ជាតិ
​វ័យ៥៣ឆ្នាំទៅហើយ លោក ឃឹម យន នៅតែបន្ត​​លេងបង្ហើរខ្លែងឯក ដើម្បីរក្សាវប្បធម៌ខ្មែរ
02, Jan 2022 , 9:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ​ លោក ឃឹម យន ជាអ្នកស្រឡាញ់ និងចេះក្បួនខ្នាតធ្វើខ្លែងជាច្រើនប្រភេទ។ សព្វថ្ងៃ លោកឃឹម យន ដែលមានវ័យ ៥៣ឆ្នាំហើយនោះ នៅតែបន្តធ្វើខ្លែងឯកសម្រាប់បង្ហើរលេង និងធ្វើជាវត្ថុផ្ត​អនុស្សាវរីយដល់កណ្យាណមិត្តរបស់ខ្លួនផងដែរ។ បើទោះបីជា ការនិយមលេងបង្ហើរខ្លែង បានថយចុះប្រជាប្រិយភាព ហើយតំបន់ខ្លះក៏បានបាត់បង់ទៅហើយក្តី ប៉ុន្តែ​លោក ឃឹម យន ក៏បានបន្ត​បង្រៀនដល់ក្មេងនៅក្នុងភូមិ ដោយសង្ឃឹមថា វិជ្ជាធ្វើខ្លែងនេះ នឹងត្រូវបានផ្ទេរទៅឱ្យកូនចៅជំនាន់ក្រោយៗទៀត ហើយប្រពៃណីបង្ហើរខ្លែង នឹងវិលត្រឡប់មកមានការនិយម​ ដូចពេលអតីតកាលវិញ។

 
លោក ឃឹម យន ជាអ្នកស្រឡាញ់ចូលការបង្ហើរខ្លែងមួយរូប ហើយលោក ក៏ជាអ្នកជំនាញធ្វើខ្លែងជាច្រើនប្រភេទេដែរ ពិសេសខ្លែងឯង។ មានវ័យ ៥៣ឆ្នាំ លោក ឃឹម យន ជាអ្នករស់នៅភូមិព្រៃពង្រ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បុរសរូបនេះ បានអះអាងប្រាប់ខ្សែទូរសព្ទប្រាប់សារព័ត៌មាន thmeythmey25 ថាលោកចេះធ្វើខ្លែង តាំងពីអំឡុងឆ្នាំ​១៩៧០មកម្ល៉េះ ដោយរៀន​ពីវត្តដែលនៅជិតផ្ទះ។ កាលណោះ ក្រៅពីរៀន​ធ្វើខ្លែង លោក ឃឹម យន ក៏បានសិក្សាស្វែងយល់ពីរបៀបសង្កេតដង្ហើមខ្យល់ ការកំណត់ភូមិសាស្ត្រដែលអាចបង្ហើរខ្លែងបាន រួមទាំងការព្យាករអាកាសធាតុផងដែរ។
 



ប្រជាពលរដ្ឋកម្ពុជា និយមលេងបង្ហើរខ្លែង ​នៅរដូវរំហើយ ពោលគឺចន្លោះខែវិច្ឆិកា ដល់ខែមីនា​​។ សម្រាប់លោក ឃឹម យនវិញ ក្នុងឆ្នាំនេះ លោកបានបង្ហើរខ្លែងឯក បានចំនួន១៥លើករួចទៅហើយ។  លោក ឃឹម យន បានគូសបញ្ជាក់ទៀតថា សម្រាប់អ្នកលេងខ្លែង គេបានគិតគន់គូរ តាំងពីមុនពេលធ្វើខ្លែងទៅទៀត តាមរយៈការស្ទង់កម្លាំងខ្យល់​មួយខែមុន ឬយូរជាងនេះទៀតក៏មាន​។ លោក ឃឹម យន ពន្យល់បន្ថែមថា ៖«តាមពិតទៅ ប្រសិនបើអ្នកលេងខ្លែងពិត គេដឹងណាស់ថា ឆ្នាំនេះគេប្រើឆ្អឹងប៉ុនណា ទើបអាចទប់លំនឹងខ្យល់ ដែលអាចហោះលើលំហបាន»។ 
 
បើតាមបុរសរូបនេះ ខ្លែងហោះល្អ ឬអត់ អាស្រ័យលើកត្តាបីសំខាន់គឺបច្ចេកទេសធ្វើខ្លែង ​អាកាសធាតុ និង​ទីតាំងដែលត្រូវបង្ហើរខ្លែង។ ក្រៅពីស្មានដឹងកម្លាំងខ្យល់ បច្ចេក​ទេស​នៃ​ការធ្វើខ្លែង ក៏ជាកត្តាដែលធ្វើឱ្យខ្លែងហោះល្អដែរ។
 



​លោក ឃឹម យន  រីករាយនឹងផ្ទេរចំណេះធ្វើខ្លែង ដល់ក្មេង​​ជំនាន់ក្រោយ ​
 
ខ្លែងមានច្រើនប្រភេទ មានដូចជាខ្លែងឯក ខ្លែងប៉ៅ ខ្លែងស្ពឺ និងខ្លែងយន្តហោះជាដើម។ រូបរាង និងក្បូរក្បាច់នៃខ្លែង គឺអាស្រ័យទៅ​​តាម​ការ​ចូល​ចិត្ត និង​ការច្នៃប្រឌិត​របស់អ្នកធ្វើខ្លែង។ បើតាមលោក ឃឹម យន គ្រាន់តែប្រភេទខ្លែងឯក ក៏មានរូបរាងច្រើនទម្រង់ដែរ រួមមានទម្រង់ជាផ្លែស្វាយក្បាលដំរី ទម្រង់ជាផ្លែស្វាយពុំសែន ទម្រង់ជាផ្លែស្វាយចេក និងទម្រង់មូលដូចកាក់។
 



ក្រៅពីធ្វើខ្លែងឯកដើម្បីបង្ហើរលេង និងធ្វើទុកជាអំណោយដល់មិត្តភក្តិ លោក ឃឹម យន ដែលមានវ័យ ៥៣ឆ្នាំរូបនេះ ក៏មិនកំណាញ់ក្នុងការបង្ហាត់ចំណេះ ជំនាញធ្វើខ្លែងនេះ ដល់ក្មេងៗនៅក្បែរផ្ទះរបស់ខ្លួនដែរ។ ​បុរសរូបនេះសង្ឃឹមថា ក្មេងៗអ្នកទទួលបានវិជ្ជាធ្វើខ្លែងពីខ្លួន នឹងបន្តផ្ទេរ​វិជ្ជានេះ ទៅកូនចៅជំនាន់ក្រោយៗទៀត។ សម្រាប់ក្មេងៗ លោកបង្រៀន ឱ្យធ្វើខ្លែងធម្មតា ហើយក្មេងៗដែលមានអាយុច្រើនហើយ លោក ឃឹម យន នឹងបង្រៀនឱ្យធ្វើទាំងខ្លែងធម្មតា និងខ្លែងឯក។  លោក ឃឹម យន ពន្យល់ថា៖ «ខ្លែងឯក បើយើងចង់ធ្វើ លុះត្រាតែដឹងច្បាស់ថា​ ត្រូវធ្វើខ្នាតណា ទំហំប៉ុន្មាន ​ប្រវែងណា ទើបអាចថ្លឹងទម្ងន់ ឱ្យត្រូវតាមខ្នាតរបស់វា​។ រៀន​ធ្វើខ្លែង មិនខុសពី​រៀនគណិតដែរ»។



បើតាមលោក ឃឹម យន ការធ្វើខ្លែងឯកឱ្យបាន​គឺសំខាន់បំផុត​គឺលើឯក និងកន្ទុយរបស់វា។ គេក៏គិតតាំងពីជ្រើសរើសក្រដាស សាច់កំណាត់ ឬប្លាស្ទិក ដែលត្រូវយកធ្វើដែរ។ មិនតែប៉ុណ្ណោះ វិធីធ្វើក៏មាន​ក្បួន មានខ្នាតត្រឹមត្រូវ ទាំងទំហំ និងប្រវែងឱ្យសមាមាត្រគ្នាដែរ ព្រោះបើថ្លឹងទម្ងន់ខ្លែងមិនស្មើគ្នាទេ នោះខ្លែងនឹងមិនហោះ ឬហោះក៏មិននឹងល្អ ក្នុងលំហ។ ប្រសិន​បើ នេះជាការបញ្ជាក់បន្ថែមរបស់លោក ឃឹម យន​។
 
រំឭកដល់ការលេងបង្ហើរខ្លែង លោក ឃឹម យន ហាក់ស្រងាកចិត្តបន្តិចដែរ ចំពោះការថយចុះប្រជាប្រិយភាពនៃការលេងបង្ហើរខ្លែង នៅក្នុងសង្គមកម្ពុជា ខណៈអ្នក​ដែលចេះធ្វើខ្លែង ក៏​មិនសូវមានច្រើន​ដូចអតីតកាល។ ​«​ពីមុនគេនិយមលេងខ្លែងណាស់ មិនដូចសម័យនោះទេ។ ល្ងាចៗឡើង មិនខ្វះទេអ្នកលេង។ នៅតាមភូមិបច្ចុប្បន្ន អ្នកលេងខ្លែងខ្សត់ណាស់។ អ្នកដែលធ្លាប់លេងកាលពីមុន ឈប់ម្ដងមួយៗ»​។ នេះជា​ការសង្កេតឃើញរបស់លោក ឃឹម យន។
 



ទោះជាយ៉ាងនេះក្តី បុរសរូបនេះ នៅតែមានក្តីសង្ឃឹមថា ការលេងបង្ហើរខ្លែង នឹងទទួលបានប្រជាប្រិយភាពសាជាថ្មី ដូចកាលពីអតីតកាល ហើយទិដ្ឋភាពនៃការលេងបង្ហើរខ្លែង នឹងមានវត្តមានតាមកម្មវិធីវប្បធម៌នានាកាន់តែច្រើនដែរ៕
 

 

Tag:
 ឃឹម យន
  ខ្លែងឯក
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com