កីឡាអន្តរជាតិ
អន្តរជាតិ
Cancelo ខ្សែការពារ Man City របួសមុខធ្ងន់ធ្ងរដោយសារចោរប្លន់ដល់ផ្ទះ
31, Dec 2021 , 12:29 pm        
រូបភាព
Joao Cancelo ខ្សែការពារ Manchester City រងរបួសមុខយ៉ាងដំណំ បន្ទាប់ពីព្យាយាមប្រយុទ្ធជាមួយក្រុមចោរប្លន់អំឡុងពេលនៅជាមួយគ្រួសារ។ ខ្សែការពារវ័យ២៨ឆ្នាំបានបង្ហោះរូបភាពរបួសរបស់ខ្លួននៅលើ Instagram តែនៅតែបង្ហាញភាពរឹងមាំ។



«ជាអកុសល ថ្ងៃនេះ ខ្ញុំត្រូវបានមនុស្សកំសាកបួននាក់ [ចោរប្លន់] ធ្វើបាបខ្ញុំ និងព្យាយាមធ្វើបាបគ្រួសារខ្ញុំ។ ពួកគេបានយកគ្រឿងអលង្ការរបស់ខ្ញុំទាំងអស់ ហើយបន្សល់ទុកឱ្យខ្ញុំនូវស្នាមរបួសលើមុខទៀត»។ Cancelo បានបង្ហោះលើបណ្តាញសង្គម Instagram ផ្ទាល់របស់គេដូច្នេះ។
 
Cancelo មិនបានប្រាប់ពីកន្លែងដែលឧបទ្ទវហេតុនេះបានកើតឡើងនោះទេ ប៉ុន្តែក្លិប Man City និយាយថាអំពើប្លន់នេះបានកើតឡើងនៅផ្ទះរបស់កីឡាករខ្លួន។ 
 
Cancelo ខ្សែការពារសញ្ជាតិព័រទុយហ្កាល់បានផ្លាស់ពី Juventus ទៅចូលរួមជាមួយ Man City ក្នុងតម្លៃ៦០លានផោន កាលពីឆ្នាំ២០១៩។ អតីតកីឡាករ Inter Milan និង Valencia វ័យ២៨ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អដើម្បីជួយក្រុម Man City ឈ្នះជើងឯក Premier League រដូវកាលមុន និងកំពុងជួយក្រុមមេឃខៀវនាំមុខដាច់កំពូលតារាងនៅរដូវកាល២០២១-២២នេះផង។ 
 
Cancelo បន្តក្នុងសំណេរលើ Instagram ទៀតថារូបគេធ្លាប់ជួបឧបសគ្គជាច្រើនក្នុងជីវិត ហើយនេះគ្រាន់តែជារឿងតូចតាចមួយប៉ុណ្ណោះ។ កាលពីនៅអាយុ១៨ឆ្នាំ ខ្សែការពារស្តាំរូបនេះ រៀបរាប់ថាបានជួបគ្រោះថ្នាក់ចរាចរណ៍ដែលបានសម្លាប់ម្តាយខ្លួនទៀតផង។
 
ក្លិប Man City ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយទទួលបានដំណឹងជុំវិញការប្លន់កីឡាករខ្លួន និងអ្វីដែល Cancelo បានបង្ហោះនោះ។ ក្លិបអង់គ្លេសនេះ​ ទទួលរ៉ាប់រងលើ Cancelo និងក្រុមគ្រួសាររបស់គេ ហើយកំពុងទំនាក់ទំនងជាមួយប៉ូលិសដើម្បីស៊ើបអង្កេតតាមចាប់ជនដៃដល់ទាំងនោះ៕

Tag:
 Joao Cancelo
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com