ជាតិ
ម្ហូបខ្មែរពេញនិយម ទាំង១០មុខ
10, Apr 2022 , 8:59 pm        
រូបភាព
ម្ហូបខ្មែរ មានច្រើនសណ្ឋានដូចជា ស្ល ឆា ចៀន ស្ងោរ ជាដើម និងមានរសជាតិប្លែកៗពីគ្នា។ គ្រឿងខ្មែរ(គ្រឿងបុក) ដើរតួយ៉ាងសំខាន់ ដើម្បីផ្ដល់ឱជារសដល់ម្ហូប។ ថ្ងៃនេះសារព័ត៌មានថ្មីៗ២៥ នឹងលើកយកមុខម្ហូបអាហារខ្មែរ ១០មុខដែលពេញនិយមរួមមាន ហហ្មុក នំបញ្ចុក សម្លកកូរ ទឹកគ្រឿង សម្លម្ជូរគ្រឿងសាច់គោ សម្លស្រឡក់ ឆាខ្ញី ត្រីប្រម៉ាចំហុយ ញាំស្ដៅ និងប្រហុកខ្ទិះ។ ក្រៅពីមុខម្ហូបខាងលើនេះ ក៏មានមុខម្ហូបច្រើន ផ្សេងៗទៀត ដែលទទួលបានការពេញនិយមផងដែរ។



ហហ្មុក៖ ជាម្ហូបតំណាងប្រទេសកម្ពុជា។ ម្ហូបមួយមុខនេះ ជាការផ្សំបញ្ចូលគ្នារវាងគ្រឿងការី សាច់ត្រី ខ្ទិះដូង ប្រហុក  ស្លឹកញ គ្រឿងទេសផ្សេងៗ ព្រមទាំងអប់ដោយស្លឹកចេក។ ពាក់ព័ន្ធនឹងមុខម្ហូបមួយមុខនេះនាសន្និសីទអន្តរជាតិលើកទី១ ឆ្នាំ២០១៩ ស្ដីពីទេសចរណ៍ម្ហូបអាហារកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងស្នើសុំដាក់សម្លហហ្មុក រួមជាមួយម្ហូបអាហារ៤មុខទៀត ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបិយរបស់អង្គការយូណេស្កូ (UNESCO)ផងដែរ។
 
នំបញ្ចុក៖ អាហារមួយមុខនេះក៏ល្បីល្បាញផងដែរ ដែលត្រូវបានផលិតចេញពីអង្គរ។ អាហារពេញនិយមមួយមុខនេះ ទេសចរមកកាន់កម្ពុជាមិនដែលរំលងឡើយ ហើយក៏អាចបរិភោគជំនួសបាយម្ដងម្កាលដែរ។នំបញ្ចុកត្រូវបានគេញាំជាមួយសម្លរប្រហើរ(សម្លរខ្មែរ) និងសម្លរការីសាច់មាន់ជាដើម ព្រមទាំងបន្លែចម្រុះមួយចំនួនទៀត ដែលបន្ថែមរសជាតិដល់អាហារមួយមុខនេះ។ នំបញ្ចុក ក៏ត្រូវបានរដ្ឋាភិបាលកម្ពុជា បានគ្រោងស្នើសុំ ដាក់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបិយរបស់អង្គការយូណេស្កូ (UNESCO)ផងដែរ។


 
សម្លកកូរ៖ ជាប្រភេទសម្ល ដែលសម្បូរប្រូតេអ៊ីន ដោយសារសម្បូរដោយបន្លែចម្រុះច្រើនមុខ។ សម្លមួយមុខនេះ អាចមានបន្លែជាង១០មុខ រួមមាន ល្ពៅ ខ្នុរខ្ចី ចេកខ្ចី ម្រះ សណ្ដែកទ្រើង ល្ហុង ត្រប់ ម្រុម អង្គាដី បាស និងផ្ទីជាដើម។ សម្លកកូរនេះ ក៏ត្រូវបានរដ្ឋាភិបាលកម្ពុជា គ្រោងស្នើដាក់សុំ ដាក់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបិយរបស់អង្គការយូណេស្កូ (UNESCO)ផងដែរ។
 
ទឹកគ្រឿង៖ ជាម្ហូបពេញនិយមមួយមុខទៀត ដែលពលរដ្ឋខ្មែរ ក៏ដូចបរទេស ចូលចិត្តទទួលទាន។ ទឹកគ្រឿងត្រូវបានផ្សំឡើងដោយ សាច់ត្រី ប្រហុក និងគ្រឿងទេស។ ម្ហូបសាមញ្ញមួយមុខនេះ មិនបរិភោគតែឯងនោះទេ គឺគេបរិភោគជាមួយបន្លែច្រើនមុខ មិនក្រោម១០មុខឡើយ រួមមាន ស្តៅ ផ្កាស្នោរ ផ្កាកំប្លោក ត្រកួន តាសក់ ប្រពាយ ត្រប់ រួមនឹងបន្លែជាច្រើនមុខផ្សេងទៀត។ 
 
សម្លម្ជូរគ្រឿងសាច់គោ៖ សម្លមួយមុខនេះក៏មានការពេញនិយមទទួលទាន ពីពលរដ្ឋខ្មែរផងដែរ។ ម្ហូបមួយមុខនេះ គ្រឿងបុក ជាគ្រឿងផ្សំសំខាន់ជាងគេ។ គ្រឿងផ្សំសម្រាប់សម្លម្ជូរគ្រឿងសាច់គោមានដូចជា សាច់គោ ត្រកួនខ្ចី ម្ជូរសណ្តាន់ ឬទឹកអំពិលទុំ ប្រហុកសាច់ ស្លឹកកន្រ្ទោកអាំង ម្ទេស រួមនឹងគ្រឿងទេសផ្សេងៗ។ ចំណែកគ្រឿងបុកវិញរួមមាន គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស និងខ្ទឹមក្រហម។ ក្រៅពីសាច់គោ គេក៏អាចប្រើសាច់សត្វដទៃទៀតផងដែរ ដូចជា សាច់ជ្រូក ចៀម ពពែ ត្រី ជាដើម។ 
 
សម្លស្រឡក់៖ ម្ហូបមួយមុខនេះ មានរសជាតិប្រហាក់ប្រហែលសម្លប្រហើរ គ្រាន់តែ ប្រហើរមានហ័នស្លឹកគ្រៃ រួចយកទៅបុកឱ្យហ្មត់ជាមួយខ្ទឹម រមៀត ទើបគេដាក់ចូលសម្លពេលដាក់ចុះពីចង្ក្រាន។ ចំណែកឯ សម្លស្រឡក់គេដាក់ស្លឹកគ្រៃទាំងវែងមិនហ័នទេ គ្រាន់តែញីឱ្យមានក្លិន ហើយដាក់ចូលនៅពេលទឹកសម្លនៅលើចង្ក្រាន ហើយនៅពេលម្ហូបនោះឆ្អិន គេនឹងស្រង់ស្លឹកគ្រៃនោះចេញ។ សម្លស្រឡក់ គេប្រើបន្លែដូចជា ននោង ផ្សិត ត្រឡាច ល្ពៅ ស្លឹកបាស ត្រាវ ឬដំឡូងជាដើម។ 


 
ឆាខ្ញី៖ ម្ហូបមួយមុខនេះ ក៏ពេញនិយមណាស់ដែរ ហើយគ្រឿងផ្សំក៏មិនរញ៉ិមរញ៉ាំ ឬមានច្រើនមុខឡើយ ពោលគឺមានតែខ្ញី និងសាច់ប៉ុណ្ណោះ អាចជាសាច់មាន់ សាច់គោ និងសាច់ជ្រូកជាដើម។ ខ្ញីមិនត្រឹមតែយកមកធ្វើម្ហូបប៉ុណ្ណោះទេ តែវាក៏ជាឱសថផងដែរ។ ខ្ញីនេះ ត្រូវបានគេរាប់ចូលជាឱសថបុរាណ ដែលមានរស ហឹរ ក្ដៅ និង អាចបន្សាបជាតិពុលបានយ៉ាងមានប្រសិទ្ធភាព។ 
 
ត្រីប្រមាចំហុយ៖ ត្រីប្រមាចំហុយ មិនមែនជាមុខម្ហូបប្រពៃណីឡើយ ប៉ុន្តែម្ហូបមួយមុខនេះពេញនិយម នាពេលបច្ចុប្បន្ន។ ម្ហូបមួយមុខនេះ គ្រឿងផ្សំសំខាន់គឺត្រីប្រមា សាច់ជ្រូកចិញ្ច្រាំ ស៊ុត រួមនឹងគ្រឿងទេសដទៃទៀត។ ក្រៅពីម្ហូបត្រីប្រមាចំហុយ គេក៏អាចយកត្រីប្រមាចំហុយនេះ គេអាចយកវាទៅប្រឡាក់ អាំង ចៀន ឬអាចច្នៃជាសម្លផ្សេងៗតាមតម្រូវការ និងអាចធ្វើជាស៊ុបបែបបស្ចិមប្រទេសជាដើម។ 
 
ញាំស្ដៅ៖ ញាំជាម្ហូបមួយមុខ ដែលមិនចម្អិនទេ គឺជាការច្របល់បញ្ចូលគ្នារវាងបន្លែស្រស់ផ្សេងៗ ក្នុងនោះស្ដៅពេញនិយមយកមកធ្វើញាំផងដែរ។ ញាំស្ដៅ ជាម្ហូបបែបស្រុកស្រែមួយមុខ តែពេញនិយមទាំងអ្នកទីក្រុង និងស្រុកស្រែ។ គ្រឿងផ្សំម្ហូបមួយមុខនេះ មានដូចជា ស្ដៅ ត្រីរ៉ស់ តាសក់ ជីរ សណ្ដែកដីលីង អម្ពិលទុំ ម្ទេស និងគ្រឿងទេសផ្សេងៗ ហើយយើងក៏អាចបន្ថែមសាច់ ឬកំពឹសបានផងដែរ។ 
 
ប្រហុកខ្ទិះ៖ ជាម្ហូបប្រពៃណីមួយបែបទៀត ដែលមានអាយុកាលចំណាស់ និងពេញនិយមក្នុងខេត្តសៀមរាប ដោយគេបរិភោគវា ជាមួយនឹងបន្លែស្រស់ៗ។ គ្រឿងផ្សំដែលយកមកប្រើក្នុងម្ហូបមួយមុខនេះ រួមមាន ប្រហុកសាច់ចិញ្រ្ចាំ, សាច់ជ្រូកបីជាន់ចិញ្ច្រាំ, គ្រឿងបុក, ត្រប់ពុតលំញង,ខ្ទិះដូង, ម្ទេសឆ្អើរចិញ្រ្ចាំ និងគ្រឿងទេសផ្សេងៗទៀត៕
 
 
 
 

Tag:
 ThmeyThmey25
  មុខម្ហូប
© រក្សាសិទ្ធិដោយ thmeythmey.com