អន្តរជាតិ
ចក្រភពអង់គ្លេស ជាប្រទេសមានដែនដីនាយសមុទ្រច្រើនជាងគេ
02, Jan 2022 , 7:29 pm        
រូបភាព
ដែនកោះហ្ស៊ីប្រាល់តា​ ជាទឹកដីនៅនាយសមុទ្ររបស់អង់គ្លេស។ រូបថត Xinhua
ដែនកោះហ្ស៊ីប្រាល់តា​ ជាទឹកដីនៅនាយសមុទ្ររបស់អង់គ្លេស។ រូបថត Xinhua
ដោយ:
ដែនដីនាយសមុទ្រជា ប្រទេសឬតំបន់កោះតូចៗដែលស្ថិតនៅក្រោមការគ្រប់គ្រង់ពីប្រទេសឯករាជ្យមួយ ប៉ុន្តែមិនមែនជាមាតុភូមិ ឬមាន​ព្រំដែនជាប់គ្នាទ្បើយ។ ជាធម្មតា តំបន់នេះ មានរដ្ឋាភិបាលក្នុងស្រុកសម្រាប់តំណាងដែលមានកម្រិតស្វ័យភាពជាក់លាក់មួយ ប៉ុន្តែមិនមានឯករាជ្យភាពផ្នែកនយោបាយពេញលេញ ឬអធិបតេយ្យភាពជារដ្ឋ។


ដែនដីនាយសមុទ្រ តែងតែស្ថិតនៅកន្លែងដែលដាច់ស្រយាលបំផុតនៃពិភពលោក និងងាយរងគ្រោះបំផុតជាពិសេស​បញ្ហាអសន្តិសុខហិរញ្ញាវត្ថុ និងការប្រែប្រួលអាកាសធាតុ។ ដូច្នោះ ចំណាត់ការគ្រប់គ្រង និងគាំទ្រពីប្រទេសឯករាជ្យមកកាន់កាប់តំបន់ទាំងនេះ ជាការជួយជ្រោមជ្រែងដ៏ល្អបំផុតលើការការពារ និងកសាងសេដ្ឋកិច្ចរឹងមាំសម្រាប់ប្រជាជនរស់នៅតាមតំបន់ដាច់ស្រយាលទាំងនោះ។
 
សព្វថ្ងៃនេះ ​ដែនដីនាយសមុទ្រនៅលើពិភពលោកមានចំនួន ៥៨ កន្លែង ដោយកាន់កាប់ដោយប្រទេសអ្នកមានចំនួន៩ប្រទេស​ដូចជា អូស្រ្តាលី ​ចិន ដាណឺម៉ាក​ នូវែលសេឡង់ ន័រវែស អង់គ្លេស បារាំង ហូឡង់ និងអាម៉េរិកជាដើម។
 
អង់គ្លេសជាទឹកដីមួយដែលគ្រប់គ្រងដែនដីនាយសមុទ្រច្រើនជាងគេបង្អស់ដោយមានចំនួន១៤​ កន្លែង មានប្រជាជនសរុបចំនួន៣០ម៉ឺននាក់ និងមានទំហំផ្ទៃដីសរុបបញ្ចូលគ្នាធំជាងអង់គ្លេស៧ដង។ បើតាមរដ្ឋាភិបាលអង់គ្លេស​​ ដែនដីនីមួយៗមានរដ្ឋធម្មនុញ្ញ រដ្ឋាភិបាល និងច្បាប់រៀងៗគ្នា។ ព្រះមហាក្សត្រីយានីអង់គ្លេស អេលីហ្សាបេតទី២ ជាអ្នកតែងតាំងទេសាភិបាល​ ឬស្នងការដើម្បីត្រួតពិនិត្យដំណើរការក្នុងទឹកដីទាំងនោះ ដោយទទួលខុសត្រូវលើវិស័យការពារជាតិ កិច្ចការបរទេស និងប៉ូលិស។
 
បន្ទាប់ពីអង់គ្លេស​ បារាំងមានដែនដីនាយសមុទ្រចំនួន​ ១៣ នៅទូទាំងពិភពលោកដែលមានប្រជាជនប្រមាណ២,៦លាននាក់។ ប្រជាពលរដ្ឋទាំងនោះសុទ្ធតែមានសញ្ជាតិបារាំង និងមានសិទ្ធិបោះឆ្នោតជ្រើសតាំងប្រធានាធិបតីបារាំង និងបញ្ជូនអ្នកតំណាងទៅរដ្ឋសភា និងព្រឹទ្ធសភារបស់បារាំងទៀតផង៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com