កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo, Salah និង Lewandowski ក្នុងចំណោមកំពូលកីឡាទាំង១០ប្រឈមបាត់មុខនៅ World Cup 2022
01, Jan 2022 , 8:39 am        
រូបភាព
Cristiano Ronaldo អាចនឹងខកខានចូលរួម FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា ដែលទំនងជាព្រឹត្តិការណ៍ចុងក្រោយក្នុងអាជីពរបស់គេផង។ មិនត្រឹមតែ Ronaldo ឡើយ កំពូលកីឡាករឆ្នើមៗជាច្រើនរូបទៀតដូចជា Edinson Cavani, Mohamed Salah, Bruno Fernandes និង Robert Lewandowski ជាដើមក៏ប្រឈមបាត់មុខពីព្រឹត្តិកាណ៍បាល់ទាត់ពិភពលោកឆ្នាំក្រោយដែរ។


ការប្រឈមបាត់មុខរបស់ Ronaldo ខ្សែប្រយុទ្ធក្រុម Manchester United កើតឡើងដោយសារក្រុមជម្រើសជាតិព័រទុយហ្កាល់មិនអាចឆ្លងផុតវគ្គជម្រុះបឋមតាមពូលប្រចាំទំបន់អឺរ៉ុបដោយស្វ័យប្រវត្តិ។ ព័រទុយហ្កាល់ ដែលបញ្ចប់លេខ២ក្នុងពូលត្រូវបន្តលេងវគ្គ Play-off ពីរប្រកួតទៀតដើម្បីបានកៅអីទៅកាតាឆ្នាំ២០២២ ខណៈពួកគេស្ថិតនៅក្នុង path C ដោយត្រូវជួបម្ចាស់ជើងឯកឆ្នាំ២០០៦ អ៊ីតាលីថែមទៀត។
 
ប្រសិនបើព័រទុយហ្កាល់ មិនអាចឆ្លងផុតវគ្គ Play-off មិនត្រឹមតែប្រធានក្រុម Ronaldo ទេ កីឡាករឆ្នើមៗដូចជាមិត្តរួមក្រុមបិសាចក្រហម Fernandes, Bernardo Silva និង Rúben Dias សមាជិក Man City សុទ្ធតែត្រូវបាត់មុខដូចគ្នា។
 
Edinson Cavani សមាជិកក្រុម Man Utd និង Luis Suarez របស់ AT-Madrid ដ្បិតក្រុមអ៊ុយរូហ្កាយស្ថិតនៅចំណាត់ថ្នាក់ទី៧ក្នុងតារាងពិន្ទុក្នុងចំណោមក្រុមទាំង១០ដែលត្រូវជម្រុះនៅតំបន់អាម៉េរិកខាងត្បូង (CONMEBOL)។ កូតានៅអាម៉េរិកខាងត្បូង FIFA ផ្តល់ឱ្យ៥កៅអីប៉ុណ្ណោះ ដោយត្រូវយកក្រុមដែលបញ្ចប់ក្នុងចំណាត់លេខ១ដល់ទី៥ ក្នុងចំណោម១០ក្រុមនៅវគ្គជម្រុះ។
 
អ៊ុយរូហ្កាយ រកបាន១៦ពិន្ទុពីការប្រកួត១៤លើក ឈរនៅលេខរៀងទី៧ តាមពីក្រោយក្រុមលេខ៥ ប៉េរូចំនួន១ពិន្ទុ ខណៈការប្រកួតនៅសល់៤លើកទៀត។
 
អ្នកចាំទី Gianluigi Donnarumma របស់ PSG ក៏ប្រឈមបាត់មុខនៅ World Cup 2022 ផងដែរ ដោយសារក្រុមជម្រើសជាតិអ៊ីតាលីត្រូវលេងវគ្គ play-off ហើយស្ថិតក្នុង Path C ជាមួយព័រទុយហ្កាល់។
 
Robert Lewandowski នឹងខកឱកាសចូលរួម World Cup ឆ្នាំក្រោយ ប្រសិនបើរូបគេមិនអាចជួយក្រុមប៉ូឡូញឆ្លងផុតវគ្គ play-off។ ប៉ូឡូញ ស្ថិតនៅ Path B ដោយត្រូវជួបរុស្ស៊ី ខណៈស៊ុយអែតប៉ះឆែក។ ក្រុមណាឈ្នះនៅជំនួបនេះ នឹងបន្តប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមកៅអីទៅកាតា។
 
Gareth Bale បានជួយវេលស៍ ឈានទៅដល់វគ្គ play-off ជាលើកដំបូង។ សមាជិកក្រុម Real Madrid ត្រូវបន្តជួយវេលស៍ប៉ះអូទ្រីសនៅ Path A ឯស្កុតឡែនជួបអ៊ុយក្រែន។ នេះជាឱកាសចុងក្រោយសម្រាប់ Bale ដើម្បីបង្ហាញមុខនៅ World Cup ជាលើកដំបូងរបស់គេ។
 
Mohamed Salah ខ្សែប្រយុទ្ធឆ្នើម Liverpool បានជួយក្រុមជម្រើសជាតិអេហ្ស៊ីបឆ្លងផុតវគ្គជម្រុះតាមពូលក្នុងតំបន់អាហ្វ្រិកជាមួយ៩ក្រុមផ្សេងទៀត។ ១០ក្រុម នឹងត្រូវបន្តប៉ះគ្នានៅវគ្គជម្រុះចុងក្រោយដើម្បីរក៥ក្រុមទៅ World Cup ឆ្នាំក្រោយ។
 
គិតត្រឹមពេលនេះ World Cup 2022 ទើបរកឃើញ១៣ក្រុមប៉ុណ្ណោះក្នុងចំណោម៣២ក្រុម រួមទាំងម្ចាស់ផ្ទះកាតា។ ១០ក្រុមពីអឺរ៉ុបដែលទទួលបានកៅអីស្វ័យប្រវត្តិ រួមមាន ម្ចាស់ការពារជើងឯកបារាំង ក្រូអាស៊ី បែលហ្ស៊ិក អាល្លឺម៉ង់ ដាណឺម៉ាក អេស្ប៉ាញ ស៊ែប៊ី អង់គ្លេស ស្វីស និងហូឡង់។ ប្រេស៊ីល និងអាហ្សង់ទីន បានកៅអីមុនគេប្រចាំតំបន់អាម៉េរិកខាងត្បូង៕
 

Tag:
 World Cup
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com