ជាតិ
សេដ្ឋកិច្ច
សហភាពអឺរ៉ុប នឹងបញ្ចប់ការយកពន្ធអង្ករនាំចូលពីកម្ពុជា នៅថ្ងៃទី២០ មករា
03, Jan 2022 , 8:59 am        
រូបភាព
រូបតំណាង៖ កម្មករ២នាក់ កំពុងលីសែងអង្ករ។ រូបថត៖ហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម
រូបតំណាង៖ កម្មករ២នាក់ កំពុងលីសែងអង្ករ។ រូបថត៖ហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម
ភ្នំពេញ៖ រយៈពេលបីឆ្នាំហើយ ដែលសភាពាណិជ្ជកម្មសហភាពអឺរ៉ុប បានយកពន្ធលើអង្ករគ្រប់ប្រភេទ ដែលនាំចូលពីកម្ពុជា។ ការយកពន្ធលើអង្ករនេះ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី២០មករា ឆ្នាំ២០២២។ នេះបើតាមលោក លន់ យ៉េន អគ្គលេខាធិការ នៃលេខាធិការដ្ឋានសហព័ន្ធស្រូវ អង្ករកម្ពុជា។



សភាពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប សម្រេចការគិតពន្ធលើការនាំចូលអង្ករកម្ពុជា រយៈពេលបីឆ្នាំជាប់គ្នា ដោយគិតចាប់ពីឆ្នាំ២០១៩មក។ ការយកពន្ធនាំចូលអង្ករនេះ បានធ្វើឱ្យការនាំចេញអង្កររបស់កម្ពុជា ទៅក្នុងទីផ្សារប្រទេសនៃតំបន់អឺរ៉ុប បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ នារយៈពេលបីឆ្នាំចុងក្រោយ។ លោក លន់ យ៉េន បានបញ្ជាក់ថា ការនាំចេញអង្កររបស់កម្ពុជាទៅតំបន់អឺរ៉ុបនេះ នឹងវិលត្រលប់មករកភាពល្អប្រសើរវិញ នៅក្រោយថ្ងៃទី២០ មករា ឆ្នាំ២០២២ បន្ទាប់រួចផុតពីទណ្ឌកម្ម។ 
 
អគ្គលេខាធិការនៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ បានថ្លែងប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទនាព្រឹកថ្ងៃទី៣១ធ្នូថា៖«ខាងសហភាពអឺរ៉ុប គឺគេអត់មានបន្តយកពន្ធអង្ករពីយើងទៀតទេ»។ 
 
បើតាមលោក លន់ យ៉េង ក្រោយពីសភាពាណិជ្ជកម្មអឺរ៉ុប បញ្ចប់ការយកពន្ធនាំចូលអង្កររបស់កម្ពុជាហើយនោះ កម្ពុជានឹងមានសក្កានុពលឡើងវិញ ក្នុងការប្រកួតប្រជែងតម្លៃកាន់តែច្រើន និងមានកំណើនរឹងមាំ។ លោកបាននិយាយដូច្នេះ៖ «ការលក់អង្កររបស់កម្ពុជានៅអឺរ៉ុប នឹងអាចកើនឡើងដោយវិលទៅរកសភាពដើមមួយវិញ[មុនឆ្នាំ២០១៩] ដែលយើងធ្លាប់នាំចេញទៅអឺរ៉ុប គ្របដណ្តប់បានពី៤០ ទៅ៤៥ភាគរយ នៃការនាំចេញអង្ករសរុប»។ 
 
លោក បានបន្ថែមថា ៣ឆ្នាំមក (២០១៩-២០២១) នៃការយកពន្ធអង្ករពីកម្ពុជានេះ បានធ្វើឱ្យការនាំចេញអង្ករទៅតំបន់អឺរ៉ុបធា្លក់ចុះ ពី១០ ទៅ១៥ភាគរយ។ 
 
ក្នុងឆ្នាំ២០២១ កម្ពុជា នាំចេញអង្ករបានសរុបក្នុងរង្វង់៦៣ម៉ឺនតោន ដែលមានតម្លៃជិត៤០០លានដុល្លារអាម៉េរិក។ លោក លន់ យ៉េង បានបញ្ជាក់ថា ក្នុងចំណោមអង្ករដែលត្រូវបាននាំចេញនេះ មានជិត១៤ម៉ឺនតោនប៉ុណ្ណោះ ដែលបាននាំចូលទីផ្សារអឺរ៉ុប។ 
 
សូមរម្លឹកថា សភាពាណិជ្ជកម្មនៃសហភាពអឺរ៉ុបយកពន្ធលើអង្ករកម្ពុជា ជាផ្លូវការ ចាប់ពីថ្ងៃទី១៨ មករា ឆ្នាំ២០១៩ ក្នុងអត្រាជិត២០០ដុល្លារអាមេរិក សម្រាប់អង្ករមួយតោន។ អត្រាពន្ធនេះ បានធ្លាក់មកនៅត្រឹមជាង១៧០ដុល្លារ សម្រាប់អង្ករមួយតោន នៅក្នុងឆ្នាំ២០២០ និងជាង១៤១ដុល្លារក្នុងអង្ករមួយតោន នៅឆ្នាំ២០២១៕ 
 

Tag:
 ពាណិជ្ជកម្ម
  អង្ករ
  លោក លន់ យ៉េង
© រក្សាសិទ្ធិដោយ thmeythmey.com