អន្តរជាតិ
អ្នកវិទ្យាសាស្ត្រនូវែលសេឡង់ កំពុងបង្កើតសាំងយន្តហោះពីពន្លឺ​​ព្រះអាទិត្យ និងខ្យល់
02, Jan 2022 , 8:29 pm        
រូបភាព
ដោយ:
អ្នកវិទ្យាសាស្ត្រ បានបង្កើតគំនិតផលិតសាំងយន្តហោះដោយប្រើពន្លឺព្រះអាទិត្យ និងខ្យល់។ ដំណើរការផលិតនេះ អាចជួយលើកកម្ពស់គោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព ព្រោះ​ចំហេះសាំងប្រភេទថ្មីនេះ ផលិតចេញពីប្រភពថាមពលដែលមាននិរន្តរភាព ហើយវាបំភាយ​ឧស្ម័នកាបូនិចស្មើចំនួនដែលយកមកផលិតប៉ុណ្ណោះ។ ដូច្នេះ វាមិនបន្ថែមបរិមាណឧស្ម័ន​កាបូនិចទៅក្នុងបរិយាកាស ដូចចំហេះ​សាំងដែលធ្លាប់​ប្រើកន្លងមកឡើយ។

 
អ្នកវិទ្យាសាស្ត្រនូវែលសេឡង់កំពុងដំណើរការផលិតសាំងយន្តហោះដែលមានអព្យាក្រឹត​កាបូនដោយប្រើពន្លឺព្រះអាទិត្យ និងខ្យល់។ ចំហេះប្រេងសាំងប្រភេទថ្មីនេះ ត្រូវបានផលិត​ចេញពីប្រភពថាមពលមាននិរន្តរភាពគឺពន្លឺព្រះអាទិត្យនិងខ្យល់ ដែលផ្ទុកកាបូន ហើយនៅ​ពេលយន្តហោះដំណើរការ វាបំភាយកាបូនិចស្មើបរិមាណដែលយកមកផលិតប៉ុណ្ណោះ។ ដូច្នេះ សាំងដែលមាននិរន្តរភាពមិនបន្ថែមកាបូនិចទៅក្នុងបរិយាកាសដូចសាំងដែលធ្លាប់​ប្រើឡើយ។ 
 
ថាមពលពន្លឺព្រះអាទិត្យ ត្រូវបានប្រើប្រាស់សម្រាប់បំបែកកាបូនិច និងទឹកចេញពីខ្យល់​ដើម្បី​បង្កើតជាល្បាយឧស្ម័នដែលមានវត្តមានអ៊ីដ្រូសែន និងកាបូនអុកស៊ីត។ នេះគឺជាសារ​ធាតុផ្សំបង្កើតប្រេងកាតនិងមេតាណុលសម្រាប់ជំនួសសាំងដែលតែងប្រើកន្លងមក។ 
 
ដំណើរការផលិតសាំងដែលមាននិរន្តរភាពនេះ គឺជាការខិតខំដើម្បីដោះស្រាយវិបត្តិបម្រែ​បម្រួលអាកាសធាតុ ដោយការទប់ស្កាត់ការបំភាយកាបូន​ចេញពីវិស័យគមនាគមន៍។ នេះដោយសារ ឧស្សាហកម្មយន្តហោះ បានចូលរួមបំភាយកាបូនប្រមាណ ៣ភាគរយដែរ​នៃការ​បំភាយ​សរុបដោយសកម្មភាពមនុស្ស។ 
 
បើតាមសមាគមគមនាគមន៍អាកាសអន្តរជាតិ (IATA) ការប្រើសាំងយន្តហោះប្រកប​ដោយនិរន្តរភាពនឹងត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅកាបូន​សូន្យនៅឆ្នាំ ២០៥០។ 
 
រហូតមកដល់ពេលនេះ ក្រុមហ៊ុនអាកាសចរជាង ៦០ បានចូលរួម​ក្នុងគោលដៅ​ប្រើប្រាស់​សាំងដែលមាននិរន្តរភាពឱ្យបាន១០ភាគរយ ត្រឹមឆ្នាំ២០៣០ ព្រោះនេះគឺជាផ្នែកមួយនៃ​កិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់ការបំភាយឧស្ម័នសូន្យ នៅឆ្នាំ​២០៥០៕
 

Tag:
 នូវែលសេឡង់
  យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com