត់អាយុចូលនិវត្តន៍នាយករដ្ឋមន្រ្តីនេះ នឹងធ្វើឡើងនៅក្រោយពេលដែលសម្ដេច ចាកចេញពីតំណែងនាយករដ្ឋមន្រ្តីបច្ចុប្បន្ន។ សម្ដេច ហ៊ុន សែន ធ្វើបែបនេះ ដើម្បីឆ្លើយតបទៅលោក សម រង្ស៊ី ដៃគូនយោបាយប្រឆាំងសម្ដេចជិត៣០ឆ្នាំមកនេះ។ សម្ដេចមិនទាន់អាចបញ្ជាក់ថា អាយុនាយករដ្ឋមន្រ្តី កំណត់ត្រឹមអាយុប៉ុន្មាននោះទេ។
 
ប៉ុន្តែបើសិនជាច្បាប់កំណត់អាយុចូលនិវត្តន៍នាយករដ្ឋមន្រ្តីនេះ រៀបចំឡើងមែននោះ វាជារូបភាពមួយ ដែលបិទបញ្ចប់បំណងប្រជែងនយោបាយធ្វើនាយករដ្ឋមន្ត្រីរបស់លោក សម រង្ស៊ី ខណៈដែលមេដឹកនាំប្រឆាំងមួយនេះ មានវ័យ៧០ឆ្នាំទៅហើយ។
 
ក្រៅពីប្រកាសបែបនេះហើយ ប្រមុខរដ្ឋាភិបាល ក៏បង្ហើបកាន់តែច្បាស់ថា អនាគតនាយករដ្ឋមន្រ្តីនាពេលខាងមុខ គឺលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្ដេច។ «ក្រោយឆ្នាំ២០២៣ ខ្ញុំនឹងក្លាយជាឪពុកនាយករដ្ឋមន្រ្តី»។ នេះជាការបញ្ជាក់របស់សម្ដេច ដែលបានបន្ថែមថា សម្ដេចក៏នឹងក្លាយជាជីតានាយករដ្ឋមន្ត្រី នៅឆ្នាំ២០៤០។ 
 
កាលពី២៤ ធ្នូ គណៈកម្មាធិការថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា បានបើកមហាសន្និបាតមួយ ដោយបោះឆ្នោតគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីអនាគតរបស់បក្ស។ ចំណែកសម្ដេច ទៀ បាញ់ និងឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ត្រូវបានជ្រើសតាំងជាអនុប្រធានគណបក្ស។

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com