ជាតិ
សៀមរាបត្រៀមតំបន់ជាច្រើន សម្រាប់ទទួលទេសចរ ក្រៅពីតំបន់អង្គរ
02, Jan 2022 , 9:39 am        
រូបភាព
សៀមរាប៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានត្រៀមតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែងតាមសហគមន៍ នៃស្រុកនីមួយៗទូទាំងខេត្តដើម្បីទទួលទេសចរ។ លោក រំពឹងថាតំបន់ទាំងនោះ នឹងអាចទាក់ទាញអ្នកទេសចរឱ្យមកខេត្តសៀមរាបកាន់តែច្រើនផងដែរ។


សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ខាងក្រោមដូចតទៅ៖

 
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានអះអាងថា សៀមរាបបានត្រៀមខ្លួនរួចរាល់សម្រាប់ទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិឡើងវិញ។ ក្នុងនោះ ក្រៅពីរមណីយដ្ឋានអង្គរសៀមរាបបានត្រៀមតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ប្រវត្តិសាស្រ្តជាច្រើនកន្លែងតាមសហគមន៍ ក្នុងស្រុកនីមួយៗទូទាំងខេត្តសម្រាប់ការវិលត្រឡប់របស់ភ្ញៀវទេសចរមកពីគ្រប់តំបន់ផងដែរ។
 
អភិបាលខេត្តរូបនេះបានលើកឡើងថា៖«តាមពិតក្នុងវិស័យទេសចរណ៍យើងបានដាក់ផែនការតាំងពីឆ្នាំ២០១៨-២០១៩គឺសំដៅឱ្យស្រុកនីមួយៗរៀបចំសក្ដានុពលរបស់ខ្លួន។ ស្រុកណាដែលមានតំបន់ទេសចរណ៍ឬប្រាសាទនៅជាមួយក៏ឱ្យរៀបចំ ស្រុកខ្លះក៏មានទេសចរណ៍ធម្មជាតិមានតំបន់ល្អៗដូចជាវិស័យកសិកម្មក៏បានផ្សារភ្ជាប់ជាមួយវិស័យទេសចរណ៍ដែរ។តំបន់ណាដែលមានសត្វព្រៃ សត្វស្លាប ក៏ឱ្យគាត់ (អាជ្ញាធរ)ចាប់ផ្ដើមរៀបចំដើម្បីអាចទទួលទេសចរ»។ 


 
ក្រៅពីរមណីយដ្ឋានអង្គរ តំបន់ទេសចរណ៍មួយចំនួនទៀត ដែលលោក ទៀ សីហាបានលើកឡើងនោះគឺសំដៅលើ សក្ដានុពល និងធនធានធម្មជាតិ ដែលមានស្រាប់នៅតាមស្រុកនានាដូចជាស្រុកបន្ទាយស្រី ស្រុកពួក ស្រុកក្រឡាញ់ ស្រុកវ៉ារិន និងស្រុកបាគងជាដើម។តំបន់ទេសចរណ៍ទាំងនោះ អាជ្ញាធរ កំពុងរៀបចំឡើងវិញដោយមួយចំនួនបានចេញជារូបរាងបណ្ដើរៗហើយ។ នេះបើតាមលោក ទៀ សីហា អភិបាលខេត្តសៀមរាប។ អភិបាលខេត្តរូបនេះ លើកឡើងបន្ថែមថា៖«ឥឡូវនេះយើងកំពុងរៀបចំសម្ពោធតំបន់ចង្រ្កានរយ នៅស្រុកវ៉ារិន។ សហគមន៍ចង្រ្កានរយគឺមានស្រាប់ទៅហើយ ជាតំបន់ព្រៃការពារមួយ ដែលនៅល្អប្រសើរណាស់ជាតំបន់ធម្មជាតិសុទ្ធសាធ»។
 
អាជ្ញាធរខេត្ត នឹងរៀបចំពិធីឆ្លងឆ្នាំ នៅសហគមន៍ចង្រ្កានរយ សម្រាប់ទទួលភ្ញៀវទេសចរជាតិ ក្នុងដំណាក់កាលដំបូង។ ក្រៅពីសហគមន៍ចង្រ្កានរយ មានកំពង់ផែចុងឃ្នៀស កំពង់ភ្លុកកំពង់ឃ្លាំង និងភ្នំគូលែន សុទ្ធតែជាគោលដៅទេសចរណ៍ថ្មី ក្នុងខេត្តសៀមរាប។ នេះបើតាមលោក ទៀ សីហា ដោយរំពឹងថា តំបន់ទេសចរណ៍ទាំងនោះ នឹងអាចទាក់ទាញភ្ញៀវទេសចរមកខេត្តសៀមរាប ក្រោយការបើកឡើងវិញ៕
 
 

Tag:
 ទៀ សីហា
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com