ជាតិ
សេដ្ឋកិច្ច
អគារទីស្តីការក្រសួងការពារជាតិថ្មីធំជាង១០ដងនៃអគារចាស់ ត្រូវបានសម្ពោធដាក់ឱ្យប្រើជាផ្លូវការ
29, Dec 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ អគារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទីស្តីការថ្មីរបស់ក្រសួងការពារជាតិដែលមានទំហំធំជាង១០នៃអគារចាស់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៩ធ្នូ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន។  ទីស្តីការក្រសួងការពារជាតិថ្មីនេះ មានផ្ទៃក្រឡាប្រើប្រាស់រហូតដល់ជាង ៣ម៉ឺនម៉ែត្រការ៉េ។​

 
អគាររដ្ឋបាល-សាលប្រជុំទីស្តីការថ្មីរបស់ក្រសួងការពារជាតិ មានទទឹង២៨ម៉ែត្រ និងបណ្តោយ១៩១ម៉ែត្រ រួមជាមួយនឹងកម្ពស់៣២ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់មិត្ដភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ បើតាមសម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ អគារទីស្តីការថ្មីរបស់ក្រសួងនេះ គឺមាន​ផ្ទៃក្រឡាប្រើប្រាស់សរុប ៣០ ៩៧៩ម៉ែត្រការ៉េ ដែលមានទំហំធំជាង១០ដង បើធៀបនឹងទំហំអគារចាស់ ដែលមានតម្លៃប្រមាណ៤០លានដុល្លារអាម៉េរិក។ 
 
សម្តេច ទៀ បាញ់ បានបញ្ជាក់ថា អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី ត្រូវបានបញ្ចូលនូវរចនាបទខ្មែរទៅក្នុងសោភ័ណភាពនៃសំណង់។ អគារថ្មីនេះ​ត្រូវបានចែកចេញជា៣ផ្នែក ផងដែរ។ ក្នុងការផ្នែកខាងកើតឬស្លាបឆ្វេង មានតំបន់ធានាឲ្យការត្រួតពលក្នុងអគារ(ពេលមានភ្លៀង) មានបន្ទប់ប្រជុំតូច-ធំ, បន្ទប់សវនាការតូច-ធំ, ទីកន្លែងសន្នីសិទកាសែត និងសាលប្រជុំថ្នាក់ជាតិ-អន្តរជាតិ ដែលមានសមត្ថភាពទទួលបានមនុស្សចូលរួមបាន១ពាន់នាក់។
 
សម្រាប់ផ្នែកកណ្តាលវិញ គឺមានទីធ្លាបដិសណ្ឋារកិច្ច និងរង់ចាំទទួលភ្ញៀវនៅជាន់ផ្ទាល់ដី និងជាន់ទីមួយ ជាទីធ្លា សម្រាប់ពិធីត្រួតពល កងកិត្តិយស ខណៈផ្នែកខាងលិច ឬស្លាបស្ដាំ មានសាលពិព័រណ៍ បន្ទប់រក្សាឯកសារ កន្លែងបម្រើការធានាសន្តិសុខសុវត្ថិភាព និងមានការិយាល័យធ្វើការថ្នាក់ដឹកនាំក្រសួងការពារជាតិ និងបណ្តាការិយាល័យសំខាន់ចាំបាច់មួយចំនួន​។ 
 
ការសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាល-សាលប្រជុំទីស្តីការថ្មីរបស់ក្រសួងការពារជាតិនេះ គឺត្រូវបានប្រារព្ធឡើងចំខួបលើកទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេច ហ៊ុន សែន។ នេះជា​ការលើកឡើងរបស់សម្តេច ទៀ បាញ់។​​ 
 
សូមជម្រាប ថា អគាររដ្ឋបាលនិងសាលប្រជុំទីស្តីការថ្មីរបស់ក្រសួងការពារជាតិ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០មិថុនា ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០តុលា ឆ្នាំ២០២១៕ 

Tag:
 ការពារជាតិ
  សម្តេច ហ៊ុន សែន
  សម្តេច ទៀ បាញ់
© រក្សាសិទ្ធិដោយ thmeythmey.com