ជាតិ
សង្គមជាតិ
តុលាការចេញបញ្ជាឲ្យតាមចាប់អតីតស្នងការរងខេត្តកណ្តាល យកទៅឃុំ១ឆ្នាំកន្លះ
30, Dec 2021 , 8:59 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុក សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល
រូបពីទំព័រហ្វេសប៊ុក សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល
ដោយ: ថ្មីៗ
ចៅក្រមនៃតុលាការខេត្តកណ្តាល បានប្រកាសសាលក្រម កាលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចឲ្យលោក ស្រេង សុខា ហៅ ទ្រី ជាអតីតស្នងការរងនគរបាលខេត្តកណ្តាល ជាប់ពន្ធនាគារ១ឆ្នាំកន្លះ ពីបទប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។ ប៉ុន្តែ ពេលនេះ លោក ស្រេង សុខា ពុំបានជាប់ឃុំក្នុងពន្ធនាគារនោះទេ ដ្បិតលោក បានលាក់ខ្លួន ហើយសមត្ថកិច្ច កំពុងតាមរក។


 
ក្រៅពីប្រកាសសាលក្រមស្តីពីការផ្តន្ទាទោស នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ដដែល ចៅក្រម បានចេញដីកា១ដោយឡែកទៀត គឺដីកា បង្គាប់ទៅសមត្ថកិច្ច ឲ្យតាមចាប់លោក ស្រេង សុខា ដើម្បីយកទៅឃុំក្នុងពន្ធនាគារ តាមកាលកំណត់រយៈពេល១ឆ្នាំកន្លះ។ 
 
លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមតុលាការខេត្តកណ្តាល ប្រាប់ថា មកដល់ពេលនេះ លោក ពុំទាន់បានឃើញសមត្ថកិច្ច ចាប់លោក ស្រេង សុខា បាននោះទេ។ សញ្ញាណ ដែលបង្ហាញថា លោក ស្រេង សុខា លាក់ខ្លួននៅកន្លែងណានោះ ក៏លោកព្រះរាជអាជ្ញារង មិនទាន់ទទួលបានព័ត៌មានដែរ។ 
 
លោក ថ្លែងមកកាន់សារព័ត៌មានថ្មីៗ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ យ៉ាងដូច្នេះថា៖«ម្សិលមិញ (២៩ធ្នូ) ខ្ញុំ សួរទៅខាងប៉ូលិសដែរ ថា មានបានស៊ើបនៅ? គេ ថា អត់ទាន់បានដឹងដែរ»។ 
 
លោក ស្រេង សុខា ដែលកាលនៅជាស្នងការរង មានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) ត្រូវតុលាការ រកឃើញថា បានប្រព្រឹត្តអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីខែកក្កដា ឆ្នាំ២០២០។ 
 
កាលពីខែមេសា ឆ្នាំ២០២០ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញប្រកាស ដកលោកពីតំណែងជាស្នងការរងខេត្តកណ្តាលជាបណ្តោះអាសន្ន ដោយពុំបានបញ្ជាក់មូលហេតុ។ រដ្ឋមន្រ្តីមហាផ្ទៃ តម្រូវឲ្យលោក ទៅបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការ នៅនាយកដ្ឋានបុគ្គលិក ដើម្បីរង់ចាំការសម្រេចជាថ្មី។ 
 
យ៉ាងណា ការផ្អាកតំណែងរបស់លោក ធ្វើឡើងក្រោយពីលោក រងការរិះគន់ពីអ្នកប្រើប្រាស់បណ្តាញសង្គម កាលពីអំឡុងឆ្នាំ២០១៩ ដោយសារលោក ជូនថ្លៃបណ្ណាការក្នុងទំហំទឹកប្រាក់១០ម៉ឺនដុល្លារ ចិញ្ចៀនពេជ្រ១វង់ និង រថយន្តទំនើប១គ្រឿង ម៉ាក លុចស៊ិស៥៧០ (Lexus 570) ដែលមានតម្លៃ២២ម៉ឺនដុល្លារ ដល់ខាងស្រីក្នុងថ្ងៃភ្ជាប់ពាក្យ។ អ្នកប្រើប្រាស់បណ្តាញសង្គម បង្ហាញការងឿងឆ្ងល់ថា លោក បានប្រាក់មកពីណាច្រើនយ៉ាងនេះ? ហើយពួកគេ បង្ហាញបំណងចង់ឲ្យមានការស៊ើបអង្កេតលើលោក។ 
 
បន្ទាប់មក អង្គការភាពប្រឆាំងអំពើពុករលួយ ដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន ក៏បានបើកការស៊ើបអង្កេតលើទ្រព្យសម្បត្តិរបស់លោកមែន តែលទ្ធផល ដែលទទួលបាន គឺប្រាក់ ចិញ្ចៀនពេជ្រ និង រថយន្តលុចស៊ិស៥៧០ ដែលលោក ជូនទៅខាងស្រី ពុំជាប់ពាក់ព័ន្ធនឹងអំពើពុករលួយឡើយ៕  

 

Tag:
 ស្រេង សុខា
© រក្សាសិទ្ធិដោយ thmeythmey.com