អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាម៉េរិក EU ថ្កោលទោសរុស្ស៊ីដែលបិទអង្គការសិទ្ធិមនុស្ស Memorial
01, Jan 2022 , 3:41 pm        
រូបភាព
ដោយ:
អាម៉េរិក អង់គ្លេស កាណាដា អូស្រ្តាលី និងសហភាពអឺរ៉ុប (EU) នៅថ្ងៃទី៣១ ខែធ្នូ ថ្កោលទោសតុលាការរុស្ស៊ីដែលសម្រេចបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សដ៏ចំណាស់ Memorial និងអង្គការតំណាង Memorial ។ អង្គការសិទ្ធិមនុស្សទាំង២នេះ ត្រូវបានរុស្ស៊ីបង្រ្កាបឱ្យបិទក្រោមច្បាប់ភ្នាក់ងារបរទេស។

 
តុលាការទីក្រុងមូស្គូនៅថ្ងៃទី២៩ ខែធ្នូ សម្រេចបិទមជ្ឈមណ្ឌលសិទ្ធិមនុស្ស Memorial (Memorial Human Rights Center)។ ការសម្រេចនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីតុលាការកំពូលរុស្ស៊ីដកហូតសិទ្ធិស្របច្បាប់របស់អង្គការតំណាង Memorial ដែលជាក្រុមសិទ្ធិមនុស្សទទួលបានការគាំទ្រពីអន្តរជាតិយ៉ាងខ្លាំង ជុំវិញការសិក្សាទៅលើការគាបសង្កត់នយោបាយ កាលពីសហភាពសូវៀតមិនទាន់ដួលរលំ។
 
«អស់រយៈពេលជាង ៣ ទសវត្សរ៍មកនេះ  Memorial បានបំពេញតួនាទីពិសេសមួយក្នុងការចងក្រងឯកសារឧក្រិដ្ឋកម្មប្រវត្តិសាស្ត្រ និងការបើកកកាយឡើងវិញសម្រាប់កូនចៅជំនាន់ក្រោយនូវព្រឹត្តិការណ៍របស់ជនរងគ្រោះរាប់សិបលាននាក់ដែលត្រូវបានគាបសង្កត់ផ្នែកនយោបាយនៅក្នុងប្រទេស»។ អាម៉េរិក អង់គ្លេស កាណាដា អូស្រ្តាលី និងសហភាពអឺរ៉ុប (EU) ប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី៣១ ខែធ្នូ។
 
«យើងអំពាវនាវឱ្យរុស្ស៊ីរក្សាកាតព្វកិច្ច និងការប្តេជ្ញាចិត្តចំពោះសិទ្ធិមនុស្សអន្តរជាតិរបស់ខ្លួន ហើយយើងបន្តថ្កោលទោសច្បាប់រុស្ស៊ីស្តីពីភ្នាក់ងារបរទេស ដែលកាន់តែបំបិទសំឡេងឯករាជ្យ និងបន្ថយកន្លែងបំពេញតួនាទីរបស់សង្គមស៊ីវិល»។ សេចក្តីថ្លែងការណ៍បន្ថែមបែបនេះ ដោយបន្តថា ប្រជាជនរុស្ស៊ី ក៏ដូចជាប្រជាជននៅគ្រប់ទីកន្លែងដែរ មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការចូលរួម រួមមានការការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ពួកគេ។
 
ទាក់ទិននឹងរឿងនេះ អាជ្ញាធររុស្ស៊ីបានប្រកាសមជ្ឈមណ្ឌលសិទ្ធិមនុស្ស Memorial និងអង្គការតំណាង Memorial ថាជាភ្នាក់ងារបរទេសដោយអះអាងថាអង្គការទាំងនេះបំពានបទប្បញ្ញត្តិរបស់ប្រទេស។ ការសម្រេចចិត្តរបស់តុលាការរុស្ស៊ីទៅលើការបិទអង្គការសិទ្ធមនុស្សនេះកើតឡើងជាបន្តបន្ទាប់ពី អាជ្ញាធររុស្ស៊ីបានគាបសង្កត់លើក្រុមសិទ្ធិមនុស្ស អ្នកកាសែត និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាច្រើនខែមកនេះហើយដោយចោទថាជាភ្នាក់ងារបរទេស។
 
គួរបញ្ជាក់ថា មជ្ឈមណ្ឌលសិទ្ធិមនុស្ស Memorial បានរក្សាបញ្ជីឈ្មោះបុគ្គលមួយចំនួនដែលត្រូវបានចាត់ចូលជាអ្នកទោសនយោបាយ រួមមានអ្នករិះគន់វិមានក្រឹមឡាំង Alexei Navalny និងជនមូស្លីមដែលត្រូវបានកាត់ទោសពីបទភេរវកម្មជាដើម៕
 
 
 
 
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com