អន្តរជាតិ
មហន្តរាយអាកាសធាតុ ធ្វើឱ្យខាតបង់ទឹកប្រាក់ប្រមាណ១៧០ពាន់លានដុល្លារក្នុងឆ្នាំ២០២១
02, Jan 2022 , 2:59 pm        
រូបភាព
អាគាររងការខូចខាតដោយសារព្យុះ Ida នៅអាម៉េរិក។ រូបថត Xinhua
អាគាររងការខូចខាតដោយសារព្យុះ Ida នៅអាម៉េរិក។ រូបថត Xinhua
ដោយ:
គ្រោះមហន្តរាយអាកាសធាតុធំបំផុតចំនួន១០នៅឆ្នាំ២០២១ បានបំផ្លាញទ្រព្យសម្បត្តិយ៉ាងដំណំ​ ដោយបង្កការខាតបង់ប្រាក់សរុបចំនួន១៧០ពាន់លានដុល្លារ ដែលកើនជាង២០ពាន់លានដុល្លារបើធៀបនឹងឆ្នាំ២០២០។ ​នេះបើតាមរបាយការណ៍ចេញផ្សាយដោយក្រុម​ផ្ដល់ជំនួយមួយរបស់អង់គ្លេសនៅថ្ងៃទី២៧ ខែធ្នូ។​


ជារៀងរាល់ឆ្នាំ អង្គការសប្បុរសធម៌របស់អង់គ្លេស​ Christian Aid តែងតែគណនាតម្លៃខូតខាតពីគ្រោះមហន្តរាយអាកាសធាតុដូចជា​ទឹកជំនន់ ​ភ្លើងឆេះព្រៃ និង​រលកកម្តៅដោយផ្អែកតាមការអះអាងពីក្រុមហ៊ុនធានារ៉ាប់រង និងរបាយការណ៍ផ្សេងៗ។
 
កាលពីឆ្នាំ២០២០ អង្គការនេះ បានរកឃើញគ្រោះមហន្តរាយអាកាសធាតុទាំង១០ដែលបង្កការបំផ្លិចបំផ្លាញធំបំផុតរបស់ពិភពលោក ដោយ​បណ្តាលឱ្យខូតខាតគិតជា​ទឹកប្រាក់សរុបចំនួន១៥០ពាន់លានដុល្លារ ខណៈ​នៅឆ្នាំ២០២១ ​តម្លៃខាតបង់កើតដល់​១៧០ពា​ន់លានដុល្លារ កើនឡើង១៣ភាគរយ។
 
អង្គការ Christian Aid​ បានបញ្ជាក់ថា ​ការកើនឡើងតម្លៃខាតបង់នេះបានឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ដែលបង្កឡើងដោយសកម្មភាពមនុស្ស​។ ព្រឹត្តិការណ៍គ្រោះមហន្តរាយទាំង១០នេះ ក៏បានសម្លាប់មនុស្សយ៉ាងហោច១,០៧៥នាក់ និងបង្ខំឱ្យប្រជាជនចំនួន១,៣លាននាក់ ផ្លាស់ប្តូរទីលំនៅ។
 
គ្រោះមហន្តរាយ ដែលនាំឱ្យមានផលប៉ះពាល់ខ្លាំងជាងគេក្នុងឆ្នាំ២០២១ គឺព្យុះសង្ឃរា​ lda​ ដែលបោកបក់មកពីភាគខាងកើតរបស់អាម៉េរិក និងបណ្តាលឱ្យខូតខាតទ្រព្យសម្បត្តិជាង៦៥ពាន់លានដុល្លារ។បន្ទាប់ពីបានវាយប្រហាររដ្ឋល្វីស្យាណានៅចុងខែសីហា ​វាបានធ្វើដំណើរទៅទិសខាងជើងដោយបង្កជាទឹកជំនន់ខ្លាំងក្លាជន់លិចទីក្រុងញូវយ៉កនិងតំបន់ជុំវិញនោះ។
 
ជាមួយគ្នានេះ​ អាល្លឺម៉ងនិងបែលហ្ស៉ិក ក៏ស្ថិតក្នុងបញ្ជីបន្ទាប់ដែលរងការខូតខាតគិតជាទឹកប្រាក់ចំនួន៤៣ពាន់លានដុល្លារដោយគ្រោះទឹកជំនន់ និងបានបណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់កាលពីខែកក្កដា។ ឯព្យុះរដូវរងារនៅរដ្ឋតិចសាល់ បាននាំឱ្យរដ្ឋនេះចំណាយប្រាក់លើបណ្តាញអគ្គិសនីចំនួន២៣ពាន់លានដុល្លារ​ ហើយទឹកជំនន់នៅខេត្តហឺណានរបស់ចិនក្នុងចុងខែកក្កដា បានបង្កការខូតខាតគិតជាទឹកប្រាក់ចំនួន១៧,៦ពាន់លានដុល្លារ។
 
ទន្ទឹមនេះ​ គ្រោះធម្មជាតិ ដែលបានបំផ្លាញទ្រព្យសម្បត្តិអស់រាប់ពាន់លានដុល្លារផ្សេងទៀតរួមមាន ទឹកជំនន់នៅកាណាដា អាកាសធាតុត្រជាក់ខ្លាំងនៅចុងនិទាឃរដូវរបស់ទឹកដីបារាំងដែលបានបំផ្លាញចម្ការទំពាំងបាយជូរ និងព្យុះកំបុតត្បូងនៅឥ​ណ្ឌានិងបង់ក្លាដេសនៅខែឧសភា។​
 
នៅពាក់កណ្តាលខែធ្នូ ​ក្រុមហ៊ុនធានារ៉ាប់រងធំជាងគេបំផុតរបស់ពិភពលោក Swiss Re ​បានប៉ាន់ប្រមាណថា គ្រោះមហន្តរាយធម្មជាតិនិងវិបត្តិអាកាសធាតុ ​បានបង្កការខូតខាតប្រហែល ២៥០ពាន់លានដុល្លារនៅឆ្នាំ២០២១នេះ។ ក្រុមហ៊ុននេះ ក៏បានអះអាងថា ​តួលេខសរុបមានការកើនឡើងចំនួន២៤ភាគរយ បើធៀបជាមួយឆ្នាំ២០២០៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com