អន្តរជាតិ
សារព័ត៌មានហុងកុង Citizen News ប្រកាសបិទទ្វារ ខណៈសេរីភាពប្រព័ន្ធផ្សព្វផ្សាយរឹតបន្តឹង
03, Jan 2022 , 12:29 pm        
រូបភាព
ដោយ:
គេហទំព័រព័ត៌មានអនឡាញឯករាជ្យរបស់ហុងកុង​ Citizen News នៅថ្ងៃទី២ ខែមករាប្រកាសថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការចាប់ពីថ្ងៃទី៤ ខែមករាតទៅ ដើម្បីធានាសុវត្ថិភាពរបស់បុគ្គលិក ខណៈប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងហុងកុងកំពុងប្រឈមមុខនឹងការរឹតបន្តឹងកាន់តែខ្លាំងឡើង។

 
ហុងកុងដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមអង់គ្លេសត្រូវបានប្រគល់ឱ្យចិនកាន់កាប់វិញនៅឆ្នាំ១៩៩៧ ទទួលបានការសន្យាថា សេរីភាពសិទ្ធិបុគ្គលរួមមានសេរីភាពសារព័ត៌មាននឹងត្រូវបានការការពារក្នុងរយៈពេល៥០ឆ្នាំ។ ប៉ុន្តែសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមសិទ្ធិមនុស្សលើកឡើងថា សេរីភាពត្រូវបានបំបិទបន្តិចម្តងៗ ជាពិសេសចាប់តាំងពីទីក្រុងប៉េកាំងបានដាក់ច្បាប់សន្តិសុខជាតិទៅលើទីក្រុងហុងកុងនៅឆ្នាំ ២០២០។
 
ប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការគាំទ្រប្រជាធិបតេយយ ត្រូវមើលឃើញថា​ ជាគោលដៅរបស់រដ្ឋាភិបាលហុងកុង ដោយអង្គភាពចំនួនពីរហើយរងការចំណាត់ការពីរដ្ឋាភិបាលទីក្រុង។​ នៅថ្ងៃទី២ ខែមករា សារព័ត៌មានអនឡាញ Citizen News ក៏ប្រកាសផ្អាកដំណើរការរបស់ខ្លួនដើម្បីសុវត្ថិភាព។
 
«គួរឱ្យសោកស្តាយចំពោះការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងសង្គម និងបរិយាកាសដ៏អាប់អួរនៃប្រព័ន្ធផ្សព្វផ្សាយដែល​ធ្វើឱ្យយើងមិនអាចសម្រេចគោលដៅរបស់យើងដោយគ្មានការភ័យខ្លាចបាន។ ចំពេលវិបត្តិនេះ យើងត្រូវធ្វើឱ្យប្រាកដថា មនុស្សរាល់គ្នាដែលជិះទូកជាមួយនេះមានសុវត្ថិភាព»។ Citizen News ប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២ ខែមករា។
 
សារព័ត៌មាន Citizen News ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ បញ្ជាក់នៅលើ Facebook ថា ខ្លួនមិនមានទំនាក់ទំនងជាមួយភាគីណាទេ ហើយគោលបំណងរបស់ប្រព័ន្ធផ្សព្វផ្សាយខ្លួននេះធ្វើឡើងដើម្បីលើកកម្ពស់តម្លៃស្នូលរបស់ហុងកុង ដូចជាសេរីភាព ភាពបើកចំហ ភាពចម្រុះ និងការទទួលបានព័ត៌មានស្មើៗគ្នា។
 
ការប្រកាសបិទប្រតិបត្តិការសារព័ត៌មានឯករាជ្យរបស់ហុងកុង Citizen News នេះកើតឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីប៉ូលិសហុងកុងឆ្មក់ចូលការិយាល័យសារព័ត៌មានអនឡាញរបស់ហុងកុង Stand News ។ ប៉ុន្មានម៉ោងក្រោយមក Stand News ក៏ប្រកាសបិទប្រតិបត្តិការរបស់ខ្លួន។ កម្លាំងប៉ូលិសហុងកុងបានចាប់ខ្លួនបុគ្គលិកពាក់ព័ន្ធមួយចំនួនរួមមាននិពន្ធនាយកស្តីទី និងអតីតនិពន្ធនាយកជាដើមដែលត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការចេញអត្ថបទផ្សាយធ្វើឱ្យមានការបះបោរ៕

Tag:
 ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com