អន្តរជាតិ
ក្រុមហ៊ុន Huawei ថាប្រាក់ចំណូលប្រចាំឆ្នាំខ្លួនធ្លាក់ចុះ ២៩ភាគរយ ក្រោយអាម៉េរិកដាក់ទណ្ឌកម្ម
02, Jan 2022 , 10:19 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ:
ក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ចិន Huawei បានប្រកាសនៅថ្ងៃទី៣១ ខែធ្នូ ថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនធ្លាក់ចុះស្ទើរតែ១ ភាគ ៣ បើធៀបទៅនឹងប្រាក់ចំណូលឆ្នាំមុន ខណៈក្រុមហ៊ុននេះ នៅតែបន្តរង ទណ្ឌកម្មពីសំណាក់អាម៉េរិក។

 
ក្រុមហ៊ុនទូរគមនាគមន៍ Huawei ទទួលរងផលប៉ះពាល់ពីការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងពាណិជ្ជកម្មរវាងមហាអំណាចអាម៉េរិក និងចិន បន្ទាប់ពីរដ្ឋបាលអតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ដាក់ក្រុមហ៊ុននេះចូលទៅក្នុងបញ្ជីខ្មៅ ហើយប្រើច្បាប់សន្តិសុខដាក់កម្រិតក្រុមហ៊ុន Huawei ពីការទិញគ្រឿងបន្លាស់ពីក្រុមហ៊ុនអាម៉េរិក។
 
លោក Guo Ping នាយកប្រតិបត្តិក្រុមហ៊ុន Huawei លើកឡើងនៅក្នុងសារឆ្នាំថ្មីថា៖ «ប្រាក់ចំណូលរបស់ក្រុមហ៊ុនឆ្នាំនេះធ្លាក់ចុះ ២៩ ភាគរយ»។
 
បើទោះបីជាមានបញ្ហា និងបទពិសោធលំបាកច្រើនក៏ដោយ ក្រុមហ៊ុន Huawei បានប្រឹងប្រែងបង្កើតតម្លៃដ៏ប្រាកដមួយសម្រាប់អតិថិជន និងសហគមន៍ក្នុងតំបន់។ លោក Guo និយាយបែបនេះ ដោយបន្តថា ក្រុមហ៊ុន Huawei ​បាន​បង្កើន​គុណភាព និង​ប្រសិទ្ធភាព​នៃ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ហើយ​រំពឹង​ថា ​នឹង​ទទួលបាន​ចំណូល​សរុប៩៩,៥ ពាន់លានដុល្លារ ​​ក្នុង​ឆ្នាំ​២០២១។ 
 
ទាក់ទិននឹងបញ្ហានេះ អាម៉េរិកបានហាមប្រាមក្រុមហ៊ុន Huawei ពីការទិញគ្រឿងបន្លាស់សំខាន់ៗដូចជាមីក្រូឈីបពីអាម៉េរិក ហើយផ្តាច់ក្រុមហ៊ុននេះ មិនឱ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ Google ឡើយ។ លើសពីនេះ ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រីម៉ឹង វ៉ាន់ចូវ ដែលត្រូវបានដោះលែង១ខែមុននេះ កន្លងមកបានជាប់ឃុំខ្លួននៅកាណដា ៣ ឆ្នាំ ក្រោមការធ្វើបត្យាប័នរបស់អាម៉េរិក។
 
គួរបញ្ជាក់ថា ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍បណ្តាញទូរគមនាគមន៍ដ៏ធំបំផុតរបស់ពិភពលោក ហើយធ្លាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់កំពូលទាំង៣ ក្នុងចំណោមក្រុមហ៊ុន Apple និង Samsung ទៀតផង។ ប៉ុន្តែ​វា​បាន​ឃ្លាតឆ្ងាយ​ពី​ចំណាត់ថ្នាក់នេះ ​ដោយ​សារ​តែ​សម្ពាធ ​និងការដាក់ទណ្ឌកម្មពី​​អាម៉េរិក៕
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com