កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ខាតជាង២១០លានដុល្លារ ក្រោយបង់ពន្ធសម្រាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២១
02, Jan 2022 , 8:29 am        
រូបភាព
ក្រុមតោខៀវ Chelsea បានប្រកាសថ្ងៃទី៣១ខែធ្នូថា ក្លិបបានខាតបង់ចំណូលប្រមាណជាង២១០លានដុល្លារ ក្រោយពេលបង់ពន្ធហើយ បន្ទាប់ពីបញ្ចប់រដូវកាលត្រឹមថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១។ ការខាតបង់ចំណូលបែបនេះបណ្តាលមកពីបញ្ហាកូវីដ-១៩ វាយលុកខ្លាំង និងគ្មានអ្នកចូលទស្សនា។


ក្នុងរដូវកាល២០១៩-២០ ចំណូលរបស់ក្រុម Chelseaបានកើនឡើងពី ៥៥០លានដុល្លារដល់ជាង ៥៨៦លានដុល្លារ ដោយសារតែឈ្នះពានរង្វាន់ UEFA Champions League ។ ប្រាក់ចំណូលដែលរកបានទាំងនោះ បានបន្តផ្គត់ផ្គង់ក្រុមតោខៀវ ឆ្លងកាត់បញ្ហាកូវីដ-១៩ រហូតដល់រដូវកាល ២០២០-២១។
 
រដូវកាល២០២០-២១ ប្រាក់ចំណូលពីការលក់សំបុត្រប្រចាំការប្រកួតរបស់ Chelsea បានធ្លាក់មកត្រឹម១០លានដុល្លារ ខុសពីរដូវកាល២០១៩-២០ ដែលពួកគេរកចំណូលបាន៧៣លានដុល្លារ។ 
ប្រាក់ចំណូលមួយផ្នែកធំពីការផ្សាយពាណិជ្ជកម្មរកបានប្រាក់ ២៣០លានដុល្លារនៅឆ្នាំ២០១៩-២០ ដល់ឆ្នាំ២០២០-២១ បានធ្លាក់មកនៅត្រឹម ២០៧លានដុល្លារ ដោយសាតែការប្រកួតត្រូវធ្វើឡើង ដោយមិនមានអ្នកចូលទស្សនា ព្រោះកូវីដ-១៩។
 
«ប្រសិនបើមិនមានបញ្ហាឆ្លងកូវីដ-១៩ធ្ងន់ធ្ងរក្នុងឆ្នាំ២០២០-២០២១នោះទេ យើងជឿថានឹងអាចទទួលបានប្រាក់ចំណូលជាកំណត់ត្រាថ្មីប្រចាំឆ្នាំ។ លំហូរប្រាក់ចំណូលរបស់យើងនៅតែរឹងមាំ ដោយសារតែយើងមានយុទ្ធសាស្រ្តប្រើប្រាស់ហរិញ្ញវត្ថុរបស់រយៈពេលវែង និងស្ថេរភាព។» លោក Bruce Buck ប្រធានក្លិប Chelsea បាននិយាយក្នុងសេចក្តីថ្លែងការបែបនេះ។
 
សរុបការខាតបង់ប្រាក់ជាង ២១០លានដុល្លាររបស់តោខៀវ Chelsea ក្នុងឆ្នាំ២០២០-២១ បណ្តាលមកពីក្លិបបានបាត់បង់ចំណូលពីការបង់ពន្ធ ការលក់សំបុត្រ ការធ្លាក់ចុះនៃការផ្សាយពាណិជ្ជកម្ម និងមិនមានចំណូលពីការលក់កីឡាករ។
 
ទោះបីជាវិបត្តិកូវីដ-១៩ បានជះផលប៉ះពាល់ខ្លាំងដល់ Chelsea ក្តី ក៏ប៉ុន្តែក្នុងឆ្នាំ២០២០-២១ ប្រាក់ចំណូលក្នុងវិបត្តិកូវីដ បានពីការផ្សាយការប្រកួតប្រាក់ចំណូលបានហក់ឡើងពី ២៤៥លានដុល្លារឡើងទៅដល់ ៣៧០លានដុល្លារ។
 
ក្លិបស្ថិតនៅទីក្រុងឡុនដ៍មួយនេះ ក៏បានបន្ថែមទៀតថា រដូវកាល២០២០-២១ ដែលមានបញ្ហាហិរញ្ញវត្ថុនោះ ពួកគេបានចំណាយប្រាក់ជាង ៣០០លានដុល្លារ សម្រាប់ការនាំយកកីឡាករចូលរួមក្រុម បូករួមការបន្តកិច្ចសន្យាលើកីឡាករផងដែរ៕
 
 

Tag:
 Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com