កីឡាអន្តរជាតិ
អន្តរជាតិ
ឥណ្ឌាសង់រូបសំណាក Ronaldo ដើម្បីបំផុសគំនិតយុវជន តែរងការរិះគន់
30, Dec 2021 , 11:29 pm        
រូបភាព
ឥណ្ឌាបានសង់រូបសំណាក​របស់ Cristiano Ronaldo ក្នុង​រដ្ឋ Goa និងបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ។ រូបសំណាកដែលគាំទ្រការសាងសង់ដោយអ្នកជំនួញ និងនយោបាយឥណ្ឌាលោក Michael Lobo មានគោលបំណងបំផុសគំនិតយុវជន ប៉ុន្តែក៏រងការរិះគន់ពីសំណាក់សមាជិកអ្នកកីឡាបាល់ទាត់ឥណ្ឌាផងដែរ។



លោក Michael Lobo រដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលឥណ្ឌា និងជាអ្នកមានឥទ្ធិពលម្នាក់ក្នុងរដ្ឋ Goa នៅថ្ងៃទី២៩ ខែធ្នូបានបង្ហោះលើ Twitter ថា រូបសំណាក Ronaldo សង់ឡើងដើម្បីលើកកម្ពស់កីឡាបាល់ទាត់ឥណ្ឌា តាមរយៈការបំផុសគំនិតយុវជនឱ្យលេងកីឡានេះ និងដើម្បីគេចផុតពីអំពើអបាយមុខផ្សេងៗផង។
 
«នៅពេលមនុស្សនិយាយពីបាល់ទាត់ ពួកគេក៏និយាយពី Ronaldo ដែរ។ ដូច្នេះ​យើង​បាន​ដំឡើង​រូបសំណាក​​នៅ​ទី​នេះ ដើម្បីឱ្យ​ក្មេង​ប្រុស​ស្រី​នៅ​វ័យ​ក្មេង​​ទទួល​បាន​ការ​បំផុស​គំនិតស្រឡាញ់កីឡានេះ ដូច្នេះវិស័យកីឡានេះនឹង​កើន​ឡើង»។ នេះបើតាមការអះអាងរបស់លោក Lobo។
 
យ៉ាងណាក៏ដោយរូបសំណាកថ្មីរបស់ខ្សែប្រយុទ្ធក្រុម Manchester United នៅលើទឹកដីឥណ្ឌជាលើកដំបូងនេះ បានបង្កឱ្យមានភាពចម្រូងចម្រាសនៅក្នុងរដ្ឋ Goa។ អ្នកនៅក្នុងតំបន់នេះ រួមជាមួយអ្នកកីឡាបាល់ទាត់មួយចំនួនបានជំទាស់នឹងវត្តមានរូបសំណាក់នេះ ដោយពួកគេលើកឡើងថា ហេតុអ្វីសង់រូបកីឡាករប្រទេសដទៃ មិនផ្តល់កិត្តិយសឱ្យកីឡាករឥណ្ឌាខ្លួនឯង។
 
ក្រុមអ្នករិះគន់លើកឡើងថា កីឡាករបាល់ទាត់ក្នុងស្រុកគួរតែទទួលបានការផ្តល់កិត្តិយស ជាពិសេសកីឡាករចាស់ ថ្មីជាសមាជិកក្រុមជម្រើសជាតិឥណ្ឌាដែលមានកំណើតនៅ Goan។
បើតាមការផ្សាយរបស់កាសែត Times of India អំឡុងពេលសម្ពោធរូបសំណាករបស់ Ronaldo មានមនុស្សមួយចំនួនបានគ្រវីទង់ខ្មៅ ដើម្បីបង្ហាញការតវ៉ាទៀតផង៕

Tag:
 Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com