ជាតិ
អាហារូបករណ៍សំខាន់ៗក្រៅប្រទេសចំនួន១០ ដែលនិស្សិតខ្មែរមិនគួររំលង
01, Jan 2022 , 9:59 am        
រូបភាព
ភ្នំពេញ៖ ការសិក្សានៅក្រៅប្រទេស ជាឱកាសដ៏ល្អដើម្បីបង្កើនចំណេះដឹង និងទទួលបានបទពិសោធន៍ថ្មី។ និស្សិតភាគច្រើន តែងមានក្តីស្រមៃចង់ហោះហើរទៅសិក្សានៅក្រៅប្រទេស ដើម្បីបង្កើនសមត្ថភាព ចំណេះ ជំនាញ និងទទួលបានការងារល្អមួយក្រោយបញ្ចប់ការសិក្សា។ និស្សិតខ្មែរជាច្រើនរូបហើយ ដែលបានទៅសិក្សានៅក្រៅប្រទេស តាមជំនាញដែលខ្លួនស្រលាញ់។



សារព័ត៌មានថ្មីៗ សូមណែនាំអាហារូបករណ៍ ដែលនិស្សិតខ្មែរ១០រូប ធ្លាប់ទទួលបាន និងកំពុងសិក្សានៅក្រៅប្រទេសផ្សេងៗគ្នា។ អាហារូបករទាំង១០នេះ សុទ្ធតែមានអត្ថប្រយោជន៍ដូចៗគ្នា ដោយនិស្សិតភាគច្រើន ទទួលបានការសិក្សាឥតគិតថ្លៃ ការស្នាក់នៅ ធានារ៉ាប់រងសុខភាព និងទទួលបានប្រាក់ប្រចាំខែផងដែរ។ ក្រៅពីនេះ ក៏ជួយឱ្យនិស្សិតទាំងនោះ បានពង្រីកបណ្ដាញទំនាក់ទំនងថ្មីៗ មានឱកាសសិក្សាស្វែងយល់ពីជីវភាពរស់នៅ វប្បធម៌ សេដ្ឋកិច្ច សង្គមនយោបាយនៃប្រទេសនីមួយៗ រួមទាំងឱកាសការងារល្អទៀតផង។ 
 
អាហារូបករណ៍ ថ្នាក់បរិញ្ញបត្រសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម

ភោគ គឹមលៀង ជានិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញបត្រ ជំនាញវិជ្ជបណ្ឌិតទូទៅ នៅប្រទេសវៀតណាម

លោក ភោគ គឹមលៀង ជានិស្សិតវ័យ២៤ឆ្នាំម្នាក់ ដែលកំពុងសិក្សាថ្នាក់បរិញ្ញបត្រ ជំនាញវេជ្ជបណ្ឌិតទូទៅ នៅប្រទេសវៀតណាម។ អតីតសិស្សវិទ្យាល័យសុខអានត្រាំខ្នារូបនេះ បានស្គាល់អាហារូបករណ៍នេះតាមរយៈបណ្តាញហ្វេសប៊ុក និងបានទៅស្នើរសុំពាក្យសិក្សានៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍។ ចំពោះ ការដាក់ពាក្យទៅសិក្សានៅប្រទេសវៀតណាម និស្សិតត្រូវមាន ជីវប្រវត្តិមួយសន្លឹក បង្កាន់ដៃដាក់ពាក្យ កិច្ចសន្យា សញ្ញាបត្រថ្នាក់ទី១២ និងរូបថត ៤x៦ ចំនួន ៤សន្លឹក។ ក្រោយបញ្ចប់ការសិក្សា និស្សិតរូបនេះមានកិច្ចសន្យាជាមួយក្រសួងអប់រំ ដោយត្រូវត្រឡប់មកប្រទេសកម្ពុជាដើម្បីបម្រើជាតិ។ 
 
អាហារូបករណ៍រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន តាមរយៈក្រសួង អប់រំ យុវជននិងកីឡា

កញ្ញា ជាតិ សុខហួន និស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញ ឱសថសាស្ត្រ នៅសាលា Southern Medical University នៃប្រទេសចិន។ 

កញ្ញា ជាតិ សុខហួន ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញ ឱសថសាស្ត្រ នៅសាលា Southern Medical University នៃប្រទេសចិន។ មានស្រុកកំណើតជាអ្នកខេត្តតាកែវ សុខហួន ទទួលបានអាហារូបករណ៍នេះ តាមរយៈការប្រឡង រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ដែលអាចទិញពាក្យ និងដាក់ពាក្យ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍។ ចំពោះ និស្សិតដែលមានបំណងចង់ទទួលបានអាហារូបករណ៍នេះ អាចតាមដានការផ្សព្វផ្សាយ ស្ដីពីអាហារូបករណ៍នៅក្នុង គេហទំព័រហ្វេសប៊ុក របស់ក្រសួងអប់រំផ្ទាល់។ ក្រោយបញ្ចប់ការសិក្សា និស្សិតវ័យ២១ឆ្នាំរូបនេះ ចង់ចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា និងរួមចំណែកជួយពលរដ្ឋ ដែលគ្មានលទ្ធភាពទិញឱសថព្យាបាលជំងឺ។ 
 
គម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស ដែលជាជំនួយឥតសំណងរបស់ជប៉ុន (JDS)

លោក គឹម អំណត់ អតីតនិស្សតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យ Ritsumeikan នៅទីក្រុងក្យូតុ ប្រទេសជប៉ុន 

លោក គឹម អំណត់ ជានិស្សិតវ័យ៣០ឆ្នាំម្នាក់ ធ្លាប់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យ Ritsumeikan នៅទីក្រុងក្យូតុ ប្រទេសជប៉ុន ពីឆ្នាំ២០១៨ ដល់ ២០២០។ លោក អំណត់ បានលើកឡើងថា ការសិក្សានៅប្រទេសជប៉ុនបានជួយឱ្យលោកពង្រីកការយល់ដឹងកាន់តែទូលំទូលាយ ពង្រឹងសមត្ថភាពវិភាគវែកញែក ព្យាករ ស្រាវជ្រាវ និងសរសេរ។ អ្នកស្រុកស្អាង ខេត្តកណ្ដាលរូបនេះ បានទទួលព័ត៌មានអាហារូបករណ៍ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ បច្ចុប្បន្ន លោកបានត្រឡប់មកបម្រើការងារនៅកម្ពុជាវិញហើយ។ ក្រោយបញ្ចប់ការសិក្សា លោកបានយកចំណេះដឹង រួមទាំងបទពិសោធន៍ពីការសិក្សា មកអភិវឌ្ឍស្ថានប័ន ដែលលោកកំពុងបម្រើការងារ។ ក្រៅពីនេះ លោកក៏ចង់ចូលរួមពង្រីកគុណភាពវិស័យសិក្សាធិការផ្នែកទំនាក់ទំនងអន្តរជាតិ តាមរយៈការចែករំលែកគ្រប់រូបភាព និងការបង្រៀន។
 
អាហារូបករណ៍ របស់រាជរដ្ឋាភិបាលកូរ៉េ (GKS) ផ្តល់ជូននិស្សិតបរទេសសម្រាប់ថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សា (អនុបណ្ឌិត ឬបណ្ឌិត)

កញ្ញា លី សុភី បានបញ្ចប់ការសិក្សាកាលពីឆ្នាំ២០១៧ ថ្នាក់អនុបណ្ឌិតផ្នែក ហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិ ទីក្រុងសេអ៉ូល ប្រទេសកូរ៉េ

កញ្ញា លី សុភី បានបញ្ចប់ការសិក្សាកាលពីឆ្នាំ២០១៧ ថ្នាក់អនុបណ្ឌិតផ្នែក ហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិ ទីក្រុងសេអ៉ូល (Seoul National University) ក្រោមកម្មវិធីអាហារូបករណ៍របស់រាជរដ្ឋាភិបាលកូរ៉េ រយៈពេលពេល ៣ឆ្នាំ។ បើតាមកញ្ញា សុភី អាហារូបករណ៍នេះ បង្កើត និងគ្រប់គ្រង ដោយវិទ្យាស្ថានជាតិសម្រាប់ការអភិវឌ្ឍអប់រំអន្តរជាតិ (NIIED) ដែលជាសាខានៃក្រសួងអប់រំប្រទេសកូរ៉េ។ អាហារូបករណ៍នេះ ចេញផ្សាយនៅដើមខែកញ្ញា សម្រាប់ថ្នាក់បរិញ្ញាបត្រ និងដើមខែកុម្ភៈ សម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅលើគេហទំព័រការសិក្សានៅកូរ៉េ (http://www.studyinkorea.go.kr/) ។ សិស្ស និស្សិត អាចជ្រើសរើសការដាក់ពាក្សស្នើសុំអាហារូបករណ៍តាមស្ថានទូត ឬសាកលវិទ្យាល័យ។ ក្រៅពីកម្មវិធីអាហារូបករណ៍នេះ រាជរដ្ឋាភិបាលកូរ៉េ ក៏ផ្តល់អាហារូបករណ៍ជាច្រើនដូចជា អាហារូបករណ៍តាមរយៈសាស្រ្តាចារ្យ អាហារូបករណ៍មូលនិធិទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ អាហារូបករណ៍មូលនិធិ POSCO អាហារូបករណ៍មូលនិធិ ILWOO (Korean Air Scholarship) អាហារូបករណ៍មូលនិធិ Samsung Dream និងអាហារូបករណ៍តាមរយៈសាកវិទ្យាល័យនានា។ បច្ចុប្បន្ន កញ្ញា សុភី ជាប្រធាននាយកប្រតិបត្តិការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី)។ ក្រៅពីការងារអាជីព កញ្ញាបានធ្វើជាវាគ្មិន ចែករំលែកបទពិសោធន៍ និងគន្លឹះក្នុងការដាក់អាហារូបករណ៍។ កញ្ញា ក៏ជាសមាជិកក្រុមយុវជនលើការសាងសង់បណ្ណាល័យក្នុងសហគមន៍ និងជាគ្រូបណ្តុះបណ្តាលធុរៈកិច្ចថ្មីផងដែរ។
 
អាហារូបករណ៍នៅប្រទេសស៊ុអែត៖ The Swedish Institute Scholarship for Global Professionals (SISGP)

លោក ជៀប ពុទ្ធិកា និស្សិតកំពុងសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកស្រាវជ្រាវអប់រំ (International Master Programme in Educational Research) នៅសាកលវិទ្យាល័យ Gothenburg នៃប្រទេស ស៊ុយអែត 

លោក ជៀប ពុទ្ធិកា មានវ័យ ២៩ឆ្នាំ កំពុងសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកស្រាវជ្រាវអប់រំ (International Master Programme in Educational Research) នៅសាកលវិទ្យាល័យ Gothenburg នៃប្រទេស ស៊ុយអែត រយៈពេល២ឆ្នាំ។ ចំពោះនិស្សិត ដែលចាប់អារម្មណ៍អាហារូបករណ៍នេះ គួរតាមដាន Website និង បណ្តាញសង្គមរបស់វិទ្យាស្ថានស៊ុយអែត ដែលមានឈ្មោះថា Swedish Institute Scholarships for Global Professionals ឬ Facebook page របស់ស្ថានទូតស៊ុយអែតប្រចាំប្រទេសកម្ពុជា ហើយគួរអានពីការណែនាំពីការដាក់ពាក្យអាហារូបករណ៍ឱ្យបានច្បាស់។ នៅពេលដាក់ពាក្យនិស្សិតត្រូវជ្រើសរើសសាលាជាមុនសិន បន្ទាប់មកបំពេញតាមលក្ខខណ្ឌដែលគេទាមទារ ក្នុងនោះមានដូចជា ពិន្ទុ IELTS យ៉ាងតិច ៦ សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ដែលពាក់ព័ន្ធនឹងជំនាញដែលខ្លួនស្នើសុំ និង លិខិតបង្ហាញពីចំណាប់អារម្មណ៍ (Motivation letter) ជាដើម។ ក្រោយទទួលបានការយល់ព្រមឱ្យចូលរៀន ទើបនិស្សិតមានសិទ្ធិដាក់ពាក្យសុំអាហារូបករណ៍ពីវិទ្យាស្ថានស៊ុយអែត ដោយត្រូវភ្ជាប់ជាមួយ study plan, motivation letter, CV, នឹង reference letter។ ក្រោយបញ្ចប់ការសិក្សា លោកមានបំណងស្រាវជ្រាវទាក់ទងនឹងសុខភាពផ្លូវចិត្តរបស់សិស្សនិស្សិត និងគ្រូបង្រៀនក្នុងប្រព័ន្ធអប់រំកម្ពុជា ព្រោះលោកជឿថាសុខភាពផ្លូវចិត្ត ជាកត្តាសំខាន់ក្នុងការធានាសុខមាលភាពរបស់មនុស្សទូទៅ។ 
 
អាហារូបករណ៍នៅចក្រភពអង់គ្លេស៖ Chevening scholarship នៅចក្រភពអង់គ្លេស

លោក អ៉ិត សេរីវឌ្ឍនៈ និស្សិតកំពុងសិក្សាថា្នក់អនុបណ្ឌិតវិទ្យសាស្រ្ត ផ្នែកការសិក្សាអំពីយុទ្ធសាស្រ្ត គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ នៅសាកលវិទ្យាល័យ Bangor University ចក្រភពអង់គ្លេស។ 
លោក អ៊ីត សេរីវឌ្ឍនៈ ជានិស្សិតវ័យ២៣ឆ្នាំម្នាក់ ដែលកំពុងសិក្សាថា្នក់អនុបណ្ឌិតវិទ្យសាស្រ្ត ផ្នែកការសិក្សាអំពីយុទ្ធសាស្រ្ត គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ នៅសាកលវិទ្យាល័យ Bangor University ចក្រភពអង់គ្លេស។ លោក សេរីវឌ្ឍនៈ បានស្គាល់អាហារូបករណ៍នេះ តាមរយៈការអានកាសែត ។ អាហារូបករណ៍នេះ ជាមូលនិធិរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ដោយនិស្សិតត្រូវប្រឡង ដើម្បីទទួលបានវា។ ចំពោះនិស្សិត ដែលមានបំណងចង់បានអាហារូបករណ៍ ត្រូវមានបទពិសោធន៍ការងាររយៈពេល ២ឆ្នាំ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ដែលតម្រូវឱ្យមានក្រដាសបញ្ជាក់ព្រឹត្តិបត្រពិន្ទុពីសាកលវិទ្យាល័យ។ ក្រោយបញ្ចប់ការសិក្សាលោក សេរីវឌ្ឍនៈ មានបំណងក្លាយជាសាស្រ្តាចារ្យផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន ដើម្បីចូលរួមលើកកម្ពស់វិស័យនេះនៅកម្ពុជា។ 
 
អាហារូបករណ៍នៅប្រទេសកូរ៉េ៖ Korean Government Scholarship Program 

លោក វន សុខហេង ជានិស្សិតកំពុងសិក្សានៅប្រទេសកូរ៉េ លើជំនាញគិលានុបដ្ឋាយិកា 

លោក វន សុខហេង ជានិស្សិតកំពុងសិក្សានៅប្រទេសកូរ៉េ លើជំនាញគិលានុបដ្ឋាយិកា រយៈពេល ៥ឆ្នាំ។ អតីតសិស្សវិទ្យាល័យសុខអានត្រាំខ្នាររូបនេះ បានទៅសិក្សានៅទីនោះតាំងពីឆ្នាំ២០២០ មកម្ល៉េះ ។ សុខហេង បានទៅស្នើសុំពាក្យនៅស្ថានទូតកូរ៉េខាងត្បូង ដោយភ្ជាប់ជាមួយវិញ្ញាបនបត្រ តាមរយៈការិយាល័យប្រៃសណីយ៍ ទៅកាន់អាសយដ្ឋានផ្ទាល់របស់សាកលវិទ្យាល័យ។ សម្រាប់ព័ត៌មានបន្ថែម និស្សិតអាចតាមដានគេហទំព័រ www.studyinkorea.kr ។ ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រនេះ យុវជន សុខហេង នឹងបន្តការសិក្សា ដើម្បីក្លាយជាសាស្រ្តាចារ្យជំនាញគិលានុបដ្ឋាយិកានេះ។
 
អាហារូបករណ៍កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា

លោក វណ្ណ ប៊ុនណា ធ្លាប់ទទួលអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌា

លោក វណ្ណ ប៊ុនណា ធ្លាប់ទទួលអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌា ក្នុងកម្មវិធីអាហារូបករណ៍កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ជំនាញវិទ្យាសាស្ត្រនយោបាយក្នុងឆ្នាំ២០២១នេះ នៅសាកលវិទ្យាល័យ Jamia Millia Islamia។ អំឡុងរៀនថ្នាក់បរិញ្ញាបត្រ លោក ប៊ុនណា ទទួលបានព័ត៌មានអាហារូបករណ៍នេះ ពីការផ្សព្វផ្សាយរបស់ស្ថានទូតឥណ្ឌានៅសាកលវិទ្យាល័យកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម និស្សិតអាចតាមដានតាមតំណរភ្ជាប់នេះ http://a2ascholarships.iccr.gov.in/។ បច្ចុប្បន្នលោក ប៊ុនណា ជាអ្នកសម្របសម្រួលគម្រោងក្នុងអង្គការ NGO ដែលលោកបណ្តុះបណ្តាលយុវជនទាក់ទងនឹង បញ្ហាសិទ្ធិ និងប្រជាធិបតេយ្យ។ ក្រៅពីនេះ លោកក៏ជាអ្នកវិភាគនឹងបញ្ហានយោបាយ និងអន្តរជាតិផងដែរ។ 
 
អាហារូបករណ៍នៅ សហរដ្ឋអាម៉េរិក៖ Civil Society Leadership Awards

កញ្ញា កៅ សុគន្ធផារ៉ាឌី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកអភិវឌ្ឍអន្តរជាតិ ប្រកបដោយចីរភាព នៅសហរដ្ឋអាម៉េរិកឆ្នាំ២០២០។ 

កញ្ញា កៅ សុគន្ធផារ៉ាឌី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកអភិវឌ្ឍអន្តរជាតិ ប្រកបដោយចីរភាព នៅសហរដ្ឋអាម៉េរិកឆ្នាំ២០២០។ អាហារូបករណ៍នេះមានឈ្មោះ Civil Society Leadership Awards ដែលកញ្ញា ផារ៉ាឌី បានស្គាល់តាមរយៈមិត្តរួមការងារ និងបានព័ត៌មានបន្ថែមពីគេហទំព័រ https://www.opensocietyfoundations.org/ ។ ក្រោយបញ្ចប់ការសិក្សា កញ្ញា សុគន្ធផារ៉ាឌី បានប្រឡប់មកបំពេញការងារនៅកម្ពុជា ក្នុងអង្គការសហប្រជាជាតិ លើវិស័យការងារ។ ក្រៅពីធ្វើការងារដែលខ្លួនស្រលាញ់ កញ្ញាក៏មើលឃើញពីភាពលំបាករបស់យុវជន ក្នុងការស្វែងរកការងា ហើយគ្មានអ្នកជួយណែនាំ។ ដូច្នេះក្នុងនាមកញ្ញាជាយុវជន កញ្ញាចង់ពង្រីកវិសាលភាពឱកាសការងារ ឱ្យយុវជនដូចគ្នាទទួលបានការងារល្អមួយ ជាពិសេសយុវជននៅតាមជនបទ និងតំបន់ដាច់ស្រយាល។
 
អាហារូបករណ៍ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី

លោក ណោង រិទ្ធី  កំពុងសិក្សាថ្នាក់បណ្ឌិត ជំនាញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅ People Friendship University នៃប្រទេសរុស្ស៊ី

លោក ណោង រិទ្ធី  កំពុងសិក្សាថ្នាក់បណ្ឌិត ជំនាញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅ People Friendship University នៃប្រទេសរុស្ស៊ី រយៈពេល៧ឆ្នាំ មកហើយ។ បច្ចុប្បន្ន អាហារូបការណ៍នេះមិនទាមទារឱ្យប្រឡងឡើយ ហើយនិស្សិតអាចស្វែងរកព័ត៌មានតាមរយៈ ទីភ្នាក់ងាកិច្ចសហប្រតិបត្តិការរុស្ស៊ី ស្ថានទូតសហព័ន្ធរុស្ស៊ី និងសមាគមន៍និស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី (Association of Cambodian Student in the Russian Federation)។ ក្រោយបញ្ចប់ការសិក្សា ប្រធានសមគមន៍និស្សិតរូបនេះ ចង់ក្លាយជាយុវជនជំនាន់ក្រោយក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងវិស័យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោកយល់ថា វាពិតជាសំខាន់សម្រាប់អធិបតេយ្យនៃរដ្ឋមួយ ក្នុងការសហប្រតិបត្តិការស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋខ្លួន និងរក្សាតម្លៃសន្តិភាពពិភពលោក៕
 

Tag:
 ថ្មីៗ
  អាហារូបករណ៍
  និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com