អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតីប្រេស៊ីល បដិសេធជំនួយ​ពីអាហ្សង់ទីនដើម្បីដោះស្រាយបញ្ហាទឹកជំនន់
01, Jan 2022 , 5:40 pm        
រូបភាព
រូបភាពពី Reuters
រូបភាពពី Reuters
ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ នៅថ្ងៃទី៣១ ខែធ្នូ បានបដិសេធទទួលជំនួយ​ពីអាហ្សង់ទីនដើម្បីដោះស្រាយបញ្ហាទឹកជំនន់ក្នុងប្រទេស។ ការបដិសេធ​មិនត្រូវការជំនួយរបស់ប្រេស៊ីលនេះ បានធ្វើឡើងខណៈប្រទេសកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ដ៏សាហាវដែលប៉ះពាល់តំបន់នៅភាគឦសានប្រទេស និងបានសម្លាប់មនុស្សប្រមាណ ២៤នាក់។

 
ទីក្រុងសរុបជាង​ ១១៦ នៅរដ្ឋ Bahia ភាគឦសាននៃប្រេស៊ីល បានស្ថិតក្នុងភាពអាសន្ន នៅថ្ងៃទី ២៨ ខែធ្នូដោយសារភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីចុងខែវិច្ឆិកាមក។ យ៉ាងហោចណាស់ទីក្រុងប្រាំ នៅរដ្ឋផ្សេងទៀតនៅភាគខាងជើងនិងភាគអាគ្នេយ៍ប្រេស៊ីលក៏ត្រូវបានជន់លិច ដោយទឹកជំនន់ផងដែរនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ 
 
ខណៈជួបគ្រោះទឹកជំនន់ ប្រជាជនប្រេស៊ីលជាច្រើនពាន់គ្រួសារកំពុងត្រូវការជំនួយ។ ដោយមើលឃើញពីបញ្ហានេះ អាហ្សង់ទីនដែលជាប្រទេសជិតខាង បានប្រកាសផ្តល់ជំនួយដល់ប្រេស៊ីល។ យ៉ាងណាមិញប្រធានាធិបតីប្រេស៊ីលលោកបូលសូណារ៉ូ  បដិសេធជំនួយនេះ។ 
 
តាមសារបង្ហោះលើបណ្តាញសង្គម Twitter នៅថ្ងៃទី៣០​ ខែធ្នូ​ ប្រធានាធិបតីប្រេស៊ីល បានអះអាងថា រដ្ឋាភិ​បាល​អាហ្សង់ទីន មានបំណងបញ្ជូនអ្នកជំនាញចំនួន ១០ នាក់ ដើម្បីជួយបង្កើតជម្រកបណ្តោះអាសន្ន ផ្តល់ជំនួយផ្លូវចិត្ត និងជំនួយផ្សេងទៀត​ដល់រដ្ឋដែលកំពុងជួបបញ្ហា។ 
 
ទាក់ទិននឹងជំនួយនេះ លោក បូលសូណារ៉ូ  បានបដិសេធ ដោយលើកឡើងថា អាជ្ញាធរប្រេស៊ីល បានផ្តល់សេវាកម្មទាំងនេះជូនប្រជាជនរួចទៅហើយ។ លោកក៏បានបន្ថែមថា ប្រេស៊ីលបានទទួលជំនួយពីជប៉ុនរួចហើយ ហើយអាចនឹងទទួលជំនួយរបស់អាហ្សង់ទីនបន្ថែម ប្រសិនជាត្រូវការ។
 
ក្រោយការលើកឡើងរបស់ប្រធានាធិបតីប្រេស៊ីល អភិបាលរដ្ឋ Bahia លោក Rui Costa បានរិះគន់ការបដិសេធនោះ។ អភិបាលរដ្ឋ Bahia បានបន្តថា ប្រេស៊ីលគួរតែស្វាគមន៍ជំនួយពីប្រទេសផ្សេងទៀតដោយផ្ទាល់។ បើតាមលោកអភិបាលរដ្ឋ រដ្ឋBahia នឹងទទួលជំនួយនោះដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់មន្រ្តីទូតឡើយ។ 
 
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មនុស្សយ៉ាងតិច ២៤នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតគ្មានផ្ទះសម្បែង ខណៈភ្លៀងបន្តធ្លាក់យ៉ាងខ្លាំងនៅភាគឦសានប្រទេស​ និងកម្រិតទឹកទន្លេឡើងខ្ពស់។ អភិបាលរដ្ឋ Bahia លោក Rui Costa បានហៅទឹកជំនន់នេះថាជាគ្រោះមហន្តរាយដ៏អាក្រក់បំផុត ដែលបានវាយប្រហារលើរដ្ឋនេះ។ 
 
ខណៈប្រទេសកំពុងរងវិបត្តិគ្រោះទឹកជំនន់ លោក បូលសូណារ៉ូ កំពុងធ្វើដំណើរកម្សាន្តតាមឆ្នេរនៅភាគខាងត្បូងរដ្ឋ Santa Catarina។ ប្រធានាធិបតីរូបនេះ បានរងការរិះគន់យ៉ាងខ្លាំង ព្រោះនៅបន្តធ្វើដំណើរកម្សាន្ត ខណៈប្រជាជនកំពុងជួបបញ្ហាដោយគ្រោះទឹកជំនន់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com