ជាតិ
សម្ដេច ហ៊ុន សែន សម្រេចលុបគម្រោងតាមខេត្តនានា ពីក្រុមហ៊ុន លី ឈួង
03, Jan 2022 , 9:32 am        
រូបភាព
ពីពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង នៅថ្ងៃទី៣ មករានេះ សម្ដេច ហ៊ុន សែន សម្រេចឱ្យលុបចោលគម្រោងតាមខេត្តនានា ពីក្រុមហ៊ុន លី ឈួង សំណង និងអាហរ័ណ នីហរ័ណ ដែលផ្គត់ផ្គង់លើផ្នែកសំណង់ដ៏ធំនៅកម្ពុជា។



សម្ដេច ហ៊ុន សែន បានទទួលរបាយការណ៍ហិរញ្ញវត្ថុ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមកថា តាមបណ្ដាខេត្តនានា បានជំពាក់បំណុលក្រុមហ៊ុន លី ឈួង ជាច្រើន តាមរយៈការអនុវត្តគម្រោងផ្សេងៗ ដែលរដ្ឋាភិបាលមិនបានដឹង។ សម្ដេច បានបញ្ជាក់ថា ក្រុមហ៊ុន លី ឈួង នេះ ធ្លាប់លើកសំណើមករដ្ឋាភិបាល សុំអនុវត្តគម្រោងនានាតាមខេត្ត ប៉ុន្តែសម្ដេចមិនបានអនុញ្ញាតនោះទេ ។ 
 
ក្រោយពីសម្ដេច ហ៊ុន សែន បដិសេដលើគម្រោងនេះ ស្រាប់តែក្រុមហ៊ុន លី ឈួង បានទាក់ទងទៅអភិបាលខេត្តនានា ដោយអនុវត្តគម្រោងផ្គត់ផ្គង់សំណង់។ សម្ដេចចាត់ទុកទង្វើបែបនេះ ជាការរួមគំនិតបង្កើតអំពើពុករលួយ កេងប្រវ័ញ្ចថវិការដ្ឋាភិបាល។
 
សម្ដេច ហ៊ុន សែន បានព្រមានពីវិធានការសវនកម្ម(ត្រួតពិនិត្យលើការចំណាយ)របស់បណ្ដាខេត្តទាំងនោះផងដែរ។ សម្ដេចបានសង្កត់ធ្ងន់ថា បើអនុវត្តវិធានការសវនកម្មនេះ អភិបាលខេត្តនានា នឹងប្រឈមមុខដកចេញពីតំណែង។ 
 
បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា រាល់គម្រោងដែលបានអនុវត្តហើយ គឺអភិបាលខេត្តទាំងអស់ ត្រូវទូទាត់បំណុលឱ្យក្រុមហ៊ុន លី ឈួង នេះ រយៈពេល២០ឆ្នាំ ដោយរដ្ឋាភិបាល នឹងមិនចំណាយថវិកាសងជំនួសខេត្តនោះទេ។ បានន័យថា ខេត្តទាំងអស់ ត្រូវរកថវិកាសងត្រឡប់ទៅក្រុមហ៊ុននេះ ដោយខ្លួនឯង។
 
សម្ដេច បានបញ្ជាក់ថា ការធ្វើបែបនេះ ដើម្បីជាការព្រមានដល់ក្រុមហ៊ុន លី ឈួង និងក្រុមហ៊ុនដទៃ កុំឱ្យធ្វើសកម្មភាពអនុវត្តគម្រោងសាងសង់មុន ហើយសងប្រាក់តាមក្រោយ។ សម្ដេចចាត់ទុកការអនុវត្តគម្រោងហើយ ទូទាត់ប្រាក់តាមក្រោយនេះ វានឹងបង្កើតជាបំណុល ហើយនឹងអំពើពុករលួយ។ បើតាមសម្ដេច រាល់គម្រោងនានា លុះត្រាតែមានការអនុម័តចេញពីរដ្ឋាភិបាល។

Tag:
 ហ៊ុន សែន
  ហេដ្ឋារចនាសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com