អន្តរជាតិ
រដ្ឋមន្រ្តីការពារជាតិអាម៉េរិកឆ្លងជំងឺកូវីដ-១៩ បើទោះចាក់វ៉ាក់សាំង៣ដូសក៏ដោយ
03, Jan 2022 , 10:00 am        
រូបភាព
លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក។ រូបភាព៖ Twitter- Lloyd J. Austin III
លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក។ រូបភាព៖ Twitter- Lloyd J. Austin III
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន នៅថ្ងៃទី២ ខែមករា បានបញ្ជាក់ថា លោកមានផ្ទុកជំងឺកូវីដ-១៩ ប៉ុន្តែស្ថានភាពលោក ស្ថិតក្នុងកម្រិតស្រាលប៉ុណ្ណោះ។ ប្រមុខការពារជាតិអាម៉េរិករូបនេះ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួ ៣ដូស។

 
 
សរសេរលើបណ្តាញសង្គម Twitter រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន បានបញ្ជាក់យ៉ាងច្បាស់ថា លោក មានលទ្ធផលវិជ្ជមាននៃជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២ ខែមករា។ លោក អូស្ទីន បានធ្វើតេស្តជំងឺកូវីដ-១៩ បន្ទាប់ពីចេញរោគសញ្ញា ក្នុងអំឡុងពេលសម្រាកនៅផ្ទះ។ សុខភាពរបស់លោករដ្ឋមន្រ្តី កំពុងស្ថិតក្នុងសភាពធូរស្រាល។ លោក អូស្ទីន ទទួលបានវ៉ាក់សាំងចំនួន ៣ដូសរួចហើយក៏ដោយ។ 
 
«ដោយគ្រូពេទ្យបានប្រាប់ខ្ញុំយ៉ាងច្បាស់ថា ការទទួលបានវ៉ាក់សាំងពេញលេញ រួមទាំងដូសជំរុញនៅដើមខែតុលា បានធ្វើឱ្យស្ថានភាពជំងឺមានភាពធូរស្រាល»។ ប្រមុខការពារជាតិអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ។ 
 
ទន្ទឹមនេះ លោកអូស្ទីន ក៏បានអំពាវនាវឱ្យប្រជាជនដែលអាចចាក់វ៉ាក់សាំងដូសជំរុញ ទៅទទួលវ៉ាក់សាំងផងដែរ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ លោក អូស្ទីន នឹងស្នាក់នៅផ្ទះព្យាបាលជំងឺរយៈពេល ៥ថ្ងៃ និងចូលរួម ក្នុងកិច្ចប្រជុំសំខាន់តាមប្រព័ន្ធវីដេអូ និងបន្តទទួលបន្ទុកកិច្ចការទាំងអស់។ 
 
សូមបញ្ជាក់ថា មកទល់ពេលនេះ អាម៉េរិក បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រមាណ ៥០៨លានដូស ដល់ប្រជាជនខ្លួន ដោយប្រជាជនចំនួន ២០៤លាននាក់ បានទទួលវ៉ាក់សាំងពេញលេញ។ អាម៉េរិក នៅតែបន្តជាប្រទេស ដែលមានករណីឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេបំផុតលើពិភពលោក ពោលគឺមានករណីឆ្លងសរុបជាង ៥៦លានករណី និងអ្នកស្លាប់ចំនួន ៨៤ម៉ឺននាក់៕ 

Tag:
 អាម៉េរិក
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com