កីឡាអន្តរជាតិ
អន្តរជាតិ
ចិន ហាមកីឡាករបាល់ទាត់ចាក់សាក់ និងត្រូវលុបសាក់ ដើម្បីជាគំរូល្អដល់សង្គម
30, Dec 2021 , 7:29 pm        
រូបភាព
អាជ្ញាធរចិន ដាក់បម្រាមលើកីឡាករបាល់ទាត់មិនឱ្យចាក់សាក់លើរាងកាយ។ កីឡាករចិនទាំងអស់ រួមទាំងជម្រើសជាតិដែលមានស្នាមសាក់រួចត្រូវលុបចេញវិញ ឬបិទបាំងស្នាមសាក់ទាំងនោះតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើជាគំរូល្អដល់សង្គម។



អគ្គរដ្ឋបាលកីឡារបស់ចិន (GAS) បានសរសេរក្នុងសេចក្តីប្រកាសរបស់ខ្លួនថា ពួកគេចាប់ផ្តើមពង្រឹងវិន័យលើកីឡាករចិនគ្រប់កម្រិតចាប់ពីពេលនេះតទៅ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
«ការណែនាំសម្រាប់ពង្រឹងការគ្រប់គ្រងកីឡាករបាល់ទាត់ ដែលសហព័ន្ធកីឡាបាល់ទាត់ចិន (CFA) នឹងកំណត់លក្ខខណ្ឌវិន័យសម្រាប់កីឡាករជម្រើសជាតិ។ ក្រុមជម្រើសជាតិគ្រប់កម្រិតនឹងអនុវត្តយ៉ាងតឹងរ៉ឹងដើម្បីជាគំរូល្អដល់សង្គម។ កីឡាករចិនទាំងជម្រើសជាតិ និង U23 ត្រូវបានហាមយ៉ាងតឹងរ៉ឹងលើការចាក់សាក់ ហើយអ្នកដែលមានស្នាមសាក់រួច ត្រូវណែនាំឱ្យលុបចេញដោយខ្លួនឯង»។ នេះជាការបញ្ជាក់របស់ GAS។
 
យ៉ាងណាក៏ដោយ GAS ក៏បានលើកលែងផងដែរតាមកាលៈទេសៈជាក់ស្តែង ដោយយល់ព្រមឱ្យកីឡាករដែលចាក់សាក់រួចមួយចំនួនបិទបាំងស្នាមសាក់អំឡុងពេលហ្វឹកហាត់ និងពេលប្រកួត។ ប៉ុន្តែកីឡាករយុវជនអាយុក្រោម២០ឆ្នាំត្រូវហាមសាក់ និងលុបចេញដាច់ខាត។
 
សព្វថ្ងៃ ការកើនឡើងនៃចំនួនកីឡាករចិនដែលមានកេរ្តិ៍ឈ្មោះល្បីបានសាក់រូបលើរាងកាយស្ទើគ្រប់គ្នា ក្នុងនោះរួមទាំងខ្សែការពារឆ្នើមរបស់ចិន Zhang Linpeng។ Linpeng ត្រូវបានណែនាំឱ្យបិទបាំងស្នាមសាក់នៅពេលលេងឱ្យក្រុមជម្រើសជាតិ និងក្លិប Guangzhou FC នៃលីគកំពូលចិន៕

Tag:
 ចិន
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com