អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
02, Jan 2022 , 10:29 pm        
រូបភាព
បញ្ហាសំខាន់ៗជាច្រើន ក្នុងសប្តាហ៍ថ្មីនេះ បានកើតឡើង។ នៅមីយ៉ាន់ម៉ា យោធា នៅតែបន្តប៉ះទង្គិចជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ដោយការប្រយុទ្ធគ្នានោះ បានធ្វើឱ្យប្រជាជនស៊ីវិលជាច្រើននាក់ទទួលមរណភាព និងគេចខ្លួនចេញពីផ្ទះសម្បែង។ ចំណែកវិបត្តិអ៊ុយក្រែនឯណោះវិញ អាម៉េរិក និងរុស្ស៊ី បានឯកភាពរៀបចំជំនួបមួយនៅថ្ងៃទី១០ ខែមករា ខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះ ពិភពលោក នៅតែបន្តដាក់ចេញចំណាត់ការផ្សេងៗ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងវីរុសបំប្លែងខ្លួន អូមីក្រុង។

 
ថ្ងៃទី២៧ ខែធ្នូ
 
ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកវិបត្តិមីយ៉ាន់ម៉ាទើបតែងតាំងថ្មី លោកស្រី Noeleen Heyzer ព្រួយបារម្ភជាខ្លាំងចំពោះការផ្ទុះឡើងនៃអំពើហិង្សានៅមីយ៉ាន់ម៉ា។ ស្របគ្នានេះ លោកស្រី​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នានៅ​ឆ្នាំ​ក្រោយ​រវាងរបប​យោធា និង​ក្រុម​ប្រឆាំងរបបសឹកផងដែរ​។
 
ប្រមុខដឹកនាំកូរ៉ខាងជើង គីម ជុងអ៊ុន បានកោះប្រជុំក្រុមមន្រ្តីជាន់ខ្ពស់បក្ស និងរដ្ឋាភិបាលដើម្បីជជែកពីគោលនយោបាយសំខាន់ៗ។ ការប្រមូលផ្តុំមន្ត្រីបក្ស និងរដ្ឋាភិបាលនេះ បានធ្វើឡើងខណៈដែលកូរ៉េខាងកំពុងជួបវិបត្តិ សេដ្ឋកិច្ចដែលបង្កឡើងដោយ​ការរឹតត្បិតប្រទេសប្រឆាំងនឹងជំងឺកូវីដ-១៩ ទណ្ឌកម្មអន្តរជាតិ និងគ្រោះមហន្តរាយធម្មជាតិជាដើម។
 
ថ្ងៃទី២៨ ខែធ្នូ
 
មនុស្សរាប់ពាន់នាក់​នៅភាគខាងជើងប្រទេសចិន ត្រូវបានអាជ្ញាធរបញ្ជាឱ្យស្នាក់នៅផ្ទះ ខណៈប្រជាជនរាប់លាននាក់នៅក្រុងស៊ីអាន ​កំពុងស្ថិតក្រោមការបិទខ្ទប់យ៉ាងតឹងរ៉ឹង។ ការបិទខ្ទប់នេះជាវិធានការមួយដែលរដ្ឋាភិបាលចិនកំពុងអនុវត្តដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ ដែលឈានដល់កម្រិតខ្ពស់ ក្នុងរយៈពេល២១ខែមកនេះ។
 
ក្រសួងការបរទេសចិន បានចោទអាម៉េរិក មិនអើពើនឹងកាតព្វកិច្ចរបស់ខ្លួន ដែលមានចែងក្នុងសន្ធិសញ្ញាអវកាសអន្តរជាតិ។ ការចោទនេះធ្វើឡើងក្រោយមានហេតុការណ៍នៅទីលំហពេលដែលយានរបស់មហាសេដ្ឋី Elon Musk ហោះទៅកៀកស្ថានីយ៍អវកាសចិន។ បើតាមប៉េកាំង សកម្មភាពបែបនេះ អាចធ្វើឱ្យអវកាសយានិកចិន ស្ថិតក្នុងសភាពគ្រោះថ្នាក់។
 
ថ្ងៃទី២៩ ខែធ្នូ
 
ប៉ូលិសសន្តិសុខជាតិហុងកុងរាប់រយនាក់ បានឆ្មក់ចូលការិយាល័យរបស់​ប្រព័ន្ធ​ផ្សព្វផ្សាយតាមអ៊ីនធឺណិតដែលគាំទ្រប្រជាធិបតេយ្យ Stand News ។ មនុស្ស៦នាក់រួមទាំង​បុគ្គលិក​ជាន់ខ្ពស់ផងដែរ ត្រូវបានចាប់ខ្លួនជុំវិញការផ្សាយព័ត៌មានញុះញង់ប្រឆាំងនឹងរដ្ឋាភិបាល។
 
ចិន ព្រមានជាថ្មីដល់តៃវ៉ាន់ ប្រសិនតៃវ៉ាន់ហ៊ានធ្វើចលនាទាមទារឯករាជ្យ។ មន្ត្រីទីក្រុងប៉េកាំងអះអាង ការបង្ករឿងរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកពីបរទេសលើបញ្ហាតៃវ៉ាន់ អាចកើនឡើងកាន់តែខ្លាំងនៅឆ្នាំក្រោយ។
 
ថ្ងៃទី៣០ ខែធ្នូ
 
និពន្ធនាយកស្តីទី ជាមួយអតីតនិពន្ធនាយកសារព័ត៌មាន Stand News និងមនុស្សផ្សេងទៀត ត្រូវបានតុលាការចោទពីបទ សមគំនិតក្នុងការចេញផ្សាយអត្ថបទធ្វើឱ្យមានការបះបោរ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរហុងកុង។ ការចាប់ខ្លួនអ្នកសារព័ត៌មាននេះ ត្រូវបានអាម៉េរិករិះគន់យ៉ាងខ្លាំង និងទាមទារឱ្យដោះលែង។
 
ចិន បានសម្រេចដាក់ទណ្ឌកម្មលើមន្រ្តីអាម៉េរិកចំនួន ៥រូប ដោយផ្អែកលើច្បាប់ប្រឆាំងទណ្ឌកម្មបរទេស។ ទណ្ឌកម្មចិន លើមន្រ្តីអាម៉េរិកនេះ ជាការសងសឹកលើអាម៉េរិក ដែលដាក់ទណ្ឌកម្មលើមន្រ្តីខ្លួននៅហុងកុង។
 
ថ្ងៃទី៣១ ខែធ្នូ
 
ទីភ្នាក់ងារគ្រោះមហន្តរាយហ្វីលីពីន ប្រកាសថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងរ៉ៃបានកើនដល់៤០០នាក់។ ពេល២សប្តាហ៍មកហើយ មន្រ្តីនៅតាមខេត្តដែលទទួលរងគ្រោះខ្លាំង កំពុងបន្តអំពាវនាវឱ្យមានការផ្គត់ផ្គង់ស្បៀងអាហារ ទឹក និងជម្រកបន្ថែម។
 
ថ្ងៃទី១ ខែមករា
 
អាម៉េរិក អង់គ្លេស កាណាដា អូស្រ្តាលី និងសហភាពអឺរ៉ុប (EU) ថ្កោលទោសតុលាការរុស្ស៊ីដែលសម្រេចបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សដ៏ចំណាស់ Memorial និងអង្គការតំណាង Memorial ។ អង្គការសិទ្ធិមនុស្សទាំង២នេះ ត្រូវបានរុស្ស៊ីបង្រ្កាបឱ្យបិទក្រោមច្បាប់ភ្នាក់ងារបរទេស។
 

© រក្សាសិទ្ធិដោយ thmeythmey.com