អន្តរជាតិ
វៀតណាម​ ជំរុញឱ្យ​ចិន​បើក​​ព្រំដែន​ឡើងវិញ​ជា​បន្ទាន់​ ខណៈ​ការនាំចេញចូលទំនិញកំពុងរាំងស្ទះ
03, Jan 2022 , 1:59 pm        
រូបភាព
ឡានដឹកទំនិញឈប់សំចតនៅព្រំដែនចិន-វៀតណាម។ រូបថត Xinhua
ឡានដឹកទំនិញឈប់សំចតនៅព្រំដែនចិន-វៀតណាម។ រូបថត Xinhua
ក្រសួងពាណិជ្ជកម្មវៀតណាមបានជំរុញឱ្យអាជ្ញាធរខេត្តគ័ងស៊ីរបស់ចិន បើក​ច្រក​ព្រំដែន​ឡើងវិញ​ជា​បន្ទាន់ដើម្បីសម្រួលដឹកជញ្ជូនទំនិញ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម (VNA) កាលពីចុងសប្ដាហ៍មុន។ រថយន្តដឹកទំនិញជាច្រើនគ្រឿងបានកកស្ទះនៅព្រំដែនប្រទេសទាំងពីរ ខណៈរដ្ឋាភិបាលចិនបង្កើនការគ្រប់គ្រប់ព្រំដែនដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។

 
 
រូបភាព និងវីដេអូពីទីភ្នាក់ងារព័ត៌មានវៀតណាម បានបង្ហាញពីឡានដឹកទំនិញរាប់ពាន់គ្រឿងត្រូវ​បាន​ចតនៅតាមព្រំដែនវៀតណាម-ចិន បន្ទាប់ពីចិនរកឃើញករណីជំងឺកូវីដ-១៩ នាំចូលនៅក្នុងតំបន់ស្វយ័តគ័ងស៊ី។ វិធានការនេះ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់វៀតណាមជា​ខ្លាំងជា​ពិសេស​លើកា​រ​នាំចេញបន្លែ និងផ្លែឈើទៅកាន់ទីផ្សារចិន។
 
ខណៈរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវិធានការរឹតត្បិតរបស់ចិន ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងពាណិជ្ជកម្មវៀតណាមបានរិះគន់ថា វិធានការដ៏តឹងរ៉ឹងរបស់ចិនដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ គឺ​លើសពីតម្រូវការជាក់ស្ដែង ហើយចិនគួរតែបើកច្រកផ្លូវឡើងវិញ។ 
 
«ការរអាក់រអួលនេះ បានបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានលើផ្នែកពាណិជ្ជកម្មទ្វេភាគី និង​ការ​ខាតបង់យ៉ាងខ្លាំងដល់អាជីវកម្ម និងផលប្រយោជន៍ប្រជាជនទាំងសងខាង»។ ទីភ្នាក់ងារព័ត៌មាន VNA ស្រង់សំណេរពីក្រសួងពាណិជ្ជកម្មវៀតណាមបែបនេះ។
 
ជាការធ្លើយតប មន្ត្រីពាណិជ្ជកម្មតំបន់គ័ងស៊ីបានអះអាងថា ពួកគេនឹងពង្រីករយៈពេលក្នុ​ង​ការ​ត្រួត​ពិនិត្យទំនិញនាំចេញនាំចូល និងបញ្ជូន​សំណើ​របស់វៀតណាម​ទៅ​ថ្នាក់ទៀត។ នេះបើយោងតាម របាយការណ៍មួយពីភាគីចិនដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ។
 
គួរបញ្ជាក់ថា ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយ ហើយក៏ជាទីផ្សារដ៏ធំបំផុតសម្រាប់ផ្លែឈើ និងបន្លែ​របស់វៀតណាមផងដែរ។ ទិន្នន័យផ្លូវការបានបង្ហាញថា ចំណូលពាណិជ្ជកម្មនៃផលិតផល​កសិកម្ម​រវាង​ប្រទេសទាំងពីរក្នុងរយៈពេល១១ខែក្នុងឆ្នាំ២០២១ កើនឡើង១៩,៥​ភាគរយបើធៀប​នឹង​រយៈ​ពេល​ដូច​គ្នាកាលពីឆ្នាំ២០២០ ដែលមានចំនួនទឹកប្រាក់១១,៣ពាន់លានដុល្លារ៕

Tag:
 វៀតណាម
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com