ជាតិ
សេដ្ឋកិច្ច
កសិផល​ខ្មែរ១០មុខ មានសក្តានុពលខ្ពស់ ក្នុងការនាំចេញទៅទីផ្សារអន្តរជាតិ
31, Dec 2021 , 9:19 am        
រូបភាព
ភ្នំពេញ៖ ស្រូវ-អង្ករ ផ្លែចេក ស្វាយ គ្រាប់ស្វាយចន្ទី ម្រេច និងកៅស៊ូ រួមនឹងដំណាំ៣មុខទៀត គឺសុទ្ធតែមានសក្តានុពលខ្ពស់ក្នុងការនាំចេញទៅទីផ្សារអន្តរជាតិ។ បើតាមរបាយការណ៍របស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កសិផលទាំងនេះ ត្រូវបាននាំទៅគោលដៅទីផ្សារចំនួន៦៨ប្រទេសនៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២១។

 
កសិផល​ខ្មែរ១០មុខ មានសក្តានុពលខ្ពស់ក្នុងការនាំចេញទៅទីផ្សារអន្តរជាតិ រួមមាន៖  


 
១. អង្ករ៖ ពេញមួយឆ្នាំ២០២១ កម្ពុជានាំចេញអង្ករ បាន ៥៣២ ១៧៩តោន។ ក្នុងចំណោមបរិមាណអង្ករទាំងនេះ មាន ១៣៤,៤៣៨តោន ត្រូវបាននាំចេញទីផ្សារក្នុងប្រទេសចំនួន២២នៅក្នុងតំបន់សហភាពអឺរ៉ុប។  ចំណែក២៦៥ ២៤៤តោន ត្រូវបាននាំទៅទីផ្សារប្រទេសចិន ខណៈ៥៤ ៣៥០តោន ត្រូវបាននាំទៅប្រទេស៧នៅក្នុងតំបន់អាស៊ាន។ រីឯអង្ករ ៧៨ ១៤៧តោនត្រូវបាននាំទិសដៅទីផ្សារចំនួន២៤ប្រទេសផ្សេងទៀត។​


 
២. ស្រូវ៖  ការនាំចេញស្រូវមានចំនួន ៣ ១២៣ ២៤២តោន ក្នុងរយៈពេល១១ខែឆ្នាំ២០២១។ ប្រទេសដែលជាទីផ្សាររបស់កម្ពុជា ក្នុងការនាំចេញស្រូវនេះ គឺវៀតណាម។ ទំហំនៃការនាំចេញស្រូវនេះ មានតម្លៃ ជិត៥៥០លានដុល្លារ។​


 
៣. គ្រាប់ស្វាយចន្ទី៖ សម្រាប់ឆ្នាំ២០២១ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីបានចំនួន ៩២១ ០៦១តោន ដែលបានកើនឡើងរហូតដល់ជិត៣២៩ភាគរយ បើធៀបនឹងឆ្នាំ២០២០។  ប្រទេសវៀតណាម ជាទីផ្សារនាំចូលគ្រាប់ស្វាយចន្ទីរបស់កម្ពុជាច្រើនជាងគេ ដែលមានរហូតដល់ ៩១២ ១៧០តោន។  ក្រៅពីនេះ កម្ពុជានាំដំណាំប្រភេទនេះ ទៅប្រទេសចិន ថៃ ឥណ្ឌា ជប៉ុន កូរ៉េ អារ៉ាប់ ស្វីស ណេដឺឡែន និងប្រទេសបង់ក្លាដែស ជាដើម។ 


 
៤. ផ្លែចេកអំបូង៖  ផ្លែចេកស្រស់របស់កម្ពុជា ជិត៤០ម៉ឺនតោន ត្រូវបាននាំចូលទីផ្សារប្រទេសចិន ជប៉ុន សិង្ហបុរី និងប្រទេសវៀតណាម។ បរិមាណនៃការនាំចេញនេះ បានកើនជិត៣២ភាគរយ បើធៀបនឹងឆ្នាំ២០២០។ ប្រទេសចិននាំចូលផ្លែចេកពីកម្ពុជា ចំនួន៣៤៩ ៦៥៦តោន ប្រទេសវៀតណាមនាំចូលក្នុងចំនួន ៤៥ ១៩៣តោន ប្រទេសជប៉ុនក្នុងជាង៥៣៣តោន និងប្រទេសសិង្ហបុរីជាង ៤៨០តោន។ 


 
៥. ស្វាយស្រស់៖  កម្ពុជាបាននាំចេញដំណាំប្រភេទនេះមានសរុប ២២៦, ៥៧៧តោន ដែលមានកំណើន ជិត១៥០ភាគរយបើធៀបនឹងឆ្នាំ២០២០។ ក្នុងចំណោមបរិមាណស្វាយនេះ កម្ពុជានាំទៅទីផ្សារវៀតណាម បាន១៩៣ ៧២២តោន ប្រទេសថៃមាន ៣២ ០១៩តោន ប្រទេសចិន៦៣៨ ១៤តោន ប្រទេសកូរ៉េមាន១៣០តោន  ហុងកុងជាង៥០តោន ប្រទេសសិង្ហបុរី ជាង១៦តោន និងប្រទេសគុយវ៉ែតមាន១តោន ផងដែរ។ 


 
៦. ម្រេច៖ បរិមាណម្រេចរបស់កម្ពុជាសរុប ២៧ ៧៣០តោន ត្រូវបាននាំចូលក្នុងទីផ្សារចំនួន២៣ប្រទេស។ ចំនួនម្រេចដែលបាននាំចេញនេះ គឺបានកើនឡើងរហូតដល់ជាង៤៥៦ភាគរយ បើធៀបនឹងឆ្នាំ២០២០។ ប្រទេសដែលនាំចូលម្រេចពីកម្ពុជាច្រើនជាងគេមាន ប្រទេសវៀតណាម ចំនួន ២៦ ៨៨៧តោន អាល្លឺម៉ង់ជាង៤៩៧តោន ថៃចំនួន១៨០តោន បារាំងជាង៤២តោន ឥណ្ឌាជាង ៤២តោន និងប៊ែលហ្ស៊ិកចំនួន២៥ ៣៨តោន។
 
៧. កៅស៊ូ៖ កម្ពុជាទទួលបានចំណូលពីការនាំចេញកៅស៊ូធម្មជាតិ ក្នុងចំនួន ៤៤៣ ៧៩៣ ៥៥៤ ដុល្លារនារយៈពេល១០នៃឆ្នាំ២០២១។ កម្ពុជា​នាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​ទៅ​កាន់​ប្រទេស​គោលដៅ ​រួមមាន ប្រទេស​វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន ជប៉ុន ឥណ្ឌា និង​បរិមាណ​តិចតួច នាំ​ចេញទៅ​សហភាព​អឺរ៉ុប​។


 
៨. ដំឡូងមី៖ កម្ពុជានាំចេញផលិតផលដំឡូងមី​គ្រប់ប្រភេទទាំងចំណិតដំឡូងមីក្រៀម ទាំងដំឡូងមីស្រស់ ទាំងម៉្សៅដំឡូងមី រួមទាំងកាកសំណល់ដំឡូងមី បានជាង៣,២លានតោន​។​ ទីផ្សារធំនៃដំណាំនេះ​ គឺប្រទេសវៀតណាម និងថៃ។ ក្នុងចំណោមផលិតផលដំឡូងមីសរុបដែលបាននាំចេញទៅទីផ្សារអន្តរជាតិនេះ មាន ចំណិតដំឡូងមីក្រៀម​ជាង១,​៤លានតោន ,ដំឡូងមីស្រស់ ចំនួន ៨៨៧ ៧២០តោន  ម្ស៉ៅដំឡូងមីមានចំនួន ៣០ ៤៧១តោន និងកាកសំណល់ដំឡូងមី ត្រូវបាននាំចេញបានជាង៨ពាន់តោនទៅប្រទេសចិន ផងដែរ។ 


 
៩. គ្រាប់ពោត៖​ កសិផលប្រភេទនេះជិត១៨ម៉ឺនតោន​ត្រូវបាននាំចូលក្នុងទីផ្សារចំនួន៥ប្រទេស។ ក្នុងនោះ នាំទៅវៀតណាមមានចំនួន ១៣៤ ៧៣០តោន,  ប្រទេសថៃចំនួន ៤២ ,៣៥០តោន, កោះតៃវ៉ាន់មានជាង៩ម៉ឺនតោន ប្រទេសបង់ក្លាដេស មានជាង៤២តោន និងប្រទេសកូរ៉េមាន២១តោន។


 
១០.  គ្រាប់សណ្តែកបាយ៖ ការនាំចូលចេញដំណាំនេះ​មានកំណើនរហូតដល់ជាង៣៣០ភាគរយ បើធៀបឆ្នាំ២០២០។​ ក្នុងចំណោមបរិមាណសណ្តែកបាយសរុប ២៦ ១៩២តោន ដែលមានកម្ពុជាបាននាំចេញទីផ្សារអន្តរជាតិនោះ មាននាំទៅវៀតណាមបាន ២៦ ១៧០តោន និងកោះតៃវ៉ាន់ជាង២២តោន។ សម្រាប់គ្រាប់សណ្តែកសៀង កម្ពុជានាំចេញបានជាង៨,៨ម៉ឺនតោន ដែលកើនជាង២៨៣ភាគរយ។ ពេញមួយឆ្នាំ២០២១ កម្ពុជា នាំចេញ​គ្រាប់សណ្តែកសៀងទៅវៀតណាម មានជាង៦,៦ម៉ឺនតោន នាំទៅថៃបានជាង២,១ម៉ឺនតោន ខណៈនាំទៅអារ៉ាប់រួម បាន៤តោន ផងដែរ៕ 

Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com