អន្តរជាតិ
​ប៉ូលិសហូឡង់ ចុះបំបែកក្រុមបាតុករដែលប្រឆាំងនឹងវិធានការបិទខ្ទប់ក្នុងក្រុងអាំស្ទែដាំ
03, Jan 2022 , 11:00 am        
រូបភាព
ប៉ូលិសហូឡង់ ចុះបំបែកបាតុកម្មប្រឆាំងវិធានការរឹតត្បិតរបស់រដ្ឋាភិបាលកាលពីខែធ្នូ ឆ្នាំ២០២១។ រូបថត AFP
ប៉ូលិសហូឡង់ ចុះបំបែកបាតុកម្មប្រឆាំងវិធានការរឹតត្បិតរបស់រដ្ឋាភិបាលកាលពីខែធ្នូ ឆ្នាំ២០២១។ រូបថត AFP
ដោយ:
ប៉ូលិសហូឡង់ ដែលប្រដាប់ដោយដំបង និងខែលការពារ ចុះបង្រ្កាបក្រុមបាតុកររាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នាក្នុងក្រុងអាំស្ទែដាំយ៉ាងអធិបតេយ្យ នៅថ្ងៃទី២ ខែមករា​។ ការតវ៉ានេះ មានគោលដៅប្រឆាំងនឹងវិធានការបិទខ្ទប់ និងការតម្រូវឱ្យ​​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ មនុស្សយ៉ាងតិច៣០នាក់ត្រូវបានចាប់ខ្លួន​ ខណៈប៉ូលិស៤នាក់រងរបួស។



ចាប់តាំងពីថ្ងៃទី១៩ ខែធ្នូមក​ ​ហូឡង់ដែលបានទទួលរងការវាយលុកពីរលកទី៤ នៃជំងឺកូវីដ-១៩ បានរឹតបន្តឹងវិធានការកាន់តែខ្លាំងបន្ថែមទៀត ដោយអនុវត្តវិធានការបិទខ្ទប់ប្រទេសជាថ្មីដើម្បីទប់ស្កាត់សន្ទុះករណីឆ្លងបង្កដោយវីរុសបំប្លែងខ្លួនអូមីក្រុង។ ការប្រមូលផ្តុំសាធារណៈលើសពី២នាក់ ត្រូវបានហាមឃាត់ ហើយកន្លែងផ្សេងទៀតដូចជាហាងណាមិនចាំបាច់ ហាងកាត់សក់ សារមន្ទីរ កន្លែងហាត់ប្រាណ ក៏ត្រូវបានដាក់បញ្ជាឱ្យបិទចាប់ពីថ្ងៃទី១៩ខែធ្នូ ដល់ថ្ងៃទី១៤ខែមករា។
 
វិធានការបិទខ្ទប់ដ៏តឹងតែងដោយរដ្ឋាភិបាល បណ្តាលឱ្យប្រជាជនហូឡង់មួយចំនួនមានការខឹងសម្បាខ្លាំង ដោយបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវិធានការនេះ។ ក្នុងបាតុកម្មនៅថ្ងៃទី២ខែធ្នូ មនុស្សយ៉ាងហោច៣០នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយក្រុមប៉ូលិស ខណៈមន្រ្តីប៉ូលិសចំនួន៤នាក់ទៀត បានរងរបួស។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមប៉ូលិស។
 
អភិបាលក្រុងអាំស្ទែដាំ លោក​ Femke Halsema បានចេញបទបញ្ជាបន្ទាន់មួយ ដោយផ្តល់អំណាចឱ្យប៉ូលិស ចុះប្រតិបត្តិបោសសម្អាតក្រុមបាតុករ ដែលបានប្រមូលផ្តុំគ្នាបំពាននៅការហាមឃាត់ ការជួបជុំសាធារណៈរបស់រដ្ឋាភិបាល។
 
ក្រុមបាតុករភាគច្រើន មិនបានពាក់ម៉ាស ឬគោរពវិធានការរក្សាគម្លាតសុវត្ថិភាពឡើយ ​ហើយព្រមទាំងប្រឆាំងនឹងបទបញ្ជាមិនឱ្យមានការហែក្បួន។ ពួកគេ បានដើរតាមដងផ្លូវធំៗដោយបានចាក់ភ្លេងខ្លាំង និងកាន់ឆ័ត្រពណ៌លឿង ដែលជាសញ្ញាបង្ហាញការប្រឆាំងនឹងវិធានការរបស់រដ្ឋាភិបាល។
 
អត្រាឆ្លងជំងឺកូវីដ-១៩ នៅហូឡង់ ត្រូវបានរាយការណ៍ថា បានធ្លាក់ចុះក្នុងប៉ុន្មានសបា្តហ៍ចុងក្រោយនេះ ដោយសារការដាក់ចេញវិធានបិទខ្ទប់ជាថ្មី និងការរឹតបន្តឹងវិធានការអំឡុងពេលរដូវឈប់សម្រាក។នៅថ្ងៃទី២ខែធ្នូ ​ហូឡង់បានរាយការណ៍ករណីឆ្លងថ្មីចំនួន ១៧,៥៣១នាក់ ដែលនាំឱ្យករណីឆ្លងសរុបក្នុងប្រទេស កើនដល់ជាង៣លាននាក់ និងស្លាប់ជាង២ម៉ឺននាក់៕

Tag:
 ហូឡង់
© រក្សាសិទ្ធិដោយ thmeythmey.com